Tuesday, January 10, 2017

ទូតភូមាប្រចាំកម្ពុជា អញ្ជើញលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងយ៉ានគួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម

 នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជាបានគោរពអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅទស្សនកិច្ចផ្លូវការនៅរដ្ឋធានីយ៉ានគួន ប្រទេសមីយ៉ាន់ម៉ា តាមពេលវេលាគួរសមណាមួយអំឡុងខែមករា ឆ្នាំ២០១៧នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ នេះបើតាមលោក ហុង បញ្ញារិទ្ធ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
លោក ហុង បញ្ញារិទ្ធ បានបន្តថា លោកឧបនាយករដ្ឋមន្រ្តី បានទទួលយល់ព្រមនឹងសំណើនេះដែរ ប៉ុន្តែដោយសារក្នុងខែមករានេះ លោកឧបនាយករដ្ឋមន្រ្តី មានធុរៈត្រូវបំពេញ ទើបសុំលើកថ្ងៃបំពេញទស្សនកិច្ចនេះ ទៅដល់ខែកុម្ភៈ ឬខែមិនាវិញ។ លោកឯកអគ្គរដ្ឋទូត មីយីន្ត សែវ ក៏បានយល់ព្រមនឹងការលើកពេលនេះផងដែរ ហើយរីករាយស្វាគមន៍វត្តមានរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ។
លោកឯកអគ្គរដ្ឋទូត មីយីន្ត សែវ បានបញ្ជាក់ថា គោលបំណងនៃគោរពអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាពេលនេះ គឺក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត រវាងកម្ពុជាជាមួយមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន ដែលស្នើឡើងដោយក្រសួងការបរទេសមីយ៉ាន់ម៉ា។
ដោយឡែក ចំពោះកិច្ចការងារចុះហត្ថលេខាណាមួយ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ហុង បញ្ញារិទ្ធ មិនទាន់អាចបញ្ជាក់ប្រាប់បានទេ៕



No comments:

Post a Comment