Friday, February 17, 2017

ប្រមុខ​រដ្ឋាភិបាល​កំណត់ឱ្យ​ធនាគារ​អេស៊ីលីដា ដូរឡូហ្គោ​រូបហង្សចេញ ដើម្បី​កុំឱ្យច្រលំ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អង្គប្រជុំគណៈរដ្ឋមន្រ្តី បានកំណត់ឱ្យធនាគារអេស៊ីលីដា ដូរឡូហ្គោរូបហង្សចេញ ដើម្បីកុំឱ្យច្រឡំជាមួយនឹង រូបឡូហ្គោ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការសម្រេចឱ្យធនាគារ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដាក់បំរាមដល់មន្រ្តីមូលដ្ឋានមិនឱ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន។
សូមជម្រាបផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានរបៀបវារៈ២រួមមាន ទី១-គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ បានអនុម័តរួចហើយ និងទី២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»៕




No comments:

Post a Comment