Thursday, October 26, 2023

វិភាគអន្តរជាតិ៖ តើ Iron Dome របស់អ៉ីស្រាអែល ដំណើរការយ៉ាងដូចម្ដេច ប្រឈមការបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ពីហាម៉ាស?

 

(ហ្ស៊េរុយសាឡិម)៖ ចាប់តាំងពីអ៉ីស្រាអែលបានដាក់ឱ្យដំណើរការ Iron Dome កាលពីឆ្នាំ២០១១មក ប្រព័ន្ធខែលប្រឆាំងមីស៊ីលមួយនេះបានស្ទាក់បំផ្លាញ គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់បាញ់ចេញពីតំបន់ហ្កាហ្សា។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះបានផ្ដល់ឱ្យប្រជាជនអ៉ីស្រាអែល នូវអារម្មណ៍មានសុវត្ថិភាព ហើយពួកគេ ជារឿយៗតែងតែអាចសម្លឹងមើលផ្ទាំងទស្សនីយ៍ភាពនៃការបាញ់ស្ទាក់បំផ្លាញគ្រាប់រ៉ុក្កែតលើអាកាស។ ប៉ុន្តែសង្រ្គាមបច្ចុប្បន្នជាមួយក្រុមហាម៉ាសអាចនឹងបង្ក ជាបញ្ហាប្រឈមមិនធ្លាប់មានចំពោះ Iron Dome។

តាមយោធាអ៉ីស្រាអែល ក្នុងរយៈពេលត្រឹម ២សប្ដាហ៍មកនេះ ក្រុមហាម៉ាសបានបាញ់រ៉ុក្កែតជាង ៧,០០០គ្រាប់ឆ្ពោះទៅរកអ៉ីស្រាអែល ហើយនេះជាការបាញ់ គ្រាប់រ៉ុក្កែតច្រើនជាងក្នុងពេលសង្រ្គាម ៤លើកកន្លងមកនេះរវាងអ៉ីស្រាអែល និងហាម៉ាសទៅទៀត ចាប់តាំងពីក្រុមសកម្មប្រយុទ្ធមួយនេះគ្រប់គ្រងតំបន់ហ្កាហ្សា កាលពីឆ្នាំ២០០៧។ បន្ថែមពីលើនេះ ទិន្នន័យមួយផ្ដល់ដោយសាលាយោធាអាមេរិក West Point បានបង្ហាញថាកាលពីថ្ងៃទី៧ ខែតុលាតែមួយគត់ ពោលជាថ្ងៃ ដំបូងនៃការវាយប្រយុទ្ធគ្នា ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតយ៉ាងហោច ២,០០០គ្រាប់ ខណៈក្រុមហេសប៊ូលឡាក្នុងប្រទេសលីបង់ ក៏បានបាញ់គ្រាប់រ៉ុក្កែត រាប់រយគ្រាប់ នៅតាមបណ្ដោយព្រំដែនភាគខាងជើងនៃប្រទេសអ៉ីស្រាអែលផងដែរ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។

ភាគច្រើននៃគ្រាប់រ៉ុក្កែតទាំងនេះត្រូវបានបាញ់កម្ទេច ប៉ុន្តែមានគ្រាប់រ៉ុក្កែតខ្លះបានធ្លាក់ចូលទឹកដីអ៉ីស្រាអែល ដោយសម្លាប់មនុស្សយ៉ាងហោច ១១នាក់ និងធ្លាក់ចំ អគារមួយចំនួនស្ថិតនៅឆ្ងាយពីទីក្រុង Tel Aviv។ នេះបើតាមក្រុមមន្ត្រីអ៉ីស្រាអែល។

* តើ Iron Dome ដំណើរការទៅយ៉ាងដូចម្ដេច?

