Wednesday, December 09, 2015

គណៈ​ប្រតិភូ​ប្រព័ន្ធ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ប្រកាសគាំទ្រ​នូវរាល់​សកម្មភាព​របស់រាជ​រដ្ឋាភិបាល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុម​ប្រព័ន្ធ​អង្គ​ការ​សហ​ប្រជាជាតិប្រចាំកម្ពុជាដឹកនាំដោយ លោក​ស្រី Claire Van der Vaeren ចូលជួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារនៅ​ឯវិមាន​សន្ដិភាពទីស្ដីការនាយករដ្ឋមន្រ្ដី នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០​១​៥​នេះ។

ឯកឧត្ដម អ៊ាង សុផ​ល្លែ​​ត ជំនួយការផ្ទាល់សម្ដេច​តេជោ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ថា នៅក្នុងជំនួបនោះ​លោក​ស្រី Claire Van der Vaeren និងគណៈប្រតិភូបាន​គោរពនិងរាយការណ៍​ជូន​សម្ដេចតេជោ អំពីសកម្មភាព​​របស់អង្គការសហប្រជាជាតិផ្នែកអភិវឌ្ឍន៍ ផ្នែកសុខភាព ផ្នែកអប់រំ ផ្នែក​យេឌ័រ ផ្នែកអភិបាលកិច្ចល្អ ផ្នែកគាំពារសង្គម ផ្នែកសិទ្ធិមនុស្ស ផ្នែកយុវជន និងផ្នែកនៃការ​ឆ្លើយ​តប​ទៅ​នឹងការប្រែប្រួលអាកាសធាតុជាដើម។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដដែលនេះ គណៈប្រតិភូប្រព័ន្ធអង្គការ​ស​ហ​ប្រជាជាតិ បានគាំទ្រនូវរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល និងវាយតំលៃខ្ពស់នូវរាល់សកម្មភាព​ទាំង​​​នោះ។ បន្ថែមពីលើនេះគណៈប្រតិភូប្រព័ន្ធអង្គការសហប្រជាជាតិ បានគោរព​រា​យ​ការណ៍ជូនប្រ​មុខរាជរដ្ឋាភិបាលថា រាល់សកម្មភា​ពរបស់​អង្គការ​សហប្រជាជាតិនៅព្រះរាជាណា​ច​ក្រ​កម្ពុជា គឺស្រប​តាម​គោលការណ៍ គោលនយោបាយ និងយុត្ដិសាស្រ្ដរបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រព័ន្ធ​អង្គ​ការ​សហប្រជាជាតិទាំងមូលប្ដេជ្ញាចិត្ដ ក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួម​ចំ​ណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​​ដល់ប្រព័ន្ធអង្គការសហ​ប្រជាជាតិ​ទាំង​មូល ដែលបានចូលរួមចំណែកក្នុងជួយអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមក ហើយការរួមចំណែក​នេះ បាននាំឲ្យជោគជ័យសម្រាប់កម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍សហវត្សដែលបាន​ដាក់ចេញកន្លង​មក​។ ឆ្លៀតនៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យប្រព័ន្ធអង្គការសហប្រជាជាតិ ធ្វើការងារជាមួយន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ នោះ​គឺ​មូលដ្ឋានជោគជ័យទៅលើទិសដៅអភិវឌ្ឍន៍សហវត្ស ដើម្បីឆ្ពោះ​ទៅ​កាន់ជោគជ័យបន្ថែមទៀតលើ​គោល​អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានដាក់ចេញដោយអង្គកាសហប្រជាជាតិកន្លងមកនេះ។

ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រស​កម្ម​ភា​ពអង្គការសហប្រជាជាតិនៅកម្ពុជា ព្រោះទាំងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជា​ជាតិមាន​គោ​លដៅរួមគ្នា។ ប៉ុន្ដែ​អ្វីដែលជាកត្ដាសំខាន់នោះ គឺត្រូវនាំគ្នាកែប្រែគោលដៅនេះ ឲ្យទៅជាការងារ​ប្រកប​ដោយប្រសិទ្ធភាព។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ ពិនិត្យ និងលើកចិត្ដទុកដាក់ទៅលើការប្រែប្រួលអាកាសធាតុ ជាពិសេសការធន់នឹង​កំដៅ ​នៃដំណាំកសិកម្ម៕

អត្ថបទ៖ ប៊ុនធី


No comments:

Post a Comment