Wednesday, October 25, 2023

សម្តេចធិបតី ៖ «ព្រែកជីកហ្វូណនតេជោ» នឹងទាញសមុទ្រឱ្យជាប់ទន្លេ ធ្វើឲ្យសេដ្ឋកិច្ចនៅតាមបណ្តោយខេត្តជាប់ដងទន្លេកាន់តែរីកចម្រើន




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ព្រែកជីកហ្វូណនតេជោ» នឹងទាញសមុទ្រឱ្យជាប់ ទន្លេបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គចុះទៅសមុទ្រកាន់តែលឿន ហើយសេដ្ឋកិច្ចនៅតាមបណ្តោយដងទន្លេកាន់តែរីកចម្រើន ហើយផលប្រយោជន៍ពីគម្រោងនេះគឺបានទៅដល់បងប្អូនប្រជាពលរដ្ឋជាច្រើន។


កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ជាមួយតំណាងក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះសិក្សាលំអិត លើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ ឈានដល់ការចរចាដើម្បីចុះកិច្ចព្រមព្រៀងសាងសង់តែម្តង គម្រោង «ព្រែកជីកហ្វូណនតេជោ» នេះធ្វើឡើងដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់ សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គ មឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។


ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ពីព្រែកតាកែវនៃ ទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង ដោយប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ប្រមាណ ១ ៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។


គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដូចជា៖ កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

No comments:

Post a Comment