Friday, February 17, 2017

ហ្វេសប៊ុក ចៅចាក់ស្មុក៖ មេឃនៅតែជាមេឃ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Chak​smok Chao ចៅចាក់ស្មុក» បានបង្ហោះផ្សាយនូវអត្ថបទរិះគន់មួយចំពោះលោក សូរ សមយុទ្ធ ដែលតាំងខ្លួនជាអ្នកយុទ្ធសាស្រ្តនៅពីក្រោយឆាកគណបក្សសង្រ្គោះជាតិ។
ហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយថា៖ ដោយសារតែម្សៀ សូរ សមយុទ្ធ តាំងខ្លួនជាអ្នកបកស្រាយច្បាប់ដោយសារតែខ្លួនបានរៀនផ្នែកច្បាប់អន្តរជាតិខ្លះៗ ខ្ញុំចង់ជួយបង្រៀនបន្ថែមពីច្បាប់ជាតិបន្តិចដល់ម្សៀ និងឱ្យចេះបកស្រាយដោយឈរលើគោលការណ៍ច្បាប់! ម្សៀត្រូវដឹងថាមេបក្សមានទោស ពេលខ្លះជារឿងផ្ទាល់ខ្លួនរបស់មេបក្ស មិនពាក់ព័ន្ធនឹងបក្ស ហើយបក្សក៏គេមិនរំលាយដែរ។ ឧទាហរណ៍ដូចជាករណីមេបក្សទៅចាប់រំលោភកូនស្រីគេ គេមិនដែលកាត់ទោស និងរំលាយបក្សទេ ប៉ុន្តែមេបក្សនោះ ក្រោយពេលជំនុំជម្រះក្តី និងទោស​ចូលជាស្ថាព័រហើយ គឺក្លាយទៅជាទណ្ឌិត ត្រូវចូលគុកអនុវត្តទោស ឬអាចរត់គេចខ្លួនទាំង​ស្ពាយទោសតាមខ្លួន ហើយពេលនោះហើយត្រូវបាត់បង់តំណែងពីប្រធានបក្ស។
ករណីសម រង្ស៊ី ដែលកំពុងស្ពាយទោសជាប់ខ្លួន បានរត់គេចទៅក្រៅប្រទេស រត់គេចពីទោស គឺជារឿងដែលបានកើតមុនច្បាប់ស្តីពីគណបក្សនយោបាយ ហើយជារឿងផ្ទាល់ខ្លួនលើករណីមាត់អត់គម្រប បរិហារកេរ្តិ៍ លោក ហោ ណាំហុង ប៉ុណ្ណោះ។ គោលការណ៍ច្បាប់មិនមានអនុ​ភាពប្រតិសកម្មនោះទេ ទាល់តែច្បាប់ចែងអំពីករណីនេះច្បាស់លាស់។ ម្សៀ សូរ សមយុទ្ធ គួរដើរសួរអ្នកសិក្សាឱ្យបានច្រើន មុនហារមាត់និយាយអំពីច្បាប់។ ករណីសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺមានអនុភាពត្រឹមការបាត់បង់តំណែងប្រធានដែលជាទណ្ឌិតតែប៉ុណ្ណោះ។ បើគណបក្សសង្គ្រោះជាតិ មិនព្រមដាក់មេបក្សអត់ទោសជំនួស ទើបបានវាខុសច្បាប់ ហើយបក្សអាច ប្រឈមនឹងការប្តឹង ដោយហេតុថាបក្សនោះមិនព្រមជ្រើសរើសប្រធានថ្មី ហើយបក្សអាចប្រឈមនឹងការប្តឹងរំលាយ ទៅតុលាការ ដោយហេតុថា បក្សនោះមិនព្រមជ្រើសរើសប្រធានថ្មី។
នេះអាចជាយោបល់ក៏បាន ជាមេរៀនក៏បាន សម្រាប់ ម្សៀ សូរ សមយុទ្ធ និងសូមជូយប្រាប់លោក យ៉ែម ប៊ុញ្ញាឫទ្ធិ ឬលោក កឹម សុខា ផង ដើម្បីសម្រេចមហិច្ឆតានយោបាយបានរបស់ខ្លួនតាមច្បាប់។
គួរឱ្យស្តាយ! គួរឱ្យស្តាយ! អ្នកដែលថាខ្លួនស្គាល់មេឃ ប៉ុន្តែមិនដឹងថាមេឃធំប៉ុណ្ណា! អ្នកដែលថាខ្លួនឯងស្គាល់សមុទ្រ ប៉ុន្តែមិនដឹងថាសមុទ្រ ជ្រៅ និងធំប៉ុណ្ណា! កង្កែបក្នុងក្អមបានត្រឹមតែឃើញមេឃប៉ុនក្អម ប៉ុន្តែមេឃនៅតែជាមេឃ៕

No comments:

Post a Comment