Friday, July 10, 2015

ឯកឧត្តម ស្វាយ ស៊ីថា វាយតម្លៃខ្ពស់ចំពោះមន្ត្រីមូលដ្ឋានដែលអនុវត្តបានជោគជ័យ ដើម្បីភូមិឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈបានល្អប្រសើរ

តាងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយខេត្ត​តាកែវ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​ថ្នាក់​ជាតិចុះមូលដ្ឋាន ឃុំកុមាររាជា បាន​ដឹក​នាំ​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក​បន្ទា​ប់​​ពី​បើក​កិច្ច​ប្រជុំ​កាលពី​ខែឧសភា ដោយ​បាន​វាយតម្លៃ​ខ្ពស់​អំ​ពី ជោគ​ជ័យ​ដែល​ថ្នាក់​មូលដ្ឋា​ន​​អនុវត្ត​មាន​ប្រសិទ្ធភាព​នៃ​​​គោល​នយោបាយ​​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការ​ផ្តល់​សេវា​សាធា​រណៈ​បាន​ល្អ​ប្រសើរជូនប្រជា​ពលរដ្ឋ​។

កិច្ច​ប្រជុំ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​បាទី កាលពី​​ចុង​សប្តាហ៍​កន្លង​ទៅ​ ដោយ​មាន​ការ​ចូល​​រួម​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ ស្នង​ការ​ររង​នគរបាល​ខេត្ត​​ អធិការស្រុក ក្រុមប្រឹក្សា នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ​ប្រធានភូមិ​ និង​តំ​ណាង​យុវជន​នៃ​សម្ព័ន្ធ​យុវជន​កម្ពុជា​ទាំង​១៣ភូមិ ក្នុង​ឃុំ​​កុមារ​រាជា​ សរុប​ប្រមាណ​ជាង​១០០នាក់​។​


លោក លឹម​ លី តំ​ណាង​ក្រុមប្រឹក្សាឃុំ បាន​ឡើង​មាន​ប្រសាសន៍​អំ​ពីស្ថាន​ភាព​ទូ​ទៅរបស់​ប្រជា​ពល​រដ្ឋ​ ដោយ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​បាន​ទទួល​នូវ​ភាព​កកក់​ក្តៅ​ និង​​​សប្បា​យ​​រីក​រាយ ជា​មួយ​នឹង​សកម្មភាពចុះ​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំជា​ប្រចាំ​របស់​ក្រុម​ការ​ងារ​​ថ្នាក់​ជាតិ នៅ​​តាម​គ្រប់​ភូមិ​ទាំង​១៣ ដូច​ជា​ ការចុះ​សំ​ណេះសំ​ណាលសួរ​សុខទុក្ខ ស្វែង​យល់​ពី​តម្រូវការ​ជាក់​ស្តែង​ ការ​ផ្តល់​ថវិការ​ដើម្បី​ជួសជុល​ទ្វាទឹក​ រិះ​រក​វិធី​ស្តាអណ្តូង ស្រះ ជូន​​ប្រជាព​ល​រដ្ឋប្រើប្រាស់​ ចុះ​ជួប​ផ្ទាល់សម្រួល​ការ​លំ​បាកដល់ប្រជា​ពល​រដ្ឋ​​​ជួប​នូវ​ខ្យល់​កន្ត្រាក់​ដួល​​​​​រលំ​ផ្ទះ​ ឧបត្ថម្ភ​មនុស្ស​ចាស់​​​​ជរាក្នុង​ភូមិ ការ​ចូល​រួម​នៃ​សកម្ម​ភាព​​មនុស្ស​ធម៌​តាម​រយៈការ​ចុះ​ចែក​ឃីត​ជា​សម្ភារៈដល់​ស្ត្រី​ជា​ម្តាយ​ និង​ទារក​ដែលទើប​នឹង​សម្រាល​កូន​កាល​ពី​ខែ​មិថុនាប្រមាណ​២៨​គ្រួសារ​ ​ ឧបត្ថម្ភថវិកា​ក្នុង​​ពិធី​បុណ្យ​សពប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ជា​បន្ត​បន្ទាប់ និង​ការ​ទទួលយក​សំ​ណើរមួយ​ចំ​នួន​ទៀត​ ដើម្បី​​ស្វែក​រក​វិធីដោះ​ស្រាយ​ ជាដើម​។  

បន្ទាប់​មក​ឯកឧត្តម​ ស្វាយ​ សុវណ្ណ​រិទ្ធ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិចុះ​ឃុំ​កុមាររាជា បាន​ឡើង​បូក​សរុប​ពី​សកម្មភាពការងារ​មួយ​ចំ​នួន​ដែលអាជ្ញាធរ​​ក្នុង​មូលដ្ឋាន​ ចាំ​បាច់​ត្រូវ​រួម​គ្នា​ពង្រឹង​បន្ថែម​ ដើម្បីធានាសេចក្តី​សុខ សុវត្ថិភាព​ និង​ការ​អភិវឌ្ឍ​ជូនប្រជា​ពលរដ្ឋ​ ក្នុង​នោះ​ដូចជា​ការ​បន្តពង្រឹង​ការ​ផ្តល់​សេវាសាធារណៈ និង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ គឺ​ជា​ការ​ងារ​អាទិ​ភាព។
លោក ង៉ាន់ សារិ អធិការនគរបាល​ស្រុក​បាទី​ និង​លោកមេប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ កុមាររាជា​ បាន​​ជម្រាប​អំ​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​អត្តសញ្ញាបណ្ណ បាន​ជាង​៥​ពាន់​នាក់​​ក្នុង​ឃុំ និង​បាន​ប្តេជ្ញាបន្ត​កាត់​បន្ថយ នឹង​ទប់​ស្កាត់​បទ​ល្មើសនានា ជា​ពិសេស ទប់​ស្កាត់​ការ​ចែក​ចាយ​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ។


