Monday, January 16, 2017

ក្រសួង​ពាណិជ្ជកម្ម ពន្លឿន​សេចក្តី​ព្រាងច្បាប់ ស្ដីពី​សុវត្ថិភាពម្ហូប​​អាហា​រ និង​ច្បា​ប់ការ​ពារអ្នក​ប្រើប្រាស់​ក្នុងឆ្នាំ២០១៧

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងពន្លឿនការ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ឱ្យបានរួចរាល់មុននឹងដាក់ទៅ គណៈរដ្ឋមន្រ្ដី និងរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់បានឆាប់រហ័សក្នុងឆ្នាំ២០១៧នេះ។
ក្នុងពិធីចុះពិនិត្យទំនិញ ម្ហូបអាហារ និងការធ្វើតេសមន្ទីរពិសោធន៍រថយន្ដចល័ត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅផ្សារអូរឬស្សី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ ក្រសួងបានរៀបចំ សេចក្ដីព្រាងច្បាប់ចប់រួចរាល់ហើយ និងកំពុងពិភាក្សាគ្នានៅថ្នាក់អន្ដរក្រសួង បន្ទាប់មកដាក់ចូល ទៅគណៈរដ្ឋមន្រ្ដី និងបញ្ចូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តជាផ្លូវការ។
លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ការជំរុញឱ្យច្បាប់ទាំងពីរនេះចេញបានឆាប់រហ័ស និងអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំនេះគឺដើម្បីចូលរួមជួយការពារសុវត្ថិភាពម្ហូបអាហារឱ្យបានត្រឹមត្រូវច្បាស់លាស់ ពិសេសផ្ដល់ទំនុកចិត្ដដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។
កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹង កាលពីថ្ងៃ ទី១៣ ខែមករានេះថា ការបង្កើត ច្បាប់ទាំងពីរនេះឡើង ដើម្បីដាក់ចេញនូវស្ដង់ដារមួយសម្រាប់អ្នករកស៊ីជួញដូរ និងការធ្វើអាជីវកម្មពាក់ ព័ន្ធនឹងវិស័យចំណីអាហារ ការលក់ដូរផលិតផល ទំនិញផ្សេងៗនៅកម្ពុជា ក្នុងការធានាគុណភាព សុវត្ថិភាព ដល់អ្នកប្រើប្រាស់។ កញ្ញាបានបន្ដថា នៅពេលដែលមានច្បាប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ប្រសិនបើមានហានិភ័យ ឬបញ្ហាអ្វីកើតឡើងបង្កប៉ះពាល់ដល់សុខភាព លើវិស័យម្ហូបអាហារ ឬផលិតផលណាមួយ នោះអ្នកទិញ ឬអ្នកប្រើប្រាស់អាចធ្វើការប្ដឹង ឬតវ៉ាទៅអ្នកលក់បានតាមផ្លូវច្បាប់។
កញ្ញាបានបន្ថែមថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់តាមគម្រោងនឹងបញ្ចប់ តាំងពីឆ្នាំ២០១៦មកម្លេះ ប៉ុន្ដែដោយសារក្រសួងចង់ឱ្យច្បាប់មួយចេញទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រូវមានការពិភាក្សាផ្លាស់ប្ដូរយោបល់ពីអ្នកជំនាញពាក់ព័ន្ធមកពីអន្ដរក្រសួងដោយ និងបានរៀបចំច្បាប់មួយ ឱ្យដើរទាន់សម័យកាលក្នុងការធ្វើអាជីវកម្ម ដើម្បីឆ្លើយតបទៅ នឹងការរស់នៅជាក់ស្ដែងក្នុងសង្គមកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញថា ក្នុងឆ្នាំ២០១៦កន្លង មកនេះ មន្រ្ដីកាំកុងត្រូលបានរឹបអូសផលិតផល ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់បានជាង ៣០តោន ហើយផលិតផលទាំងនោះភាគច្រើនជាប្រភេទម្ហូបអាហារ និងភេសជ្ជៈដែលមិនមានសុវត្ថិភាព៕

No comments:

Post a Comment