សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងណែនាំដល់ពលរដ្ឋដែលគាំទ្រវិស័យកីឡារក្សាសណ្តាប់ធ្នាប់ ពោលកុំផ្លោះរបងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ហើយបើគ្មានសំបុត្រ សូមទស្សនា អាចមើលនៅតាមស្លាយ ដែលមានដាក់នៅតាមទីតាំងដែលរៀបចំជូននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាល និងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ថ្លែងយ៉ាងទទូចសុំចិត្តបងប្អូន សូមកុំឱ្យមានការបាត់បង់សណ្តាប់ធ្នាប់ណាមួយតាមរយៈការមិនគោរពផ្នែកណាមួយនៃសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ដូចនេះ កុំនាំគ្នាសម្រុកចូលទៅទស្សនាការប្រកួតបាល់ទាត់ ដើម្បីជៀសវាងការរត់ជាន់គ្នា បណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវនាំគ្នារក្សាភាពថ្លៃថ្នូរ កុំជេរប្រមាថដល់ក្រុមបាល់ទាត់ណាមួយដោយផ្ទាល់ ឬតាមបណ្តាយសង្គម បើទោះបីកម្ពុជាឈ្នះ ឬចាញ់ក្តី គឺត្រូវធ្វើឥរិយាបថឱ្យបានត្រឹមត្រូវ។
សម្តេចតេជោ ថ្លែងរំលឹកថា បងប្អូនផ្តល់នូវសាមគ្គីភាពជាមួយកីឡាករ កីឡាការិនីដែលមកពីប្រទេសផ្សេងៗ ទោះបីចាញ់ ឬឈ្នះ យើងជាម្ចាស់ផ្ទះត្រូវមានការទទួលខុសត្រូវ ត្រូវមានសា្មរតីសមគួរជាមួយភ្ញៀវ។ នេះជាកិច្ចការដ៏ធំ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិកម្ពុជា ៕
No comments:
Post a Comment