Tuesday, January 10, 2017

ក្រសួង​បរិស្ថាន បើក​កិច្ច​ប្រជុំអន្តរ​ក្រសួង ស្តីពីកា​រពិនិ​ត្យ និងផ្តល់​យោបល់​លើរបាយការ​ណ៍វាយតម្លៃ​ហេតុប៉ះ​ពាល់បរិស្ថា​ន និង​សង្គម​ពេញលេញ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងបរិស្ថាន មានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងវិនិយោគដាំដំណាំកៅស៊ូ ដំឡូងមី ដំណាំ កសិឧស្សាហកម្មផ្សេងៗទៀត និងចិញ្ចឹមសត្វ នៅលើផ្ទៃដីសរុប ៧.១១៧,៨១ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងក្រហម និងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនៈគីរី របស់ក្រុមហ៊ុន Holley Eco-Industry (Cambodia) Co., Ltd. ដែលសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា Green Environment Group Co., Ltd. ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់ លោក សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់វិស័យកសិកម្ម និងការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តរតនៈគីរី តំណាងមន្ទីរបរិស្ថានខេត្តរតនៈគីរី តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាប្រធានលេខាធិការដ្ឋាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។

សូមជម្រាបផងដែរថា កិច្ចប្រជុំអន្តរក្រសួងនេះ បានពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា ១-ការចូលរួមថែរក្សា និងដាំដើមឈើឡើងវិញនៅតាមទ្រនាប់ដងអូរយ៉ាងតិចឱ្យបាន ១០០ ម៉ែត្រ ដើម្បីការពារការហូរច្រោះដី ការពារការបំពុលទឹកអូរ ជីវចម្រុះក្នុងទឹក ២ -ការពិនិត្យជម្ងឺឆ្លង Cassava Mosaic ទៅដំណាំដំឡូងមី ៣-ពិនិត្យលើទំហំផ្ទៃដីដែលបានចុះបញ្ជីស្ថាពររបស់ក្រុមហ៊ុនម្ចាស់គម្រោង ៤-ការពិនិត្យលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងគម្រោង និង៥-ការពិនិត្យទៅលើផែនការគ្រប់គ្រងបរិស្ថាន កម្មវិធីត្រួតពិនិត្យបរិស្ថាន និងប្រើប្រាស់នូវមូលនិធិបរិស្ថាន និងសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕


No comments:

Post a Comment