Tuesday, January 10, 2017

ការ​ពន្យា​រ​ពេល​បោះ​ឆ្នោត បាន​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​ប្រ​ទេស​ថៃ​

ក្រុមអ្នកវិភាគបានព្យាករណ៍ថា ការបាត់បង់ទំនុកចិត្តទៅលើលោក Prayut ដោយសារតែការផ្លាស់ប្តូរគោលជំហរ។
ខណៈដែលក្រុមអ្នកវិភាគរបស់ថៃភាគច្រើនបានព្យាករណ៍ថា ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរពីការសម្រេចចិត្តនៃរបបយោធាក្នុងការពន្យារពេលបោះឆ្នោតថ្នាក់ជាតិនោះ ក្រុមអ្នកសិក្សាស្រាវជ្រាវអន្តរជាតិបានព្រមានថា អ្នកវិនិយោគទុនបរទេសប្រហែលជានឹងបាត់បង់ទំនុកចិត្តលើរបបនេះ នៅពេលដែលនាយករដ្ឋមន្រ្តី Prayut Chan-o-cha ជាប្រមុខក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ជារឿយៗតែងតែខកខានដោយមិនបានរក្សានូវពាក្យសម្តីរបស់ខ្លួន។
លោក Yasuhito Asami នៃនាយកដ្ឋាននយោបាយសកលនៅឯសាកលវិទ្យាល័យ Hosei ក្នុងទីក្រុងតូក្យូបាននិយាយថា «ការពន្យារពេលបោះឆ្នោតថ្នាក់ជាតិ ពិតជានឹងធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តពីអន្តរជាតិមកលើរដ្ឋបាលលោក Prayut»។
លោក Asami បានបន្ថែមថា អ្នកវិនិយោគទុនបរទេសមានការយល់ឃើញផ្សេងៗគ្នា ថាតើការរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ នឹងមានផលប៉ះពាល់វិជ្ជមាន ឬអវិជ្ជមានលើសេដ្ឋកិច្ចថៃយ៉ាងណាក្នុងរយៈពេលខ្លី។ គាត់បាននិយាយថា បើទោះបីជាពួកគេជាច្រើននឹងចាត់ទុកថា រដ្ឋបាលលោក Prayut មិនអាចទុកចិត្តបានក៏ដោយ។
គាត់បាននិយាយថា «លោក Prayut បានកំពុងតែបំភ្លេចពាក្យសន្យាជាច្រើនដែលគាត់បានសន្យា។ ប្រសិនបើគាត់ខកខានដោយមិនបានរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដូចដែលគាត់បានសន្យាជាថ្មីម្តងទៀតទេនោះ ក្រុមអ្នកវិនិយោគទុនបរទេសនឹងយល់ថា វាពិបាកនឹងទុកចិត្តគាត់ក្នុងការបន្តគោលនយោបាយដទៃទៀត ដូចដែលគាត់បានសន្យា។ ក្រុមអ្នកវិនិយោគទុនចង់បានស្ថានភាពដែលអាចព្យាករណ៍បាន និងស្អប់ស្ថានភាពដែលមិនប្រាកដប្រជា»។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបន្ថែមថា ផលប៉ះពាល់អវិជ្ជមាននៃការពន្យារពេលបោះឆ្នោតមិនមែនជារឿងអស្ចារ្យនោះទេ ប្រសិនបើការបោះឆ្នោតត្រូវបានគេរៀបចំនៅពាក់កណ្តាលឆ្នាំ២០១៨។
លោក Asami ដែលបានសិក្សាពីកិច្ចការជាច្រើននៅក្នុងប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ និងនិយាយភាសាថៃយ៉ាងស្ទាត់ជំនាញបាននិយាយថា អ្នកវិនិយោគទុនបរទេសភាគច្រើនយល់ថា ការស្នងរាជ្យបន្តគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ជនជាតិថៃ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាលចំពោះលទ្ធិប្រជាធិបតេយ្យដល់កម្រិតណាមួយនោះ។
អ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុនរូបនេះ បាននិយាយថា «ក៏ប៉ុន្តែប្រសិនបើការបោះឆ្នោតត្រូវបានគេពន្យារពេលហួសពាក់កណ្តាលឆ្នាំ២០១៨ នោះ វានឹងបំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគទុនបរទេសយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ ហើយពួកគេនឹងបង្វែរការវិនិយោគទុនរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត»។
លោក Teerana Bhongmakapat ដែលជាអតីតសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ការពន្យារពេលបោះឆ្នោតនឹងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចឡើយ ហើយថាការប៉ះពាល់ណាមួយដែលបណ្តាលមកពីការផ្លាស់ប្តូរផែនទីបង្ហាញផ្លូវ នឹងពឹងផ្អែកទាំងស្រុងទៅលើហេតុផលមួយចំនួនដែលនៅពីក្រោយវា។
