Wednesday, October 25, 2023

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយបក្សនយោបាយទាំង២៨ មានចំណុចតម្រូវឱ្យមានការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ



(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត មានចំណុចដែលតម្រូវឱ្យគណបក្សទាំងអស់រួមគ្នា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយសាររបបទាំង២នេះ មិនអាចកែរប្រែបានឡើយ។


សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែលបានធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «បញ្ហាដែលយើងត្រូវនិយាយនៅទីនេះ យើងត្រូវនិយាយអំពីការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហេតុអីបានយើងត្រូវនិយាយកន្លែងនេះ ឯកឧត្តម លោកជំទាវ ច្បាស់ជាដឹងហើយថា ២ ៣ឆ្នាំមុននេះ មានអ្នកហ៊ានទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល័្លង្ក តើនោះជាអ្វី?»។


សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានកថាខណ្ឌមួយចែងថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស មិនអាចកែរប្រែបានឡើយ សូម្បីតែរដ្ឋសភាទោះបីមានសំលេងប៉ុន្មានក៏ដោយ មិនអាចកែរប្រែរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សបានឡើយ តែបែរជាមានមនុស្សបានមកទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល័្លង្ក ដែលចំណុចនេះទាមទារឱ្យយើងទាំងអស់គ្នា ដែលមានចំនួន ២៨គណបក្ស ហើយនឹងអាចមានបក្សដ៏ទៃមកចូលរួមបន្ថែមទៀត ត្រូវតែប្តេជ្ញា ការពារឱ្យបាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សនេះ។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយអ្នកដែលមិនគោរពក្នុងការជួយរួមការងាររបបទាំង២នេះ គឺមិនគ្រប់លក្ខខណ្ឌ មិនគោរពនូវក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនោះទេ ហើយការប្រមាថព្រះជេស្នាព្រះមហាក្សត្រ ការបំពានលើព្រះមហាក្សត្រ ការទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល័្លង្ក ការជេប្រមាថលើព្រះមហាក្សត្រ គឺជាការបំពានដ៏ធ្ងន់ធ្ងរបំផុត។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា  «នៅក្នុងកិច្ចព្រមព្រៀងនេះបានដាក់ចេញក្រោមពាក្យថា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ក្នុងនោះក៏បាននិយាយអំពីបញ្ហាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារបញ្ហាសិទ្ធមនុស្ស គោរពច្បាប់ផ្សេងៗ ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារប្តូរផ្តាច់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្ររបស់យើង»។


សូមបញ្ជាក់ដែរថា គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះរួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា ២៖ គណបក្សខ្មែររួបរួមជាតិ ៣៖ គណបក្សពន្លឺថ្មី ៤៖ គណបក្សសញ្ជាតិកម្ពុជា ៥៖ គណបក្សខ្មែរក្រោក ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧៖ គណបក្សរស្មីខេមរា ៨៖ គណបក្សខ្មែរសាធារណរដ្ឋ ៩៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០៖ គណបក្សយុវជនកម្ពុជា ១១៖ គណបក្សធម្មាធិបតេយ្យ ១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣៖ គណបក្សខ្មែរតែមួយ ១៤៖ គណបក្សឯកភាពជាតិខ្មែរ ១៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦៖ គណបក្សកសិករ ១៧៖ គណបក្សស្ត្រីដើម្បីស្ត្រី ១៨៖ គណបក្សបំណងពលរដ្ឋ ១៩៖ គណបក្សខ្មែរអភិរក្ស ២០៖ គណបក្សមហាសាមគ្គីជាតិខ្មែរ ២១៖ គណបក្សនគរប្រជាធិបតេយ្យ ២២៖ គណបក្សអំណាចប្រជាពលរដ្ឋ ២៣៖ គណបក្សខ្មែរអង្គរ ២៤៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥៖ គណបក្សម៉ូលីណាកា ២៦៖ គណបក្សចលនាប្រជាធិបតេយ្យ ២៧៖ គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨៖ គណបក្សមហានគរ។ 


ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងទៀតនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង៕ ប្រភព៖ Fresh News

No comments:

Post a Comment