Wednesday, October 25, 2023

សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ”



នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បាន អញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថា សន្និសីទ GovTech ជាលើកដំបូង ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” ដែលមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ពីក្រសួង ស្ថាប័ន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជន ដែលមានចំនួនសរុបប្រមាណ ២០០ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) បានថ្លែងមតិស្វាគមន៍ និងជម្រាបជូនអង្គពិធីទាំងមូលអំពី សកម្មភាពការងាររបស់ ប.ប.ឌ. ក្នុងការចូលរួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈការបណ្តុះបណ្តាលមន្រ្តីរាជការលើជំនាញឌីជីថល ចាំបាច់  ជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល និងការរៀបចំសិក្ខាសាលា វេទិកា និងសន្និសីទសម្រាប់ មន្រ្តីរាជការសិក្សា ស្វែងយល់ អនុវត្ត និងផ្លាស់ប្តូរបទពិសោធការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ នៅតាមវិស័យជំនាញរបស់ក្រសួង ស្ថាប័ន។ ជាក់ស្តែង សន្និសីទ GovTech នាពេលនេះ មានគោលបំណង សំខាន់ចំនួន៣ ដូចជា (១)ផ្តល់វេទិកាសម្រាប់មន្រ្តីបច្ចេកទេសឌីជីថលក្នុងការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល (២)ជំរុញនិងបង្កើនភាពស្និទស្នាលនិងដៃគូសហការ និង(៣)កំណត់ អំពីចំណុចខ្វះខាតនិងកាលានុវត្តភាពសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការរៀបចំគោលនយោបាយបន្ថែម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ដំណើរការនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថល មិនត្រឹមតែផ្លាស់ប្តូររបៀបដែលប្រជាពលរដ្ឋប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំង ផ្លាស់ប្តូររបៀបដំណើរការទំនាក់ទំនងការងារផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ផងដែរ។ ឯកឧត្តម Stefan Messerer បានបន្ថែមថា តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងរដ្ឋាភិបាលឌីជីថលមួយដែលមានប្រសិទ្ធភាព ការឆ្លើយតប និងផ្តោតការយកចិត្តទុក ដាក់កាន់តែច្រើនលើប្រជាពលរដ្ឋ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារ ពិសេសការគំាទ្ររបស់ ក.ប.ទ. សម្រាប់ការរៀបចំសន្និសីទ GovTech នេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បាន មានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយ ដ៏សំខាន់សម្រាប់ ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្និសីទនេះ ជា ការ ចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធ និងការបញ្ជ្រាបការយល់ដឹងក្នុងការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមក ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័ន ដើម្បីចូលរួមក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យន្តការ អនុវត្តនិងរចនាសម្ព័ន្ធដឹកនាំនៃដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរដែលត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័នជាចាំបាច់ ការរៀបចំតភ្ជាប់បណ្តាញ ឧបករណ៍ឌីជីថលនិងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ឌីជីថលនិងផែនការ សកម្មភាពនៅតាមក្រសួង ស្ថាប័ន។ ថ្មីៗនេះ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ដែលអាចផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាពនិងជឿទុកចិត្តបាន ព្រមទាំងជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាលនិងទិន្នន័យក្រុមហ៊ុន មកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់អត្ថប្រយោជន៍ដល់ក្រសួង ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃ ថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះ ក.ប.ទ. បាននិងកំពុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ក.ប.ទ. បានអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ដោយ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មក្នុងលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។






















No comments:

Post a Comment