Thursday, April 27, 2023

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទទួលព្រះអគ្គិជ័យកីឡា ត្រឡប់មកកម្ពុជាវិញ សម្រាប់ព្រឹត្ដិការណ៍កីឡាស៊ីហ្គេម

 (ស្ទឹងត្រែង)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទទួលព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ពីប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ នៃការដង្ហែព្រះអគ្គិជ័យ សម្រាប់ព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស៊ុន ចាន់ថុល ជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ត្រូវបានអញ្ជើញជាតំណាងឲ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា ពីគណៈប្រតិភូនៃប្រទេសឡាវ។

កម្មវិធីទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍ នៃព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ពីគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ ធ្វើឡើងតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។

ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ គឺជាវិធីដ៏ល្អមួយ ក្នុងការអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ជាមួយប្រទេសជាមិត្តក្នុងតំបន់ ហើយប្រទេសឡាវ គឺជាប្រទេសក្រោយគេ ក្នុងតំបន់ ដែលបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា មុនដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែ ទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ ជាប្រទេសចុងក្រោយ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋខេត្តស្ទឹងត្រែង និងខេត្តពាក់ព័ន្ធ ត្រៀមទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡា ពេលដង្ហែត្រឡប់មកកម្ពុជាវិញ ក៏ដូចជាត្រៀមទទួលស្វាគមន៍ និងអបអរសាទរពិធីដង្ហែ ពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ ដែលត្រូវឆ្លងកាត់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល នាថ្ងៃទី២៨ ខែមេសា ផងដែរ។

បន្ទាប់ពីព្រះអគ្គិជ័យកីឡា ទៅដល់រាជធានីភ្នំពេញ ក្រុមប្រតិភូពិសេស CAMSOC នឹងបន្ដដង្ហែជុំវិញបឹងទន្លេសាប ដោយចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា។

អ្វីដែលពិសេស គឺនៅថ្ងៃទី០៥ ខែឧសភា ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងចេញពីខេត្តកំពង់ធំ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យដល់គោលដៅខ្ទង់ម៉ោង៨៖៣០នាទីយប់ ដើម្បីប្រារព្ធពិធីបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ តែម្ដង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕







No comments:

Post a Comment