Tuesday, January 10, 2017

រដ្ឋាករស្វយ័តសាធារណរថយន្តក្រុង​​​​​​​​​​​​​​​​​​​​ គ្រោងបង្កើនរថយន្តក្រុង​នៅពេលឆាប់ៗខាងមុខនេះដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណរថយន្តក្រុង ឱ្យកាន់តែប្រសើរ

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាករស្វយ័ត សាធារណរថយន្តក្រុង ដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណរថយន្តក្រុង ឱ្យកាន់តែប្រសើរ ថែមទៀត និងរកមធ្យោបាយអភិវឌ្ឍ វិស័យដឹកជញ្ជូនសាធារណតាមរថយន្តក្រុង ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ។
លោកបានបន្តទៀតថា សាលារាជធានីត្រៀមនឹង បង្កើនខ្សែរត់បន្ថែមទៀត ដោយសារចិន គ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០ គ្រឿងនៅពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានេះអង្គការ JICA របស់ជប៉ុន បានសម្រេចផ្តល់រថយន្ត ដល់សាលារាជធានី ចំនួន១៤០គ្រឿង ក្នុងនោះ៨០គ្រឿង ប្រគល់នៅខែធ្នូ ចុងឆ្នាំ២០១៧ និង៦០គ្រឿងទៀតឆ្នាំ
២០២០ ខាងមុខនេះ ៕
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាល ក៏បានបញ្ជាឱ្យ ប្រធានរដ្ឋាករស្វយ័ត្នត្រូវរៀបចំចំណតនីមួយៗ ឱ្យមានរបៀបរៀបរយឡើងវិញ ព្រោះកន្លងមកចំណតស្ទើរទាំងអស់ មានសភាពមិនសមរម្យ គ្មានអនាម័យបរិស្ថាន សម្រាប់អ្នករង់ចាំជិះរថយន្តឡើយ ធ្វើឱ្យអ្នកជិះគេធុញទ្រាន់មិនចង់ជិះ ។
ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ក៏បានណែនាំឱ្យអ្នកបើកបរ ត្រូវមានសុជីវធម៌ នៅក្នុងការបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍។ ដោយកន្លងមកសព្វថ្ងៃ គេសង្កេតឃើញថា អ្នកបើកបររថយន្តក្រុង និងរដ្ឋាករស្វយ័តមួយចំនួន មិនទាន់មានការបើកបរគោរពច្បាប់នៅឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ២០១៦ មានអ្នកជិះសរុបចំនួន ២,១៦៧,០២២នាក់ ក្នុងនោះអ្នកមានបង់ថ្លៃចំនួន ១,៣៤២,១២៩ នាក់
អ្នកឥតបង់ថ្លៃមានចំនួន ៨២៤,៨៩៣នាក់ ជាមធ្យម ជិះ៦ពាន់នាក់ក្នុងមួយថ្ងៃ និងរកចំណូលបាន ជាង២០ពាន់លានរៀល និងចំណាយ ជាង១៤ពាន់លានរៀល៕


No comments:

Post a Comment