Friday, July 10, 2015

ឯកឧត្តម ឈាង វុន ទាមទារឲ្យមានការបំភ្លឺ ពីចាងហ្វាងការសែតភ្នំពេញប៉ុស្តិ៍ ចំពោះការចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះ

យោងតាម​លិខិតរបស់​ឯកឧត្តម ​ឈាង វុន ​សមាជិកគណៈ​កម្មាធិការអចិន្ត្រៃយ៍​នៃររដ្ឋសភា​និងជាប្រធានគណៈ​កម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ ​និង​ព័ត៌មាន​ នៃរដ្ឋសភា​ ចុះថ្ងៃទី ​០៩ ខែកក្កដា​ ឆ្នាំ២០១៥ ​ផ្ញើជូនលោក​ គ្រីស ដ័រ​ ចាងហ្វាង ​និងអគ្គនាយក​កាសែត​ភ្នំពេញប៉ុស្តិ៍​ ស្នើសុំចុះផ្សាយ​បំភ្លឺចំពោះអត្ថបទ​ក្រោមចំណងជើងថា ​«នៅរដ្ឋសភា​ឥឡូវក៏មានបង​តូចបងធំដែរ»​ បោះពុម្ពផ្សាយ​នៅលើកាសែតភ្នំពេញ​ប៉ុស្តិ៍ ​លេខ ១៤៧៨ ​ថ្ងៃពុធទី០៨ ខែកក្កដា​ ឆ្នាំ២០១៥ ​ត្រង់ទំព័រទី២ ​នៃទស្សនៈអត្ថបទវិភាគ​សង្គម របស់លោក​ តុង​ សុប្រាជ្ញ។
ឯកឧត្តម ​ឈាង វុន​ អត្ថបទរបស់លោក តុង​ សុប្រាជ្ញ ​បានធ្វើឲ្យប៉ះពាល់​ដល់កិត្តិយស​របស់ឯកឧត្តម​ និងកិត្តិយស​របស់រដ្ឋសភា​ នៃព្រះរាជាណាចក្រ​កម្ពុជាយ៉ាងធ្ងន់ធ្ងរ​បំផុត។ ​ការប្រើពាក្យ​បងធំបងតូច​នៅក្នុងរដ្ឋសភា ​គឺយើងមិនអាចទទួល​យកបានឡើយ។ ​ឯកឧត្តម​ស្នើសុំឲ្យលោក ​ចាងហ្វាង​ មេត្តាចុះផ្សាយ​នូវបទអន្តរាគមន៍​បំភ្លឺដល់​សាធារណៈជន​តាមការកំណត់​ក្នុងក្រមសីលធម៌​នៃអ្នកសារព័ត៌មាន​។​
ចំពោះដើម​ចមដែលដំបូង​នៃរឿងនេះ ​ត្រូវបានឯកឧត្តម​ ឈាង វុន​ បានរំលឹក​ឲ្យដឹងថា ​កាលថ្ងៃទី ​០១ ខែកក្កដា​ ឆ្នាំ២០១៥ ​មានកិច្ចប្រជុំ​របស់អន្តរគណៈ​កម្មការជំនាញ​នៃរដ្ឋសភា ​ដើម្បីធ្វើការពិនិត្យ​ពិភាក្សា​លើសេចក្តី​ព្រាងច្បាប់ស្តីពី ​«សមាគម​ និងអង្គការមិនមែន​រដ្ឋាភិ​បាល» ​ដែលគណៈកម្មការ ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសការ និង​ព័ត៌មាន ​ទទួលភារកិច្ចនេះ​ពីគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋសភា​ ដោយមានការ​ចូលរួមពី​គណៈ​កម្មការមហាផ្ទៃ ​ការពារជាតិ​ និងមុខងារសាធារណៈ​ និងគណៈកម្មការ​នីតិកម្ម ​និង​យុត្តិធម៌​។ ​គណៈកម្មការ​ទាំងបី​មានសមាជិក​ចំនួន២៧រូប​ ក្នុងនោះគណបក្ស​ប្រជាជនមាន​ចំនួន១៥រូប​ គណបក្សសង្គ្រោះជាតិ​ មាន១២រូប ​ហើយក៏មានឯកឧត្តម​ អ៊ុំ សំអាន ជា​សមាជិកផងដែរ។​