លោក Teerana បាននិយាយថា «ប្រសិនបើ វាគឺជាលទ្ធផលដែលល្អបំផុតនៃការតាក់តែងច្បាប់អង្គការ ក្រុមអ្នកវិនិយោគទុននឹងយល់ ដូច្នេះហើយការពន្យារពេលនេះ នឹងមានផលប៉ះពាល់វិជ្ជមាន។ ក៏ប៉ុន្តែប្រសិនបើ ច្បាប់នោះធ្វើមិនទាន់ពេលវេលាទេ ក្រុមអ្នកវិនិយោគទុនអាចមើលឃើញថា រដ្ឋាភិបាលមានរបៀបវារៈដែលមានការលាក់បាំងក្នុងការពន្យារពេលបោះឆ្នោត ដូច្នេះហើយវាប្រហែលជាអាចធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមាន»។
លោក Pairoj Wongwipanon ដែលជាអតីតព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Chulalongkorn បានចែករំលែកនូវទស្សនៈស្រដៀងគ្នា ដោយបាននិយាយថា វិស័យធុរកិច្ចប្រហែលជាមិនប៉ះពាល់ធ្ងន់ធ្ងរទេអំពីការបោះឆ្នោត។ អ្នកដែលស្គាល់ប្រទេសថៃនឹងមិនសម្លឹងមើលនូវការផ្លាស់ប្តូរណាមួយក្នុងរដ្ឋបាលនេះទេ។ គាត់បាននិយាយថា ពួកគេកាន់តែសម្លឹងមើលបន្ថែមទៀតទៅលើការអនុវត្ត និងគោលនយោបាយរបស់រដ្ឋាភិបាល។
លោក Trakoon Meechai អតីតសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Chulalokngkorn និងលោក Suriyasai Katasila ព្រឹទ្ធបុរសរងបាននិយាយថា ពួកគេបានយល់អំពីហេតុផលសម្រាប់ការផ្លាស់ប្តូរនេះ ហើយប្រជាជនទូទៅនឹងទទួលយកវា ថាជាការចាំបាច់មួយ។
លោក Trakoon បាននិយាយថា ការពន្យារពេលនេះ នឹងមិនធ្វើឱ្យមានភាពតានតឹងផ្នែកនយោបាយនោះទេ។ ស្ថានភាពដែលកំពុងប្រឈមមុខ ដូចជា បទបញ្ញត្តិពាក់ព័ន្ធនឹងផែនការ និងពិធីថ្វាយព្រះភ្លើង នឹងពន្យល់បានច្បាស់លាស់អំពីការពន្យារពេលនេះ។
គាត់បានបន្ថែមថា អ្នកនយោបាយនឹងមិនតវ៉ានោះទេ ពីព្រោះ វានឹងមានការលំបាកក្នុងការឃោសនានៅក្នុងការបោះឆ្នោតមួយ នៅពេលដែលប្រជាជននៅតែកាន់ទុក្ខ។ ការពន្យារពេលនេះ អាចធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើង ពីព្រោះគណបក្សនយោបាយមានពេលវេលាច្រើនក្នុងការត្រៀមសម្រាប់ការបោះឆ្នោត និងអនុម័តលើច្បាប់ថ្មីមុនពេលមានការបោះឆ្នោត។
សកម្មជនគាំទ្រសិទ្ធិមនុស្ស លោក Sunai រំពឹងថា នឹងមានការដាក់សម្ពាធលើរដ្ឋាភិបាលពីសហគមន៍អន្តរជាតិ។ ដូចដែលរដ្ឋាភិបាលបានសន្យាចំពោះបរទេសអំពីការបោះឆ្នោត ក៏ប៉ុន្តែ បរាជ័យក្នុងការរក្សាការសន្យានេះ លោក Sunai បាននិយាយថា កិត្តិសព្ទរបស់ខ្លួននឹងមិនអាចជៀសផុតពីការរងផលប៉ះពាល់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា អ្វីដែលសំខាន់ជាការបោះឆ្នោតទៅទៀតនោះ គឺបរិស្ថាននយោបាយមុនពេលបោះឆ្នោត។ នៅពេលមិត្តបរទេសទទួលយកនូវការពន្យារពេលការបោះឆ្នោតនេះ ពួកគេបានបញ្ជាក់អំពីសារៈសំខាន់នៃបរិយាកាស ដែលគួរត្រូវបានជំរុញឡើង ក្រោមការដឹកនាំបែបប្រជាធិបតេយ្យនៅថ្ងៃអនាគត។
លោក Sirote Klampaiboon អ្នកសិក្សាស្រាវជ្រាវឯករាជ្យបាននិយាយថា ភាពច្របូកច្របល់នឹងកើនឡើងក្នុងចំណោមប្រជាជន ដែលនៅស្ងប់ស្ងៀម ហើយមានជំនឿថា ការបោះឆ្នោតនឹងកើតមានឡើង។

គាត់បាននិយាយទៀតថា “នៅក្នុងរូបភាពដ៏ធំនេះ ភាពច្បាស់លាស់នៅក្នុងនយោបាយក្នុងពេលបច្ចុប្បន្នគឺស្ថិតនៅក្នុងផែនទីបង្ហាញផ្លូវ។ ក៏ប៉ុន្តែ ក្រោយមកទៀត វានឹងបន្តផ្លាស់ប្តូរ ដែលជាលទ្ធផលចេញពីភាពមិនច្បាស់លាស់”។ ខណៈដែលសារៈសំខាន់នៃផែនទីបង្ហាញផ្លូវគឺជាផែនការដើម្បីឱ្យមានការវិលត្រឡប់មកនូវរបបគ្រប់គ្រងបែបស៊ីវិល ហើយវានឹងមានការពង្រីកតទៅទៀតដោយគ្មានទីបញ្ចប់នោះ សំណួរគឺសួរថា តើយើងនឹងមានរដ្ឋាភិបាលស៊ីវិលមួយដែរ ឬយ៉ាងណា”៕
ប្រភព: The Nation ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧


No comments:

Post a Comment