Monday, January 16, 2017

ពលរដ្ឋ​ប្រមាណ​២ពាន់​នាក់ តំណាង​ឲ្យ​ទាំង​១៣​ភូមិ​ក្នុង​ឃុំកុ​មារា​ជា ប្តេជ្ញា​បោះឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជាជន​ឲ្យបន្ត​ដឹកនាំ!

ប្រជាពលរដ្ឋប្រមាណជិត២ពាន់នាក់ បានលើកដៃគាំទ្រយ៉ាងពេញទំហឹង នូវសមិទ្ធផលភូមិឃុំដែលបក្សប្រជាជនកម្ពុជាបានអនុវត្ត និងប្តេជ្ញាគាំទ្រកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ៥ឆ្នាំបន្តទៀត។

ការមូលមតិគ្នាជាឯកច្ឆ័នគាំទ្រកម្មវិធីនយោបាយដែលបាននិងកំពុងធ្វើក្នុងអណត្តិទី៣ ឆ្នាំ២០១២ – ២០១៧ និងបន្តអនុវត្តសម្រាប់អណត្តិទី៤ ឆ្នាំ២០១៧ – ២០២២ខាងមុខ បានធ្វើឡើងនៅក្នុងសន្និបាតរបស់គណៈកម្មាធិការគណបក្សឃុំកុមារាជា ក្រោមអធិបតីភាពរបស់លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា នៃស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
ការប្តេជ្ញាចិត្តដោយឥតងាករេ បន្តគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះ បន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់នូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងឃុំរីកស្គុះស្គាយ កើតចេញពីកម្លាំងសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាគណៈកម្មាធិការបក្ស សាខាបក្សគ្រប់ភូមិទាំង១៣ក្នុងឃុំ រួមគ្នាអភិវឌ្ឍន៍ និងដោះស្រាយនូវរាល់ទុក្ខកង្វល់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ៥ឆ្នាំបន្ត ក្រុមប្រឹក្សាឃុំកុមារាជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារជាអាទិភាពសំខាន់ៗមួយចំនួនដូចជា ការផ្តល់សេវាសាធារណៈ ការធ្វើផ្លូវ ជួសជុល និងកសាងទំនប់ ប្រឡាយ អាងស្តុកទឹក លើកកំពស់សេដ្ឋកិច្ចគ្រួសារ ដោយស្វែងរកអ្នកវិនិយោគ និងដៃគូពាក់ព័ន្ធឲ្យមកចូលរួមកសាងបង្កើតរោងចក្រសហគ្រាសក្នុងឃុំ បង្កើតការងារថ្មីនៅនឹងកន្លែង ជួយដល់ប្រជាកសិករដែលឃុំនឹងរៀបបង្កើតឲ្យមានសហគមន៍កសិកម្ម និងរិះរកដៃគូរ និងលទ្ធភាពដើម្បីសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋ ការកសាងសមិទ្ធផលសាសនា ជាពិសេស គណៈកម្មាធិការបក្សឃុំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំរៀបចំឲ្យមានផ្សារសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋជាដើម។

លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា ការធានាបាននូវសុខសន្តិភាព គឺជាកត្តាដ៏សំខាន់បំផុតនៃការអភិវឌ្ឍភូមិឃុំ។ លោកបន្ថែមថា សមិទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងឃុំកុមារាជា ពិតជាបានមកដោយការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងចូលរួមដឹកនាំសកម្មភាពជាមួយក្រុមការងារថ្នាក់ជាតិ សប្បុរសជន អង្គការ សមាគម ជាពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់។
លោកក៏បានជម្រាបជូនអង្គសន្និបាតផងដែរថា នៅពេលឆាប់ៗខាងមុខ នៅក្នុងឃុំកុមារាជានឹងចាប់ផ្តើមបើកការដ្ឋានសាងសង់មណ្ឌលសុខភាព និងអនុវិទ្យាល័យដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាលរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុ សែនជាប្រមុខ។
សមិទ្ធផលថ្មីដែលនឹងកើតមាននាពេលខាងមុខ គឺពិតជសឆ្លើយតបទៅនឹងសេចក្តីត្រូវការបំផុតរបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ លោក ស្វាយ ស៊ីថា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុក្ខដាក់ខ្ពស់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវទប់ស្កាត់ និងបំបាត់ឲ្យបានជាដាច់ខាត បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបងតូចបងធំនៅក្នុងភូមិឃុំ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
នៅក្នុងសន្និបាត ក៏មានការបោះឆ្នោតស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការត្រៀមបោះឆ្នោតជាផ្លូវការនៅខែមិថុនា ឆ្នាំ២០១៧ខាងមុខផងដែរ ដោយមានបេក្ខជនឈរឈ្មោះក្នុងឃុំសម្រាប់ការបោះឆ្នោតស្ទង់មតិមានចំនួន៣១នាក់ ជ្រើសរើសយក៧នាក់សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។
សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ប្រមាណជិត២ពាន់នាក់ តំណាងឲ្យ១៣ភូមិក្នុងឃុំកុមារាជា ក៏បានសំដែងនូវការប្តេជ្ញាចិត្តទាំងអស់គ្នាថា នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ។
ទោះយ៉ាងណា ដើម្បីសម្រេចបាននូវជោគជ័យនាពេលខាងមុខ លោក ស្វាយ ស៊ីថា ក៍បានក្រើនរម្លឹកដល់បេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ដើម្បីគណបក្សបានរឹងមាំ និងត្រូវរួមគ្នាឲ្យបានខ្លាំងក្លាក្នុងការគិតគូដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមនានា និងត្រូវចូលរួមអភិវឌ្ឍន៍ភូមិឃុំឲ្យកាន់តែរីកចម្រើន។
សន្និបាតបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាភាតរៈក្នុងមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ ក្រុមការងារឃុំកុមារាជា
























No comments:

Post a Comment