ឯកឧត្តម​ ឈាង វុន បន្តថា ​នៅពេលកិច្ចប្រជុំ​កំពុងដំណើរការ ​មន្ត្រីអគ្គលេខាធិការ​ដ្ឋានរដ្ឋ​សភាម្នាក់​បានយកក្រដាស​តូចមួយគ្រល់មក​ឲ្យឯកឧត្តម​ ដោយនៅលើក្រដាស​នោះមាន​សរសេរថា ​«ឯកឧត្តម ​គី ​វណ្ណដារ៉ា​ ស្នើសុំអនុញ្ញាត​ឲ្យអ្នកសារព័ត៌មាន​ចូលស្តាប់ក្នុងកិច្ច​ប្រជុំ»។​ បន្ទាប់មកឯកឧត្តម ​បានស្នើសុំការអនុញ្ញាត​ពីអង្គប្រជុំ ​តែអង្គប្រជុំមិន​យល់ព្រម​ឡើយ ​ដោយអង្គប្រជុំបាន​សម្រេចប្រគល់ភារកិច្ច​ឲ្យឯកឧត្តម​ ជាប្រធានអង្គ​ប្រជុំធ្វើបទ​សម្ភាសន៍ជាមួយ​អ្នកសារព័ត៌មាន​អំពីលទ្ធផល ​នៅក្រោយបញ្ចប់​កិច្ចប្រជុំ។
ចំពោះមូល​ហេតុដែលឯកឧត្តម​ មិនអនុញ្ញាតឲ្យឯកឧត្តម​ អ៊ុំ​ សំអាន ​ធ្វើកិច្ចសម្ភាសន៍​ជាមួយអ្នកសារ​ព័ត៌មាន​នាពេលនោះ ​ព្រោះ ឯកឧត្តម​ អ៊ុំ ​សំអាន ​មិនបាន​ទទួល​សិទ្ធិធ្វើកិច្ច​សម្ភាសន៍​ជាមួយអ្នក​សារព័ត៌មាន​ពី​អង្គប្រជុំ​របស់គណៈ​កម្មការទីបី ​នៃ​រដ្ឋសភា​នោះទេ ​គឺគណៈកម្មការ​ទាំងបី​នៃរដ្ឋសភាបាន​ប្រគល់សិទ្ធិឲ្យមក​ឯកឧត្តម​ ដែលជាប្រធាន​អង្គប្រជុំ​។​
ឯកឧត្តម​ ឈាង វុន ​បញ្ជាក់ថា ​ឯកឧត្តម​ជាប្រធាន​គណៈកម្មការ​កិច្ច​ការបរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ ​ឃោសនាការ​ និង​ព័ត៌មាន​នៃរដ្ឋសភា ​ដែល​មានតួនាទី​ភារកិច្ច​ក្នុងវិស័យ​ព័ត៌មាន​ និង​អង្គការសង្គម​ផ្សេងៗ​ ដែលជាការងារ​ស្នូលនៃវិស័យ​ឃោសនាការ ​និងព័ត៌មាន​ រួមជាមួយនឹង​ការងារ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​របស់រដ្ឋសភា​។​
ឯកឧត្តម​ ឈាង ​វុន​ បានបន្ថែម​ទៀតថា ​អ្នកសារព័ត៌មាន​ខ្លះ ​ដែលចូលមក​រង់ចាំនៅ​ក្រៅបន្ទប់​ប្រជុំ ​ដើម្បី​ធ្វើកិច្ច​សម្ភាសន៍​ពីលទ្ធផល​នៃកិច្ចប្រជុំ​បានដោយសារ​មានការយល់​ព្រម​ពីឯកឧត្តម​ តាម​ការណែនាំ​ពីអង្គ​ប្រជុំ​គណៈកម្មការ​ទីបី​ ហើយក្រុម​របស់​ឯកឧត្តម​ អ៊ុំ​ សំអាន​ ត្រូវបាន​សម្តេច​ប្រធាន​រដ្ឋសភា ​បដិសេធ​មិនឲ្យធ្វើ​កិច្ចសម្ភាសន៍​ម្តងរួមមក​ហើយ ​កាលពីពេលថ្មីៗ​កន្លងទៅ។
