Monday, January 16, 2017

ប្រតិ​ភូសភា​កម្ពុជា​ចូលរួម​កិច្ច​ប្រជុំគណៈ​កម្មការ​ប្រតិ​បត្តិ និងគណៈ​កម្មការស្រ្តី ក្នុង​​វេទិ​​កាស​ភា​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ប្រទេ​សហ្វីជី

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។       គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំនានានៃវេទិកាអន្តរសភានេះ ដោយក្នុងនោះ
លោក ឈាង វុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបតិ្ត ចំណែក លោកស្រីបាន ស្រីមុំ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការស្រ្តី។
កិច្ចប្រជុំទំាងពីរនេះបានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ International Fiji Resort ក្នុងទីក្រុងណាឌី ទីដែលសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៥ ក្រោមប្រធានបទ “ភាពជាដៃគូសភាសម្រាប់សន្តិភាព និងសន្តិសុខ : គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦” ។
លោក ឈាង វុន បានមានប្រសាសន៍ឱ្យដឹងថាកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៅពេលនេះ នឹងធ្វើការជ្រើសរើសប្រទេសតំណាងតំបន់អាស៊ីអាគ្នេយ៍មួយ ចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ជំនួសប្រទេសកម្ពុជា ដែលត្រូវចប់អាណត្តិ។ តាមលក្ខន្តិកៈរបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អាណត្តិសមាជិកគណៈកម្មការប្រតិបត្តិមានរយៈពេល ៤ឆ្នាំ។ ប្រទេសឡាវ នឹងត្រូវជ្រើសរើសជំនួសកម្ពុជា តាមលេខរៀងអក្សរឡាតាំង នៅក្នុងចំណោមប្រទេសចំនួន៨។ ក្រៅពីនេះកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនេះ នឹងប្រជុំដើម្បីរៀបចំឯកសារគោលសម្រាប់កិច្ចប្រជុំទាំងមូលលើកទី២៥ នេះផងដែរ។
ដោយឡែកចំពោះកិច្ចប្រជុំគណៈកម្មការស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលលោកស្រីបាន ស្រីមុំ ចូលរួមប្រជុំនោះវិញ នឹងធ្វើការពិនិត្យ ពិភាក្សាលើប្រធានបទ សមភាពយេនឌ័រ និងការជំរុញអំណាចស្រ្តីនិងកុមារ។ កិច្ចប្រជុំនេះនឹងពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេចមួយចំនួន ទាក់ទងនឹងបញ្ហាស្រ្តីនិងកុមារនេះដែរ ដូចជាសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីជំរុញស្រ្តីក្នុងវិស័យនយោបាយ និងការអភិវឌ្ឍន៍ដោយចីរភាព ជា
ដើម។
កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋហ្វីជី នឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាស្ថាប័នអន្តរសភាមួយដែលបានបង្កើតឡើងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់ឲ្យកាន់តែមានប្រសើរឡើង ក្នុងចក្ខុវិស័យដើម្បីជំរុញសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានសមាជិកចំនួន២៧ប្រទេស ហើយសភានៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ APPF នៅឆ្នាំ១៩៩៥ ៕

No comments:

Post a Comment