Thursday, April 06, 2017

ការពិនិត្យប្រចាំឆ្នាំ លើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ២០១៦-២០១៨

នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ស្តីពីការពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (២០១៦-២០១៨) នៅសណ្ឋាគារភ្នំពេញ។
នៅក្នុងពិធីនេះ លោកបានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អង្គការអន្តរជាតិខាងការងារ(ILO) ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចបាន នូវអ្វីដែលចែងក្នុងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈឆ្នាំ២០១៤-២០១៨ ។
លោកបានរំលឹកផងដែរថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យ ចំនួន៤លើករួចមកហើយ។ជាមួយគ្នានេះសិក្ខាសាលានេះមានគោលបំណងពិនិត្យមើលអំពីសមិទ្ធិផលសំខាន់ៗ ដែលកម្ពុជា សមេ្រចបានក្នុងឆ្នាំ២០១៦ កំណត់សកម្មភាពការងារអាទិភាព គោលដៅសម្រាប់ឆ្នាំ២០១៧ និងការកំណត់ បញ្ហាប្រឈមសំខាន់ៗ ដើម្បីជម្រុញការអនុវត្ត សម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨ បន្តទៀត។ អាទិភាពសំខាន់ៗចំនួន៣ ដែលក្រសួងខិតខំសម្រេច អោយបាននោះរួមមាន៖
១ ការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការ។
២ ការលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កំណើនការងារសមរម្យ និងសហគ្រាសប្រកបដោយចីរភាពដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្សវ័យក្មេង។
៣ ការធ្វើឱ្យប្រសើរឡើង និងការពង្រីកកិច្ចគាំពារសង្គម ព្រមទាំងសុខភាព និងសុវត្ថិភាពការងារ។
លោកបានបន្តគូសបញ្ជាក់ផងដែរថាកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកំណែ ទម្រង់ប្រកបដោយប្រសិទ្ធភាពក្នុងផែនការយុទ្ធសាស្ត្រកម្មវិធីការងារសមរម្យដែលក្នុងនោះរួមមាន៖
១. កំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ដោយគួបផ្សំ អធិការកិច្ចជាតិ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំដៅកសាងនូវទំនុកចិត្ត និងភាពប្រាកដប្រជា ការអនុវត្តលក្ខខណ្ឌការងារ ស្របតាមច្បាប់ស្តីពីការងារ ការដោះស្រាយវិវាទការងារ តាមរយៈយន្តការត្រីភាគី ។
២. បង្កើននូវប្រសិទ្ធភាពការងារ ក្នុងការចរចានៅថ្នាក់មូលដ្ឋានតាមរយៈ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា។
៣. ការតម្លើងប្រាក់ឈ្នួលអប្បរមា សម្រាប់បងប្អូនកម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដោយប្រើប្រាស់នូវយន្តការត្រីភាគី ដោយផ្អែកលើកត្តាវិនិច្ឆ័យ ៣ រួមមានកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាអតិផរណា។
លោកបានធ្វើការអំពាវនាវ ចំពោះដៃគូរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក៏ដូចជាសមាគមនិយោជក អង្គការសហជីពកម្មករនិយោជិត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់។ សូមបន្តយកចិត្តដាក់ បន្តខិតខំ និងចូលរួមអនុវត្តឱ្យបានជោគជ័យនូវការកែទម្រង់ស៊ីជម្រៅទាំង៥ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០១៤-២០១៨ ជាពិសេសបន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងតាមរយៈការអនុវត្តច្បាប់ស្តីពីសហជីព គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារ ពង្រឹងការអនុវត្តច្បាប់បទប្បញ្ញត្តិនានា៕



No comments:

Post a Comment