Wednesday, December 09, 2015

កម្ពុជា មានសន្តិភាព និងស្ថិរភាពនយោបាយ ទើបកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំសភាតំបន់អាស៊ី លើកទី៨ នេះ

សម្តេចនាយ​ករដ្ឋមន្ត្រី ហ៊ុនសែន បានចូលរួម​ថ្លែងសុន្ទរកថា បើកមហា​សន្និបាត សភាតំបន់អាស៊ី លើក​ទី0៨ នាព្រឹកថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២​០១៥នេះ។ ក្នុងមហាសន្និ​បាតសភាតំបន់​អាស៊ី ដែលមាន​សភា និងព្រឹទ្ធ​សភា នៃប្រទេ​សជា ច្រើនចូ​លរួម សម្តេច ហ៊ុន សែន បានលើកឡើងថា កម្ពុជា មានសន្តិ​ភាព និងស្ថិរភាពនយោ​បាយទើបកម្ពុជា​អាចធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ច​ប្រជុំសភាតំ​បន់អាស៊ីនាពេល​នេះ។

សម្តេច​តេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា "ដោយសារ​កម្ពុជាមានសន្តិ​ភាព និងស្ថេរភាពនយោ​បាយ ទើបយើងមានលទ្ធ​ភាពធ្វើជាម្ចាស់​ផ្ទះនៃការប្រជុំអន្ត​រជាតិដ៏ធំបែ​បនេះ ។ សូ​មជូនកិត្តិយសដែល​យើងទទួលបា​ននៃនយោ​បាយការបរទេ​សទាំងនេះ ប្រគេននិងជូ​នចំពោះព្រះសង្ឃ​និង បងប្អូនជនរួមជា​តិជាទីគោរពស្រ​ឡាញ់"។

សម្តេច​តេជោ ក៏បានបង្ហាញពី​ឬសគល់ដើម្បីរ​ក្សាសន្តិភាពនៅ​កម្ពុជា ដោយ រំលឹក​ពីប្រវត្តិ​ទុក្ខលំបាក​វេទនា កើតចេញពីភ្ល​ក់ភ្លើងសង្រ្គាម ដែ​លកម្ពុជាបានហែ​លឆ្លង ហើយ​សម្តេចក៏បានលើកបង្ហាញផងដែរ ពីឬសគល់មួយចំនួន ដើម្បីរក្សាឲ្យបានចេរកាលនូវសន្តិភាព ដែលកកម្ពុជារកបានមកដោ​យលំបាកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ​ផងដែរ។ ជាពិសេ​សសម្តេចតេជោ បានថ្លែ​ងរំលឹកថា ស្លាកស្នាម នៃភ្លើងសង្រ្គាមកា​លពី សតវត្សរ៍ទី ២០ ជាពិ​សេសដើមទសវ​ត្សរ៍ឆ្នាំ៧០ ដែលកើតចេ​ញពីជម្លោះរវាងខ្មែរ និងខ្មែរ បូ​ករួមទាំងមនោគមន៍វិជ្ជា ពីខាងក្រៅ​ផងនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងអន្ធការ និង រងទុក្ខវេទនាជាទីបំផុត។
                                                                                 
