Tuesday, January 10, 2017

កម្ពុជា​ត្រៀម​ជាស្រេច​ក្នុងការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ប្រកបដោយ​សមត្ថភាព​ក្នុងវិស័យ​កាត់​ដេរ

ភ្នំពេញ៖ លោក ពេជ សោភណ័ រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា កម្ពុជាត្រៀមជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មប្រកបដោយសមត្ថភាព ដល់រោងចក្រសហគ្រាស និងកុ្រមហ៊ុនក្នុងនិងក្រៅប្រទេស ដែលអាចជួយកាត់បន្ថយការនាំចូលអ្នកជំនាញពីក្រៅ ប្រទេសបានមួយចំនួនធំ។ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ។
លោកបន្តថា វិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) នៅកម្ពុជា បានផ្តល់នូវសមត្ថភាពជូនយុវជនជាកម្មករឱ្យស្របតាមស្តង់ដារដែលកំណត់ដោយនិយោជក និងផ្នែកឧស្សាហកម្ម ហើយបានជួយកម្មករកាន់តែមានផលិតភាពខ្ពស់ និងសមត្ថភាពប្រកួតប្រជែងជំនាញទាំងក្នុងតំបន់និងសកលលោក។
លោកបន្តថា វិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ (TVET) មានតម្រូវការទីផ្សារខ្ពស់ ដូចជាជំនាញមេកានិច សំណង់ ធុរៈកិច្ច បច្ចេកវិទ្យាព័ត៌មាន កម្មន្តសាល អគ្គីសនី ក្រឡឹង កែច្នៃម្ហូបអាហារ និងផ្នែកសេវាកម្មមួយចំនួនទៀត ដើម្បីឱ្យយុវជនដែលបានបញ្ចប់ការសិក្សាមានសមត្ថភាពបម្រើការងារបានដូចៗគ្នា។
លោកក៏បានអះអាងថា ទោះបីយុវជនកម្ពុជាកំពុងទទួលបានផលជាវិជ្ជមានពីប្រពន្ធ័(TVET) នេះក៏ពិតមែន ប៉ុន្តែបើធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺមានភាពយឺតយ៉ាវ ដោយសារតែសមត្ថភាពគ្រូបង្រៀននៅមានកម្រិត។

លោករដ្ឋលេខាធិការបានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធបណ្តុះបណ្តាល TVET កាន់តែមានគុណភាព ក្រសួងបានបង្កើនការទំលាក់កញ្ចប់ថវិកា ដើម្បីធ្វើការបណ្តុះបណ្តាលសមត្ថភាពគ្រូ រួម ទំាងកម្មវិធីសិក្សាឱ្យបានកាន់តែល្អ សំដៅធ្វើឱ្យសិក្ខាកាមមានសមត្ថភាពជំនាញច្បាស់លាស់៕



No comments:

Post a Comment