Tuesday, May 03, 2016

អំណាចក្នុងការ​ឈ្លបព័ត៌មាន​ពីសំណាក់ឯក​ជន ដើម្បីផល​ប្រយោជន៍សន្តិ​សុខ ជាកាតព្វកិច្ចផ្លូវច្បាប់

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់ឯកឧត្តម ដោយបានបកស្រាយបញ្ហាមួយចំនួន ដើម្បីបំភ្លឺក៏ដូចជាឆ្លើយតបចំពោះលោក អ៊ូ វីរៈ ជូនដល់សាធារណមតិជាតិ និងអន្តរជាតិដើម្បីកុំឱ្យមានការយល់ខុស។

ឯកឧត្តម បានបំភ្លឺថានៅក្នុងបំណងបិទបាំងការពាររឿងអាស្រូវស្នេហាលួចលាក់របស់អនុប្រធានបក្សមួយ សង្គមស៊ីវិលមួយចំនួនរួមជាមួយលោក អ៊ូ វីរៈ បានបង្វែងការដឹងពីសាធារណជន ដោយយកបញ្ហាលបតាមដានព័ត៌មានរបស់ ACU ជាបញ្ហាគោល ជាជាងការពារនារីរងគ្រោះ ដោយការជួញដូរផ្លូវភេទ ពីអ្នកនយោបាយ ដែលអះអាងថា ខ្លួនស្មោះត្រង់ ស្អាតស្អំមិនស្មោគគ្រោក។

ឯកឧត្តម ផៃ ស៊ីផាន ក៏បានលើកឡើងថា រយៈកាលកន្លងមក ព័ត៌មានជាច្រើនបានឱ្យសាធារណជន យល់ពីការងារឈ្លបព័ត៌មានតាមទូរស័ព្ទ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រឆាំង នឹងអូស្ត្រាលី ពីរឿងឈ្លបព័ត៌មានតាមទូរស័ព្ទ រីឯកម្ពុជាវិញស្ថានទូតសហរដ្ឋអាមេរិក ក៏ត្រូវបានបណ្តាញព័ត៌មានថាជាមជ្ឈមណ្ឌលឈ្លបព័ត៌មានផងដែរ (វីគីលីគ)។ Home Land Security ជាស្ថាប័នសន្តិសុខជាតិរបស់ USA ក៏មានអំណាចក្នុងការឈ្លបព័ត៌មានពីសំណាក់ឯកជន ដើម្បីផលប្រយោជន៍សន្តិសុខ នោះមិនគិតអាជ្ញាធរអង់គ្លេស ក៏មានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការឈ្លបព័ត៌មាន ដើម្បីសន្តិសុខសង្គម ប្រឆាំងនឹងក្រុមនយោបាយជ្រុលនិយម នយោបាយហឹង្សា ដូច ACU កម្ពុជាដែរ។

ឯកឧត្តម ផៃ ស៊ីផាន ក៏បានបញ្ជាក់ថា ហេតុដូចម្តេចសារព័ត៌មាន RFA, VOA ដែលផ្សាយចេញពីសហរដ្ឋអាមេរិក ធ្វើព្រងើយ មិនដឹង មិនលឺ ក្នុងរឿងនេះ? ហេតុដូចម្តេចអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ហាក់ភ្ញាក់ផ្អើល នឹងសាច់រឿងនេះ? រីឯអ្នកវិភាគដែលមានសញ្ជាតិអាមេរិក បានសំដែងនិន្នាការគួរឲ្យខ្មាស់អៀន ក្នុងការបង្វែងរឿងស្នេហាអាស្រូវរបស់បក្សពួក ដោយលើកយករឿងច្បាប់ ដោយមិនគិតមកបកស្រាយជាសាធារណៈ?


ឯកឧត្តម ក៏បានលើកឡើងជាចម្ងល់សម្រាប់ ពិចារណាផងដែរថា តើគេទាំងអស់នោះឋិតនៅក្នុងអ្នកផ្តល់ព័ត៌មាន និងអ្នកវិភាគព័ត៌មានសុច្ចរិត សម្រាប់ការយល់ដឹងសង្គម ឬមួយក្រុមមាត់ដាចវាយប្រហារ (Tabloid) ជាជាងក្រុមរិះគន់ផ្តល់មតិ ឬព័ត៌មានឲ្យពិចារណា?


No comments:

Post a Comment