Tuesday, May 03, 2016

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅមុខប្រាសាទអង្គរវត្ត

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នារៀបចំសណ្តាប់​ធ្នាប់ចរាចរណ៍ឱ្យបានល្អ នៅមុខប្រាសាទ​អង្គរវត្ត ដើម្បីបង្កើនសោភ័ណ​ភាព និងបង្កភាពងាយ​ស្រួល ក្នុងការធ្វើដំណើរ។

ថ្លែងនៅលើ​បណ្តាញ​សង្គម Facebook នាថ្ងៃទី០៣ ខែឧសភា​ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ថា«យើងនាំគ្នាចូលរួមរៀបចំ ឱ្យមានសណ្តាប់​ធ្នាប់ចរាចរណ៍ល្អ នៅមុខប្រាសា​ទអង្គរវត្ត ដើម្បីលើក​ស្ទួយ កិត្យានុភាពនៃសម្បត្តិ​វប្បធម៌ពិភពលោក​ដ៏ល្បីល្បាញ»

ផ្លូវមុខប្រាសាទ​អង្គរវត្ត ត្រូវបានអាជ្ញាធរបិទ​ចរាចរចាប់ពី ខែឧសភា ឆ្នាំ២០១៦តទៅ ដោយមិនអនុញ្ញាតឱ្យរថ​យន្តឬម៉ូតូធ្វើដំណើរ ដូចមុននោះទេ។ ផ្លូវនេះគ្រាន់តែ​អនុញ្ញាតឱ្យ អ្នកថ្មើរជើង ដើរឬជិះកង់ប៉ុណ្ណោះ ដើម្បីកាត់បន្ថយការកកស្ទះ ដូចកន្លងមក។


សម្តេចតេ​ជោ ហ៊ុន សែន បានបន្ថែមទៀតថា «ចាប់ពីពេល​នេះតទៅ គឺមានតែអ្នកទេសច​រ​ថ្មើរជើង និងអ្នកជិះកង់ឬក្នុង​ករណីបន្ទាន់ ផ្សេងៗដូចជា​រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត​សង្គ្រោះបន្ទាន់ប៉ុណ្ណោះដែលអនុ​ញ្ញាត្តិឱ្យធ្វើដំណើរ​ត្រង់ទៅមុខប្រាសាទអង្គរវត្តបាន។ នេះគឺដើម្បី​សម្រួលការកកស្ទះចរាចរណ៍ ការថែរក្សាសណ្តាប់​ធ្នាប់សុវត្ថិភាព​ទេសចរណ៍ និងលើកសោភ័ណ​ភាពបរិវេណមុខ អង្គរអច្ឆរិយៈនៃព្រះរាជា​ណាចក្រកម្ពុជា»








No comments:

Post a Comment