Monday, January 16, 2017

លោករដ្ឋមន្រ្តី អ៊ិត សំហេងអញ្ជើញចូលរួមក្នុងពិធីជួបជុំពិសារអាហារសាមគ្គីដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមក្នុងពិធីជួបជុំពិសារអាហារសាមគ្គី ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះគឺជាលើកទី១ ដែលពីធីនេះបានរៀបចំឡើងស្របនឹងការអបអរសាទរចូលឆ្នាំថ្មី និងខួបលើកទី៣៨ ទិវាជ័យជំនះ ៧មករា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាល ព្រមទាំងរួមសុខរួមទុក្ខ ជាមួយបងប្អូន ក្រុមគ្រួសារ សមាជិក សមាជិកា ដែលប្រកបរបររត់រ៉ឺម៉កកង់បី នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា ចំនួនជាង ៥០០០ នាក់។
លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីរំភើបរីករាយ ដែលបានជួបជុំជាមួយបងប្អូន រួមនឹងក្រុមគ្រួសារ ដែលប្រកបរបរកង់បី និងថ្លែងអំណរគុណចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ ដែលបានរៀបចំពិធីនេះឡើង និងសូមជូនពរក្នុងឱកាសឆ្នាំថ្មី និងទិវាជ័យជំនះ ៧មករា នាំមកនូវពរជយ័ជូនបងប្អូន និងក្រុមគ្រួសារ សូមមានសេរីសួស្ដីជយ័មង្គលវិបុលសុខ គ្រប់ប្រការ សូមរបររកសុីកាន់តែកាក់កប មានភ្ញៀវច្រើន មានប្រាក់ចំណូលច្រើន និងជីវភាពធូធារ ។
លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសសើ ចំពោះបងប្អូនដែលប្រកបរបររត់ម៉ូតូកង់បី ដែលបានរួមគ្នាបង្កើតសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា ដើម្បីអាចជួយគ្នាទៅវិញទៅមក ការពារប្រយោជន៍ស្របច្បាប់ ការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានាដើម្បីអជីវកម្មមានការរីកចម្រើន។ លោករដ្ឋមន្រ្តីបានចាត់ទុកមុខរបរនេះ ជាសេវាកម្មដឹកជញ្ជូនខ្នាតតូច ដែលមិនអាចខ្វះបាននៅក្នុងប្រទេស ប្រៀបដូចសសៃឈាមសង្គមបំរើជីភាពការងារ ទេសចរណ៍ មិនថាប្រទេសណាសុទ្ធតែមានសេវានេះដូចគ្នា។
លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនអំពី៖
១-សភាពការណ៍ប្រទេសជាតិដែលកំពុងមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើអោយកម្ពុជាមាន៖
-ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច៧%ការងារធ្វើ៩៩,៣%
-ជីវភាពធូធារ កសិករធ្វើស្រែចំការបានផល់ល្អសល់ស្រូវជាង៥លានតោន នាំចេញជាងកន្លះលានតោន ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ តម្លើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករឡើងដល់ ១៥៣ ដុល្លា រួមនិងអត្ថប្រយោជន៍ផ្សេងបានពី១៧០ ដុល្លា ដល់១៨១ ដុល្លា សម្រាប់ឆ្នាំ២០១៧ នេះ។
ការអភិវឌ្ឍទីក្រុង អគារខ្ពស់ ស្ពានអាកាស តំបន់សេដ្ឋកិច្ចពិសេស បូរីថ្មីៗ។
២-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែទម្រង់ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ
-អនុវត្តច្បាប់ស្ដីពីការងារការពារសិទ្ធកម្មករ ការពារវិនិយោគដោះស្រាយសំណូមពរគ្រប់ភាគីដោយយុតិ្តធម៌បន្ធូរបន្ថយការធ្វើបាតុកម្មខុសច្បាប់
-បណ្ដុះបណ្ដាលវិជ្ជាជីវៈ រកការងារធ្វើ ក្នុងប្រទេសនិងក្រៅប្រទេស
-ច្បាប់ស្ដីពីរបបសន្តិសុខសង្គម រៀបចំរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព របបចូលនិវត្តន៍
-ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល
៣-ក្នុងនាមថ្នាក់ដឹកនាំសូមអរគុណបងប្អូនដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងសូមស្វាគមន៍បងប្អូន ដែលចូលជាសមាជិកគណបក្សប្រជានកម្ពុជា និងសំណូមពរដល់សមាគម៖
-ត្រូវកសាងសមាគម បង្កើតសាខាបក្សរបស់សមាគមនៅជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-ការងារបោះឆ្នោតសុំចូលរួមឃោសនាអពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
-សុំសមាជិកគណបក្សទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់ៗគ្នា។
ជាមួយនេះ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាគមត្រូវខិតខំយកចិត្តទុកដាក់ពង្រីកសមាជិកបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពសមាគម និងចាត់ទុកសមាគមនេះជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអាចទទួលបាននូវរបបសន្តិសុខសង្គមដូចកម្មករនិយោជិត និងមន្រ្តីរាជការផងដែរ ហើយសន្យាថានឹងរៀបចំអោយមានការជួបគ្នាយ៉ាងតិច ១ដង ជារៀងរាល់ឆ្នាំ ៕


No comments:

Post a Comment