Thursday, July 09, 2015

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន បង្ហាញពីមូលហេតុដែលអង្គរវត្តជាប់លំដាប់ថ្នាក់លេខ ១ នៅលើសកលលោក ដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចង់មកទស្សនា

ក្នុងចំណោម​បេតិកភណ្ឌ​ពិភព​លោក​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​លើ​សកល​លោក ​​គឺ​ប្រាសាទ​អង្គរវត្ត​ របស់​កម្ពុជា​ត្រូវ​បាន​ស្រង់​ស្ថិតិ​ជុំវិញ​ពិភពលោក ​រួចលទ្ធផល​បង្ហាញ​ថា​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​យើង​ជាប់​លំដាប់​ថ្នាក់​លេខ​១។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ អង្គរ​កំពុង​តែ​ឈាន​ឡើង​ល្បី​ល្បាញ​ខ្លាំង​ណាស់​ ភាព​ល្បី​ល្បាញ​នេះ​កត្តា​ចម្បង​គឺ​​ដោយ​សារ​កិច្ច​សហប្រតិបត្តិ​ការ​​​​​អន្តរជាតិ ​ និងអ្នកជំនាញ​ដែល​គេ​មក​កាន់​ប្រទេស​កម្ពុជា​គេតែង​តែ​លើក​​សសើរ​ប្រាសាទ​​អង្គរ​ ​ ដូច្នេះ​យន្តការ​ធំៗមួយ​ចំនួន​​របស់​សកល​លោក​បាន​ធ្វើ​ចំណាត់​ថ្នាក់​ ហើយ​បាន​ចាត់​ទុក​ថា​អង្គរ​គឺជា​រមណីយដ្ឋាន​ ជាបេតិកភណ្ឌ​ពិភព​លោក​មួយ​ដែល​សម្មត​ថា​ជាប់​លេខ​១ ​នៅ​លើ​ពិភព​លោក​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បន្ថែម​ទៀត​ថា ប្រាសាទអង្គរវត្ត​ ត្រូវបាន​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​ទាក់​ទាញចិត្ត​ភ្ញៀវ​​ទេសចរណ៍​ឲ្យ​គេ​ជ្រើសរើសចង់​មក​ទស្សនា​ ​​​ ព្រោះ​គេ​បាន​ធ្វើ​ការ​សិក្សា​ស្ទង់​​មតិ​ភ្ញៀវ​ទេសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក​ ថា​បើ​សិន​ជា​មាន​ឱកាស​បាន​​ទៅ​ទេសចរណ៍​ ​តើ​អ្នកទេសចរណ៍​ទាំង​នោះ​ចង់​ទៅ​ទី​ណា​? ដូច្នេះ​ស្ថិតិ​ទេសចរណ៍​ដែល​គេ​ចង់​មក​ទស្សនា​អង្គរ​វត្ត​ គឺ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កន្លែង​ដ៏ទៃ​ទៀត​ នេះ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាសាទអង្គរវត្ត​ជាប់​លេខ១​។
  
ក្រៅ​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​ថា​ ប្រាសាទ​មួយ​ដែល​គេ​ចោះ​ភ្នំ​ធ្វើ​នៅ​ប្រទេស​ ប៉េ​រ៊ូ​ ដែល​គេ​ហៅ​ថា​ ប្រាសាទ​ម៉ាឈូពីឈូ ប្រាសាទ​នោះ​គឺ​ចម្លែកព្រោះ​គេ​ចោះភ្នំ​​សង់​ប្រាសាទនោះ​ ដែល​ប្រាសាទ​នោះ​ត្រូវបាន​ជាប់​លំដាប់​ថ្នាក់​លេខ២​ ជាង​នេះ​ទៅ​ទៀត​​ប្រាសាទ​ តាស្មាហាល់ របស់​ប្រទេស​ឥណ្ឌា គឺ​ជាប់លំដាប់​ថ្នាក់​​លេខ៣ តែ​ប៉ុណ្ណោះ​ សូម្បី​ទីតាំង​ដែល​យើង​ស្គាល់​ថា​អស្ចារ្យ​​នោះ​ក៏​ចាញ់​អង្គរ​វត្ត​របស់​ខ្មែរ​យើង​ដែរ​ ដូច្នេះ​យើង​ឃើញ​ថា​ កាល​​ណា​របស់​អ្វី​មួយ​ដែល​ជោគ​ជ័យ​ខ្លាំង​ គឺ​ប្រាកដ​ជា​មាន​ការ​ចង់​ធ្វើ​តាម​ហើយ​។ ហេតុ​ដូចនេះ​ ទើប​ប្រទេស​ឥណ្ឌា​មាន​បំណងចង់​ចម្លង​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​សាង​សង់​ប្រាសាទ​ដ៏​ល្បី​ល្បាញ​នេះ​នៅ​ប្រទេស​គេ​ ប៉ុន្តែ​ឯកឧត្តម​ ឯបនាយករដ្ឋមន្ត្រី​ សុខ អាន​ បាន​បញ្ជាក់​ថា​ កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​ប្រទេស​ឥណ្ឌាសាងសង់​ប្រាសាទ​អង្គរវត្ត​នៅ​លើ​ទឹកដី​ប្រទេស​ឥណ្ឌា​នោះ​​ឡើយ​។​













No comments:

Post a Comment