Thursday, April 27, 2023

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកខ្លះសូម្បីតែដេកយល់សប្តិ៍ ក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរ

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច មិនដែលគិតថាចង់ធ្វើជានាយករដ្ឋមន្រ្តីនោះទេ គឺចង់ធ្វើត្រឹមតែគ្រូបង្រៀន ប៉ុន្តែមានអ្នកខ្លះវិញសូម្បីតែដេកយល់សប្តិ៍ ក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រកួតកីឡា អាចប្រកួតបាន ប៉ុន្តែប្រកួតជាមួយព្រហ្មលិខិតគឺមិនបានទេ។ ដោយសារតែព្រហ្មលិខិត ទើបតម្រូវឱ្យសម្តេចបានធ្វើជានាយករដ្ឋមន្រ្តី ជិត៤ទសវត្ស ប៉ុន្តែបើសិនជាយើងមិនខំប្រឹងប្រែងនោះទេ មិនមានសមត្ថភាពនោះទេ មិនមានការគាំទ្រពីប្រជាពលរដ្ឋនោះទេ ក៏មិនអាចធ្វើជានាយករដ្ឋមន្រ្តីបានដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីរបួសផ្លូវចិត្តរបស់សម្តេចនៅក្នុងជំនាន់ខ្មែរក្រហម ដែលរបួសនេះមិនអាចបំភ្លេចបានទេ ពោលគឺនៅសម័យនោះ សម្តេចបានឆ្លងកាត់ការឈឺចាប់ជាច្រើនដូចជា កូនស្លាប់ គ្មានសិទ្ធិយកទៅកប់ និងប្រពន្ធឆ្លងទន្លេគ្មានសិទ្ធិទៅមើលថែជាដើម៕






No comments:

Post a Comment