Tuesday, January 10, 2017

នាយ​ករដ្ឋមន្ត្រី​កម្ពុជា-ឡាវ​អញ្ជើញ​ធ្វើ​ជាអធិប​តីភាព​ក្នុង​ពិធី​សម្ពោធ​អ​គារទី​​ស្នាក់​កា​រត្រួត​​ពិនិត្យ​ច្រក​អន្តរ​ជាតិ ត្រពាំង​ក្រៀល-ណង​ណុក​ខៀន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅព្រឹកថ្ងៃទី ១០ មករា ២០១៧នេះ។
នាឱកាសនោះផងដែរ លោក ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលជាប្រទេសមានភូមិផងរបងតែមួយ សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះស ។
លោកបានបន្តថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ព្រំដែនកម្ពុជា-ឡាវ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវបន្ថែមទៀត។ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀងរបស់កម្ពុជានិងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀនរបស់ឡាវបានតភ្ជាប់រវាងផ្លូវជាតិលេខ៧របស់កម្ពុជានិងផ្លូវជាតិលេខ១៣របស់ឡាវ ជាច្រករបៀងដឹកជញ្ជូនផ្លូវគោកដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ ក៏ដូចជា ក្នុងក្របខណ្ឌប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) និងបណ្តាប្រទេសក្នុងតំបន់មេគង្គផងដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា ការតភ្ជាប់នេះនឹងចូលរួមបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន បង្កើនលំហូរភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរនិងប្រទេសទីបី និងជួយសម្រួលដល់ការចរាចរទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក ហ៊ុន សែន មានប្រសាសន៍បន្តថា រដ្ឋាភិបាលកម្ពុជា-ឡាវ បានឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ លោកក៏បានជំរុញឱ្យអាជ្ញាធរនៃប្រទេសទាំងពីរបង្កើនការផ្សព្វផ្សាយអំពីការឯកភាពគ្នានេះ។ ក្រៅពីនេះ លោក ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បន្តសហការគ្នាឱ្យបានល្អ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ស្របតាមឯកភាពគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរកន្លងមក៕







No comments:

Post a Comment