Thursday, July 09, 2015

ក្រសួងធន​ធាន​ទឹក​ និងឧតុនិយម​ ចេញសេច​ក្ដីជូនដំណឹង​ ស្តីពី​ ស្ថានភាព​អាកាសធាតុ​ នៅប្រទេស​កម្ពុជា

បន្ទាប់ពីធ្វើការតាម​ដាន និងព្យាករណ៍​លើស្ថាន​ភាពអាកាស​ធាតុ រួចមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូន​ដំណឹង​ដល់សាធារណ​ជន ថា បច្ចុប្បន្ន ព្រះរាជាណា​ចក្រកម្ពុជា​កំពុងទទួលរងឥទ្ធិពល​ខ្យល់មូសុង​និរតី និងឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ITCZ ដែល​បាន និងកំពុង​អូសបន្លាយ ​កាត់​លើភាគខាងត្បូង​ប្រទេសឡាវ និង​លើអាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ប្រទេសឡាវ ។ ទន្ទឹម​នឹងនេះ នៅក្នុង​សមុទ្រចិន​ខាងត្បូង និងមហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏មាន​កើតឡើង​នូវព្យុះ​ចំនួន ០៣ បន្តបន្ទាប់​គ្នា។
ឥទ្ធិពលរបស់បាតុភូត​ធម្មជាតិខាង​លើនេះ និងធ្វើ​ឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៥ មាន​ស្ថានភាព​ដូចជា តំបន់ខ្ពង់រាប​ខាងជើង និងខ្ពង់រាបភាគ​សានដែល​​រួមមានខេត្ត​ ឧត្តរមាន​ជ័យ ព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី ​មណ្ឌលគិរី មានភ្លៀង​ធ្លាក់ពីបង្គួរ​ទៅ​ច្រើន។ តំបន់ទំនាប​កណ្តាល រួមមាន ខេត្តសៀម​រាប កំពង់ធំ កំពង់ចាម ព្រៃ​វែង មានភ្លៀងពីមធ្យមទៅបង្គួ និងតំបន់​មាត់សមុទ្រ​ រួមមាន​ខេត្តកោះ​កុង កែប កំពត និងខេត្តព្រះ​សីហនុ មានភ្លៀង​ពីមធ្យម​ទៅច្រើន។
ដោយផ្អែក​លើស្ថានភាពអាកាស​ធាតុ ដែលបាន​ជម្រាបជូន​ខាងលើបងប្អូនប្រជាពលរដ្ឋ ​ពិសេសចំពោះបងប្អូន​ប្រជា​នេសាទសមុទ្រ និងអ្នក​ធ្វើដំណើរតាមសមុទ្រ សូមបង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ដើម្បីចៀស​វាងនូវ គ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើត​មានឡើង​ជាយ​ថាហេតុ។
ជាមួយគ្នា​នេះដែរក្រសួង​ធនធាន​ទឹក និងឧតុ​និយម បាន និង​កំពុង​ធ្វើ​ការតាម​ដានស្ថានភាព​អាកាសធាតុ​ជាប្រចាំ ហើយនិង​ធ្វើសេចក្កីជូន​ដំណឹងប​ន្ថែម ជាបន្តបន្ទាប់​ក្នុងករណីចាំបាច់៕

No comments:

Post a Comment