Wednesday, October 25, 2023

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់ក្រុមប្រឆាំង និងជនបរទេសមួយចំនួន បំពានលើទិដ្ឋភាពជាក់ស្តែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ពេលនេះកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ថ្លែងចាត់ទុកការបកស្រាយរបស់ក្រុមប្រឆាំង និងជនបរទេសមួយចំនួន ពាក់ព័ន្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា គឺជាការបំពានលើទិដ្ឋភាព ជាក់ស្តែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្តេចបានបញ្ជាក់ថា មនុស្សដែលបកស្រាយខុស ពីសច្ចភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មិនស្គាល់ពីប្រវត្តិនៃកិច្ចព្រមព្រៀងនេះផង បែរជាចាត់ទុកខ្លួនឯង ជាអ្នកជំនាញលើការបកស្រាយទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ មិនមែនជាពេលវេលានៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ ពេលនេះជាពេលវេលា ដែលត្រូវប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រោះធាតុចូលទាំងអស់ ត្រូវបានប្រមូលផ្តុំ ទៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ។

សម្តេចបានផ្តាំទៅក្រុមប្រឆាំងថា ការចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកសង្កត់លើរដ្ឋធម្មនុញ្ញ គឺមិនបាននោះទេ ត្រូវសិក្សាមើលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យបានច្បាស់។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន៧មករា។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលគួរឱ្យចង់សើច ហើយមិនមែនជាការចំអកនោះទេ ថ្ងៃទី២២-២៣ តុលាកន្លងទៅ គឺខួបលើកទី៣២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំមិនយល់នូវអ្វីដែលជាការបកស្រាយរបស់មនុស្សខ្លះ អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះឡើយ សូម្បីតែប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចេញពីទីណាក៏គេមិនដឹងផង ប៉ុន្តែគេបែរជាធ្វើជាអ្នកជំនាញដ៏អស្ចារ្យ ទៅលើការបកស្រាយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារី»។

សម្តេចបញ្ជាក់ទៀតថា «ខ្ញុំមិនមើលស្រាលអ្នកណាទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺការគោរពសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបានឆ្លងកាត់។ ជនបរទេសមួយចំនួន ក៏ធ្វើការបកស្រាយមិនបានត្រឹមត្រូវ ពេលនេះម៉ោងនេះ កម្ពុជាគោរពតែរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គោរពហើយប៉ុន្តែវាបានចូលទៅក្នុងរដ្ឋធម្មនុញ្ញ និងបណ្តាច្បាប់របស់កម្ពុជារួចស្រេចទៅហើយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាចង់បំភ្លេច នូវអ្វីដែលខ្លួនបានទេនោះទេ សម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្តេច និងព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាតួអង្គពីរដ៏សំខាន់ ដែលនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយពេលនោះ បើគ្មានការសម្រេចរបស់សម្តេចពីទីក្រុងភ្នំពេញ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងមិនអាចចេញរួចដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេចទម្រាំឈាន ដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមានភាគីហត្ថាលេខី៤ភាគី គឺសម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៉ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោកតា សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១៖ រៀបចំឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២៖ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣៖ ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះបានក្លាយទៅជាប្រធានបទ សម្រាប់ក្រុមប្រឆាំងវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថាមិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា អ្នកទាំងនោះកំពុងបញ្ចេញមតិទាំងមិនត្រឹមត្រូវ ហើយក៏មិនបានស្ថិតនៅក្នុងហេតុការណ៍ជាក់ស្ដែងដូចសម្ដេចឡើយ៕ ប្រភព៖ Fresh News





















No comments:

Post a Comment