ឯកឧត្តម​ ឈាង វុន​ អះអាងថា​ ឯកឧត្តម​ មិនបានហាមឃាត់​ឯកឧត្តម អ៊ុំ ​សំអាន ធ្វើកិច្ច​សម្ភាសន៍​ឡើយ​ តែចាំបាច់​ត្រូវសុំការ​អនុញ្ញាតពី ​សម្តេចប្រធាន​រដ្ឋសភា ជា​មុនសិន​។​ ក្នុងនោះដើម្បី​បានចូល​ក្នុង​បរិវេណ​រដ្ឋសភា ​អ្នកសារព័ត៌​មានដែលខ្វះ​វិជ្ជាជីវៈ​ បានប្រើមធ្យោបាយ​ថោកទាប​ ភូតកុហក ​ យកលេសស្នើ​សុំចូល​ធ្វើកិច្ចសម្ភាសន៍​ជាមួយ​ឯកឧត្តម តែពួក​គេបែរ​ជាប្រព្រឹត្តផ្ទុយ​ពីការ​ស្នើសុំទៅវិញ​។ ​សកម្មភាព​នេះបញ្ជាក់​ឲ្យ​ឃើញថា ​គឺពួក​គេបានឆ្លៀត​លួចយក​វេទិកា​នៃកិច្ច​ប្រជុំ​របស់​គណៈកម្ម​ការទីបី ​លប​ធ្វើកិច្ច​សម្ភាសន៍​ដែល​មិនបាន​ទទួល​ការ​អនុញ្ញាត​។
ឯកឧត្តម​ ឈាង​ វុន​ បន្តថាតាមការ​យល់ឃើញរបស់​ឯកឧត្តមផ្ទាល់ ​ឯកឧត្តម​ អ៊ុំ ​សំអាន​ ពិតជា​មានបញ្ហា​ខួរក្បាល ​ដែលចង់​ឲ្យឯកឧត្តម​ ធ្វើការសុំទោស​ចំពោះ​អំពើមិន​ប្រកតី​របស់​ខ្លួន។​ ម៉្យាងទៀត​ឯកឧត្តម​ក៏មានការសោកស្តាយ​ខ្លាំងណាស់​ដែរ​ ចំពោះ​ទង្វើ​ខ្វះការទទួល​ខុសត្រូវ​របស់អ្នក​ថតរូប​វិទ្យុអាស៊ីសេរី ​ដែល​តែងតែ​រកគ្រប់​មធ្យោបាយ​ថតរូបខ្ញុំ ​(រូបភាពអាក្រក់ៗ​)​ ដើម្បីយកទៅ​បង្ហោះក្នុង​ ហ្វេសប៊ុក​ ក្នុងលក្ខណៈ​វាយប្រហារ​តាមរូបភាព​។​ ក្នុងហេតុផល​ដូចបាន​ជម្រាបជូន​ខាងលើ​នេះហើយ ​ដែលធ្វើ​ឯកឧត្តម​សម្រេច​មិន​អនុញ្ញាតឲ្យថត​តាមរបៀប​ដែល​គេចង់​ថតខ្ញុំនោះ។
ឯកឧត្តម​ ឈាង វុន​ សន្មតថា​ការប្រព្រឹត្តិអំ​ពើថោកទាប​​ ការ​ប៉ុនប៉ង​ទប់ស្កាត់​ធ្វើឲ្យមាន​ការរអាក់រអួល​ក្នុងការ​អនុវត្តនីតិវិធី​ធ្វើ​ច្បាប់​ស្តីពី ​«សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​» ​តាមរយៈ​ការវាយ​ប្រហារ​មក​លើឯកឧត្តម​ផ្ទាល់ ​ដែល​ជាអ្នក​ទទួល​ដឹកនាំ​ធ្វើការសិក្សា ​និងពិនិត្យ​សេចក្តី​ព្រាង​ច្បាប់នេះ ​ដោយប្រើ​មធ្យោបាយ​តាមគ្រប់​រូបភាព​ គឺ​ជា​សកម្មភាព​មិន​អាច​ទទួល​យក​បានឡើយ៕

No comments:

Post a Comment