Iron Dome ជាប្រព័ន្ធខែលការពារដែនអាកាសដែលប្រើប្រាស់ប្រព័ន្ធរ៉ាដា សម្រាប់ចាប់សញ្ញារ៉ុក្កែតរយៈចម្ងាយខ្លី ហើយបាញ់កម្ទេចចោលតែម្ដង។ Iron Dome មួយឈុតមានប្រព័ន្ធបាញ់ពី ៣ ទៅ ៤គ្រឿង និងក្នុងមួយគ្រឿងមានមីស៊ីល ២០គ្រាប់ ព្រមទាំងប្រព័ន្ធរ៉ាដាមួយ។ នេះបើតាមក្រុមហ៊ុនអាមេរិក Raytheon ដែលជា ក្រុមហ៊ុនដៃគូសហការផលិត Iron Dome ជាមួយក្រុមហ៊ុនអ៉ីស្រាអែល Rafael Defense Systems។ នៅពេលដែលប្រព័ន្ធរ៉ាដាចាប់បានសញ្ញាគ្រាប់រ៉ុក្កែត ប្រព័ន្ធ ទាំងមូលនឹងកំណត់ថាតើរ៉ុក្កែតនោះមានទិសដៅតម្រង់ទៅរកតំបន់ទីប្រជុំជន ឬក៏យ៉ាងណា? ក្នុងករណីគ្រាប់រ៉ុក្កែតតម្រង់ទៅរកទីប្រជុំជន នោះប្រព័ន្ធបាញ់នឹងបាញ់ ចេញមីស៊ីលដើម្បីស្ទាក់បំផ្លាញរ៉ុក្កែតនោះចោល។ ប៉ុន្តែ បើប្រព័ន្ធកំណត់ថាគ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់តំបន់ទីវាល ឬទៅសមុទ្រ នោះវានឹងអនុញ្ញាតឱ្យគ្រាប់រ៉ុក្កែតនោះ ធ្លាក់តាមដំណើរ ដើម្បីសន្សំសំច្ចៃមីស៊ីល។

យោធាអ៉ីស្រាអែល មិនបានបញ្ជាក់នោះទេថាតើមាន Iron Dome ចំនួនប៉ុន្មានគ្រឿងត្រូវបានដាក់ពង្រាយ។ ប៉ុន្តែគិតត្រឹមឆ្នាំ២០២១ អ៉ីស្រាអែលបានដាក់ពង្រាយ Iron Dome ១០ឈុតរប៉ាត់រប៉ាយនៅជុំវិញប្រទេស ដែលមួយឈុតមានសមត្ថភាពការពារទឹកដីលើផ្ទៃ ១៥៥គីឡូម៉ែត្រក្រឡា។ នេះបើតាមក្រុមហ៊ុន Raytheon។

* តើ Iron Dome មានប្រសិទ្ធភាពកម្រិតណា?

ក្រុមហ៊ុនអ៉ីស្រាអែល Rafael បានឱ្យដឹងថា Iron Dome មានប្រសិទ្ធភាព ៩០ភាគរយ។ ប៉ុន្តែ Iron Dome អាចនឹងពិបាក បើសត្រូវបាញ់មីស៊ីលច្រើន ក្នុងពេលតែ មួយ ដោយប្រាកដណាស់មីស៊ីលមួយចំនួនអាចនឹងធ្លាយចូលបាន។ នៅត្រង់នេះ ក្រុមអ្នកជំនាញខ្លះជឿថាទោះបីជា Iron Dome មានសមត្ថភាពខ្ពស់ ក៏ពិតមែន ប៉ុន្តែហានិភ័យខ្ពស់អាចនឹងកើតឡើង ប្រសិនបើក្រុមហេសប៊ូលឡាលីបង់ប្រឡូកចូលក្នុងសង្រ្គាមជួយហាម៉ាសប្រឆាំងអ៉ីស្រាអែល។ ហេសប៊ូលឡា ត្រូវបានរាយការណ៍ថាមានគ្រាប់រ៉ុក្កែត និងមីស៊ីលប្រហែល ១៥០,០០០គ្រាប់។

* តើមីស៊ីលមួយគ្រាប់ថ្លៃប៉ុន្មាន?

តាមវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិ (Institute for National Security Studies) មានមូលដ្ឋានក្នុងទីក្រុង Tel Aviv មីស៊ីលបាញចេញពី Iron Dome មួយគ្រាប់មានតម្លៃពី ៤០,០០០ ទៅ៥០,០០០ដុល្លារ។ សហរដ្ឋអាមេរិកជាអ្នកផ្ដល់ជំនួយដ៏ធំសម្រាប់អ៉ីស្រាអែលទាំងការអភិវឌ្ឍ និងការជួយបំពេញគ្រាប់មីស៊ីល ឡើងវិញឱ្យអ៉ីស្រាអែល។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងស្នើសុំឱ្យសភាទាំង២ ទម្លាក់កញ្ចប់ថវិកា ១៤.៣ពាន់លានដុល្លារ ដើម្បីជួយដល់ អ៉ីស្រាអែល ក្នុងសង្រ្គាមជាមួយហាម៉ាស ហើយក្នុងជំនួយទាំងនេះមានភាគច្រើនផ្តោតលើប្រព័ន្ធមីស៊ីលការពារដែនអាកាស៕

ប្រភព៖ Fresh News










No comments:

Post a Comment