Wednesday, December 09, 2015

ប្រធាន​ប្រតិភូមិ​ត្តភាព​ជប៉ុន-កម្ពុជា វាយ​តម្លៃ​ខ្ពស់អំពី​ការ​រីកចំរើន​លើគ្រប់​វិស័យ​ក្នុង​រយៈ១០ឆ្នាំ​ចុង​ក្រោយ​របស់​កម្ពុជា

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នៅរសៀល​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នេះ បាន អនុញ្ញាតិ​ឲ្យប្រតិភូ​មិត្តភាព​ជប៉ុន-កម្ពុជា ដឹកនាំដោយ​ឯកឧត្តម ម៉ាស្សា ហិរ៉ុ ​ចូលជួប​សម្តែងការ​គួរសម និង​ពិភាក្សា​ការងារ នាវិមាន​សន្តិភាព។
ឯកឧត្តម​ប្រធាន​ប្រតិភូ មិត្តភាពជប៉ុន-កម្ពុជា បានជម្រាបជូន​សម្តេចតេជោ នាយករដ្ឋ​មន្ត្រីថា ដំណើរ​ទស្សន​កិច្ចរបស់​ឯកឧត្តម មកកាន់​កម្ពុជានៅ​ពេលនេះ គឺដើម្បីចូល​រួមខួប​៥០ឆ្នាំ នៃក្រុម​ស្ម័គ្រចិត្តយុវជន​ជប៉ុន​សម្រាប់ ប្រតិបត្តិការ​ក្រៅប្រទេស។ លោកបាន​វាយតម្លៃខ្ពស់​ថា ក្រោមការ​ដឹក​នាំ​របស់​សម្តេចតេជោ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើ​លើគ្រប់វិស័យ គួរឲ្យ​កត់សម្គាល់ ពិសេស​រយៈពេល​១០ចុងក្រោយ​នេះ ហើយកា​ររីកចម្រើន​ទាំងអស់នេះ បានឆ្លុះ​បញ្ចាំងឲ្យឃើញ​ពីការដឹកនាំ ពីការដឹកនាំ​ប្រកបដោ​យ​ស្នាដៃ និងទេព្យ​កោសល្យ ពីប្រមុខ​រាជរដ្ឋាភិបាល របស់​សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម​បានបន្តថា បន្ទាប់ពី​មានកិច្ច​ព្រមព្រៀង​គាំពារអ្នក​វិនិយោគកន្លងមក បានរួម​ចំណែក​ជម្រុញ និងទាក់​ទាញអ្នក​វិនិយោគ និង​​ភ្ញៀវ​ទេសចរណ៍ជប៉ុន បន្តចូល​មកកាន់​កម្ពុជា មានចំនួន​កើនឡើងគួរ​ឲ្យកត់​សម្គាល់ ក្នុង​ន័យនេះ ឯកឧត្តម​ប្រធានប្រតិភូ នឹងជម្រុញ​ឲ្យ​សភាជប៉ុន​អនុម័ត ឲ្យមាន​ការហោះហើរត្រង់​មកកាន់​កម្ពុជា ដើម្បីជា​ការគាំទ្រ​ដល់ការកើន​ឡើង នៃចំនួន​អ្នកវិនិយោគ និងភ្ញៀវទេស​ចរណ៍ជប៉ុន មកកាន់​កម្ពុជា។

ជាការឆ្លើយ​តប​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានមាន​ប្រសាសន៍​ថា បន្ថែម​ពីលើ​ទិវាខួប៥០ឆ្នាំ នៃក្រុមស្ម័គ្រ​ចិត្តយុវជន​ជប៉ុនសម្រាប់ ប្រតិបត្តិការ​ក្រៅប្រទេស​នេះ គួរ​មាន​សកម្មភាព​ផ្សេងៗ​បន្ថែម​ទៀត លើសកម្មភាព​ដែលមាន​ស្រាប់ ដូចជា​កម្មវិធី​នាវាយុវជន​អាស៊ាន​-ជប៉ុន​ជាដើម ដោយ​សកម្មភាព​នេះ បានជម្រុញ​សកម្មភាព​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​រវាង​យុវជន និងយុវជន។ 

សម្តេច​ក៏បានថ្លែង​អំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាល​ជប៉ុន ដែលបានចូលរួម​ចំណែក ជួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា ជាក់ស្តែង​ដូចជា​ការត​ភ្ជាប់ច្រក​របៀង​ខាងត្បូង ​តាមរយៈស្ពាន​តឹ​បាហ្សា នឹងបន្ត​ក្នុង​គម្រោង​បន្ថែម​ទៀត នៅ​ខេត្តកោះកុង និងប្រទេសថៃ ហើយអ្វីដែល​សម្តេចកំពុង​រង់ចាំ​បំផុតនោះ គឺការហោះ​ហើរ​ត្រង់ ពីជប៉ុន​មកកាន់​កម្ពុជា៕





No comments:

Post a Comment