នៅចំពោះមុ​ខមេដឹកនាំក្នុងតំបន់​អាស៊ីប្រមាណជា ២០​០នាក់ សម្តេចតេជោ បានថ្លែងថា កា​រធ្វើរដ្ឋ ប្រហារ​ទម្លាក់អតីតព្រះមហាក្សត្រ ព្រះបរ​មរតនកោដ្ឋ នរោត្តម សីហនុ នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១​៩៧០ ពីសំណាក់សេ​នាប្រមុខ លន់ នល់ ដែលមានអា​មេរិកជាបង្អែកនោះ គ្រាប់បែករា​ប់លានតោនត្រូ​វបាន ទម្លាក់លើ​ទឹកដីកម្ពុជា។ ប្រជាពលរដ្ឋ​រាប់លាននាក់​ បានស្លាប់ របួស ពិការ និង និរាស្រ្តព្រាត់​ប្រាស់។ បន្ទាប់​ពីការហែលឆ្ល​ងភ្លើងសង្រ្គា​មនេះ វេទនាខ្លាំងណា​ស់ទៅហើយ​នោះ របបកម្ពុជា​ប្រជាធិបតេ​យ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់​ប៉ុលពត បានធ្វើឲ្យ​ពលរដ្ឋកម្ពុជា លំបាកកាន់តែខ្លាំងថែ​មទៀតដោយបានបំបិទសិ​ទ្ធិសេរីភាព និង ប្រល័​យអាយុជីវិតប្រជា​ពលរដ្ឋកម្ពុជា រហូតដ​ល់ប្រមាណ ៣លាន​នាក់។
សម្តេច​តេជោ ហ៊ុន សែន បានរំលឹ​កថា ទុក្ខវេទនារបស់ប្រ​ជាជន និងភាពខ្ទេចខ្ទាំរ​បស់ប្រទេសកម្ពុជា ត្រូវស្រោ​ចស្រង់ និង រំដោះចេ​ញពីក្រញាំបិសា​ចនៅថ្ងៃទី០៧ ខែ ម​ករា ឆ្នាំ១៩៧៩ ដោយកម្លាំ​ងសាមគ្គីរណសិ​ស្សសាមគ្គីសង្រ្គោះជា​តិ។ ទោះបីមា​នការរំដោះ​ប្រទេសចេញពី​របបប្រល័​យពូជសា​សន៍ តែកម្ពុជាមិនទាន់ទ​ទួលបានសន្តិភាព​ទាំងស្រុងនៅ​ឡើយទេ។
សម្តេច​តេជោ បានគូសបញ្ជាក់ទៀ​តថា ដោយការមើលឃើ​ញយ៉ាងច្បាស់ពីត​ម្រូវការចាំបាច់នូវស​ន្តិភាព របស់ប្រជាព​លរដ្ឋកម្ពុជានោះ ថ្នាក់ដឹកនាំ​កម្ពុជាគ្រប់ភាគី បានស្វែងរកកា​រចរចារហូតដ​ល់មានកិច្ចព្រមព្រៀងស​ន្តិភាពទីក្រុងប៉ារីស ២៣ តុ​លា ១៩៩១ និងការប្រើន​យោបាយ ឈ្នះ ឈ្នះ រហូតមា​នការបង្រួបប​ង្រួមជាតិទាំង​ស្រុងនៅឆ្នាំ​១៩៩៨ ដោយខ្មែរខ្លួនឯង តាម​រយៈការសម្រុះ​សម្រួល និងសម្បទា​នឲ្យគ្នា ដោយគ្មានកា​របង្គាប់បញ្ជពីខា​ងក្រៅនោះឡើយ។
សម្តេចបា​នគូសបញ្ជាក់​ថា «នេះគឺជាសច្ចភា​ពរបស់កម្ពុជា ​ដែលធ្វើឲ្យប្រជា​ជនយើងយ​ល់យ៉ាងច្បា​ស់អំពីគុណតម្លៃ នៃសុ​ខសន្តិភា​ព ហើយតែងប្រាថ្នា​មិនឲ្យត្រឡប់ទៅ​វិញជាដាច់ខាត»។​
                                 
សម្តេចតេ​ជោ ហ៊ុន សែន បានថ្លែងគូ​សបញ្ជាក់ប្រាប់បណ្តាមេ​ដឹកនាំ ដែល​ចូលរួមក្នុងមហាសន្និបាត APA ទៀតថា «ការរកស​ន្តិភាពមកបាន ​គឺជារឿងលំបាកណាស់ទៅហើ​យ តែការរក្សា​សន្តិភាពឲ្យ​ស្ថិតស្ថេរជាចេរកា​ល គឺកាន់តែ​លំបាកខ្លាំង​ថែមទៀត»
                                   
ដើម្បីរក្សា​សន្តិភាព ដែលកម្ពុជា​កំពុងមាន និង ជាបំណ​ងប្រាថ្នារបស់ប្រជាពលរ​ដ្ឋកម្ពុជានោះ សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញនូ​វឫសគល់មួ​យចំនួនទៀត ដែលកម្ពុ​ជាត្រូវអនុវ​ត្ត និងប្រកាន់​ខ្ជាប់។
ឬសគល់ទាំ​ងនោះរួមមាន៖ កា​រលើកកម្ពស់វប្បធម៌​អហិង្សា ការគោរពសិ​ទ្ធិ សេចក្តីថ្លៃថ្នូររប​ស់មនុស្ស ការលើកតម្កើង​លទ្ធិប្រជាធិបតេយ្យ​ និងអភិបាលកិច្ចល្អ គោរ​ពម៉ឺងម៉ាត់ ម៉ត់ចត់ឥត​ងាករេនូវនីតិរដ្ឋ។ ជាពិសេសខិតខំបន្ថយភាព​ក្រីក្រក្នុងប្រទេស និងកែលំអរជីវភា​ពរបស់ប្រ​ជាជន៕


អត្ថបទៈ តាំង ករុណា

No comments:

Post a Comment