Friday, February 17, 2017

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ណែ​នាំឱ្យ​កែច្នៃតំបន់​អារ៉ែង ទៅជា​តំបន់ទេស​ចរណ៍ធម្មជា​តិវិញ​

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១-គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ ទី២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
សូមជម្រាបផងដែរថា ការស្នើឱ្យអភិវឌ្ឍតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ធ្លាប់បានស្នើឡើងដោយ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ក្នុងវេទិកានោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ត្រូវធ្វើយ៉ាងណាឱ្យតំបន់អារ៉ែង ក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ទេសចរ មកកម្សាន្ត និងទស្សនា៕




No comments:

Post a Comment