Monday, January 16, 2017

ប្រមុខរាជរដ្ឋាភិបាលកម្ពុជារួម និងគណៈប្រតិភូជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល​កម្ពុជាបានចាកចេញពីមាតុប្រទេស​ទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាល្ងាចថ្ងៃទី15 ខែមករានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុប្រទេសជិតមួយសប្តាហ៌  ទៅកាន់ទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ រួមនិងការបំពេញបេសកកម្មការទូតជាមួយភាគីអន្ផតរជាតិងដែរ។
ការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លូសស្វាប់ ដែលជាស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។
តាមការបញ្ជាក់របស់លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មុនពេលចេញដំណើរ បានអោយដឹងថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងចូលរួមកិច្ចប្រជុំចំនួន៨ ក្នុងនោះរួមមាន៖  ទី១.ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលនិងឯកជន! ទី២.ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ! ទី៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក! ទី៤. ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក! ទី៥. អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច? ទី៦.ការពិភាក្សាឯកជននៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤! ទី៧. វិថីអាស៊ាន ឬផ្លូវហាយវ៉េក្នុងពិភពលោកពោរពេញដោយភាពបែកបាក់! និងទី៨ ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ? ។
ជាងនេះទៀត ដោយសារនៅអឡុងខែឧសភា ឆ្នាំនេះ ប្រទេសកម្ពុជានឹងត្រវធ្វើជា ម្ចាស់ផ្ទះ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅឆ្នាំ២០១៧ផងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាន និងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើងថា «កម្ពុជា៖ផ្កាយកំពុងរះរបស់អាស៊ាន»។ ក្នុងនោះកម្ពុជាក៏នឹងដាក់បញ្ហាញជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជាសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានផងដែរ។  គួរបញ្ជាក់ថា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបប្រជុំថ្នាក់ដឹកនាំពិភពលោកកម្រិតខ្ពស់បំផុត រវាងរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅជារៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈស្តីពីពិភពលោក តំបន់ និងឧស្សាហកម្ម។
ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វាប ព្រមទាំងបណ្តាថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន! ទន្ទឹមនោះ លោក ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសស្វីសទៀតផង។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វ៊ីស នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន! លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ! លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត៕



No comments:

Post a Comment