ឯកឧត្តម​ ស្វាយ ស៊ី​ថា ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​កុមាររាជា បាន​មានប្រសាសន៍​ដោយ​កោត​សរសើរដល់សមត្ថកិច្ច​ និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​បានអនុវត្ត​តាម​ការ​ណែ​នាំកាលពី​កិច្ច​ប្រជុំ​កន្លង​មក​​ និង​​បាន​ជម្រុញ​​​ឲ្យ​ក្រុម​ការងារ​ទាំង​អស់ត្រូវ​​បន្តធ្វើ​អំ​ពើ​ល្អ​ជានិច្ច​ជា​មួយ​ប្រជា​ពល​​រដ្ឋ​ និង​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ស្វែង​យល់​ និង​ដោះ​ស្រាយ​ទុក្ខ​លំ​បាកជាក់​ស្តែង​ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​ និង​ត្រូវ​ខិត​ខំ​លុប​បំបាត់​នូវ​ចំ​ណុចអសកម្មនានារបស់​ខ្លួន​យើង​ជា​មន្ត្រី​ និង​សមត្ថកិច្ច បង្កើន​ប្រសិទ្ធ​ភាព​​​​ការ​ផ្តល់​សេវាសាធារណៈឲ្យ​បាន​ល្អជូនប្រជាពលរដ្ឋដោយស្មោះ​ស្ម័គ្រ​ អស់​ពី​ចិត្ត​​​ និង​សំ​នូម​ពរដាច់​ខាត​មិន​ឲ្យ​អាជ្ញា​ធរ​​​ទារប្រាក់​បន្ថែម​ពី​ប្រជា​ពល​រដ្ឋ​​លើ​សេវា​នានា ដូចជា​ការ​ធ្វើ​អត្តៈសញ្ញាបណ្ណ សំ​បុត្រ​កំ​ណើត សំ​បុត្រ​​មរណៈភាព​ សៀវ​ភៅ​គ្រួសារ​ ។ល។ និង​។ល។


ឯកឧត្តម ស្វាយ ស៊ីថា បាន​ជម្រុញ​ឲ្យ​បន្តលុបបំ​បាត់​ឲ្យ​អស់កំ​រិត​អប្បបរមា ក្នុង​មូលដ្ឋាននូវការ​​ចែក​ចាយ​គ្រឿង​ញៀន​ និង​ការ​លួចឆក់ ​ ប៉ុន្តែការងារ​នេះ​ទទួល​បាន​ជោគ​ជ័យ​ ឯកឧត្តម មាន​ប្រសាស​ន៍​ថា​មិន​អាច​កាត់​ផ្តាច់​បាន​ទេពី​ការ​ចូល​រួមរបស់​ប្រជាពលរដ្ឋ​ ។ ឯកឧត្តម ស្វាយ ស៊ី​ថា បាន​ចាត់​ទុក​ទុក្ខកង្វល់​ធំ​របស់​ប្រជា​ពល​រដ្ឋ​ដែល​​កំ​ពុង​ប្រឈម​ ដែល​ចាំបាច់​ត្រូវ​រក​វិធី​ដោះ​ស្រាយ​ ខាន​មិន​បាន​នោះ​ គឺ​ទឹក​ស្អាត​ប្រើប្រាស់ ទឹក​ស្រោចដំ​ណាំ​ និង​បង្ក​បង្កើន​ផល​។  


ដោយ​សារ​ពិនិត្យ​ឃើញ​ថា នៅ​ក្នុងឃុំ​កុមាររាជាមាន​កំ​ណើនសិស្សជា​បន្ត​បន្ទាប់ ក្នុង​ឱកាសនោះ ឯកឧត្តម ស្វាយ ស៊ី​ថា ក៏​បាន​ទទួល​យកផង​ដែរ​នូវសំ​ណើររបស់​តំ​ណាង​គ្រូ​បង្រៀន​ បុគ្គលិក​សិក្សា ឃុំ​កុមាររាជា ដើម្បី​គោរព​ស្នើ​សុំ​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​ពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សាង​សង់​សាលារៀន​អនុវិទ្យា​ល័យ​១ខ្នង ពីរជាន់​ ១២បន្ទប់ និង​អគារ​ទី​ចាត់​ការ១ ដែល​សព្វ​ថ្ងៃ​ មិន​ទាន់​មាន​សាលាអនុវិទ្យាល័យ​នៅ​ឡើយ ហើយ​បាននិង​កំ​ពុង​ខ្ចី​អគារ​សិក្សា សាលាបឋម​សិក្សា​ដែល​ចាស់​ទ្រុឌទ្រោម​បង្រៀន​សិស្ស ។ បន្ទាប់​មក ​នៅ​ពេល​បិទបញ្ចប់​​កិច្ច​ប្រជុំ​ ថ្នាក់​ដឹក​នាំ​ និងក្រុម​ការងារ​​ទាំង​អស់​បាន​ចូល​រួម​ពិសារ​អាហារ​រួម​គ្នា​ ក្នុង​បរិយាកាសរីករាយ​ស្និទ្ធស្នាល​ដ៏​ក្រៃលែង​៕​

អត្ថបទ៖ ក្រុ​ម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ

កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ









No comments:

Post a Comment