Thursday, March 16, 2023

ទស្សនៈ៖ ការវាយប្រហារលោក ហ៊ុន ម៉ាណែត ជាការធ្វើអត្តឃាតនយោបាយ របស់មេឧទ្ទាមក្បត់ជាតិ សម រង្ស៉ី




(ភ្នំពេញ)៖ ចាប់តាំងពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជា​បេក្ខ​ភាព​នាយករដ្ឋមន្ត្រីបន្តវេនមក គេសង្កេតឃើញថា ក្រុមប្រឆាំងដែលមានជនក្បត់​ជាតិត​ជំនាន់ សម រង្ស៉ី ជាមេខ្លោងនោះ កំពុងបង្កើនការវាយ​ប្រហារយ៉ាងសន្ធាប់ទៅលើលោក​បណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងបរិវា និងជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ព្យាយាមរកលេស​ជាច្រើន​ធ្វើជា​​ប្រធានបទ ដាក់បន្ទុក និងវាយប្រហារលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងចេតនាធ្វើឱ្យ​ស្រអាប់​នូវប្រជាប្រិយភាពអនាគតនាយករដ្ឋមន្ត្រីវ័យក្មេងដ៏មាន​ថាមពល​រូបនេះ។


ក្រុមប្រឆាំងហាក់កំពុងតែបង្វែគោលដៅរបស់ពួកគេ ពីការវាយប្រហារលើទីតាំង​សមរភូមិ​ចាស់ គឺសម្តេចតេជោ ឆ្ពោះទៅតីតាំងសមរភូមិថ្មី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត។

ការប្តូរគោលដៅរបស់ក្រុមប្រឆាំងទៅវាយប្រហារលើលោក ហ៊ុន ម៉ាណែត ត្រូវបានគេឃើញ ថាជាការហ្វឹកហាត់សមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ឱ្យកាន់តែរឹងមាំ ឱ្យកាន់តែរវាសរវៃ​លើ​សមរភូមិសាធារណមតិ ក្នុងការឆ្លើយតបទៅក្រុមប្រឆាំង។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញការស្វាគមន៍ចំពោះការវាយប្រហាររបស់ក្រុមប្រឆាំង​ទៅ​លើ​​លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអ្នកជំនាន់ថ្មី និងជាបង្អែកថ្មីសម្រាប់បក្ស សម្រាប់ជាតិ និងប្រជាជន។

សម្តេចតេជោបុរសខ្លាំងឈ្នះគ្រប់សមរភូមិនយោបាយ បានចាត់ទុកការវាយប្រហាររបស់ក្រុម​ប្រឆាំងដឹកនាំដោយមេឧទ្ទាមក្បត់ជាតិ សម រង្ស៉ី ជាការលត់ដំសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ឱ្យកាន់តែខ្លាំងក្លាក្នុងការពារខ្លួនពីការវាយប្រហាររបស់ក្រុមប្រឆាំង។

ពិតជាដូចអ្វីដែលសម្តេចតេជោ បានលើកឡើងប្រាកដមែន។ បច្ចុប្បន្ននេះ លោក ហ៊ុន ម៉ាណែត មិនបន្តសម្ងំ និងមិនបន្តចិត្តសន្តិភាពជាមួយពួកក្រុមឧទ្ទាមក្រៅច្បាប់ទៀតនោះ​ឡើយ។ លោក ហ៊ុន ម៉ាណែត មិនឱបដៃឱ្យគេវាយទៀតនោះឡើយ។ ជារឿយៗ គេតែង ឃើញលោក ហ៊ុន ម៉ាណែត តាមរយៈវេទិកានានា តែងតែចេញមកពន្យល់ និងបកស្រាយ តបតត្រឡប់ទៅវិញរាល់ពេលដែលក្រុមប្រឆាំងផ្សព្វផ្សាយមូលបង្កាច់ ឬធ្វើឱ្យប៉ះពាល់​កិត្តិ​នាម សេចក្តីថ្លៃថ្នូ និងភាពស្អាតស្អំរបស់លោក។

មើលត្រង់ចំណុចគេឃើញថា សម្តេចតេជោ ហាក់កំពុងខ្ចីដៃក្រុមប្រឆាំងដែលដឹកនាំ​ដោយ​ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ជួយបង្វឹកសមត្ថភាពកូនប្រុសឱ្យកាន់តែខ្លាំងលើសមរ​ភូមិសាធារណៈមតិទេតើ។

កំណើននៃការវាយប្រហាររបស់ក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី មិនត្រឹមតែ​ជា​​ការបង្វឹកសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការតបតប៉ុណ្ណោះទេ តែគេមើលឃើញ​ផងដែរថា មេឧទ្ទាមក្បត់ជាតិ ក៏កំពុងតែធ្វើអត្តឃាតនយោបាយខ្លួនឯងផងដែរ។

សម រង្ស៉ី ត្រូវបានគេមើលឃើញថា នឹងគ្មានឱកាសវិលចូលប្រទេស ឬចូល​សមរភូមិ​នយោ​បាយវិញនោះឡើយ ដរាបណាសម្តេចតេជោ បន្តនៅដឹកនាំនាវាកម្ពុជា។ សម្តេចតេជោ​នា​យក​រដ្ឋមន្ត្រី ធ្លាប់បានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនលើកដៃចុះហត្ថលេខា ដើម្បីសុំ​កា​រ​លើកលែងទោសឱ្យទណ្ឌិត សម រង្ស៉ី នោះឡើយ។ តាមច្បាប់នៅកម្ពុជា បើគ្មានការទូល ថ្វាយរបស់សម្តេចតេជោ សូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រទេនោះ គឺ សម រង្ស៉ី គ្មានឱកាស​វិលចូលប្រទេស និងចូលសមរភូមិនយោបាយនោះឡើយ។

ប៉ុន្តែមានសេនារិយោមួយដែលនាំឱ្យគេបារម្ភនៅពេលមានការផ្លាស់ប្តូរឋានៈនាយករដ្ឋមន្ត្រីពីសម្តេចតេជោ ទៅលោក ហ៊ុន ម៉ាណែត។ គេបារម្ភថា នៅពេលលោក ហ៊ុន ម៉ាណែត ទទួលបានឋានៈជានាយករដ្ឋមន្ត្រី អាចចាញ់ការលួងលោមណាមួយពីក្រុមប្រឆាំង ឬទណ្ឌិត សម រង្ស៉ី ហើយភ្លាត់ស្នៀតចុះហត្ថលេខា ដើម្បីទូលថ្វាយសូមការប្រោសព្រះរាជទានទោស​ពី​ព្រះមហាក្សត្រជូនទៅជនក្បត់ជាតិ សម រង្ស៉ី។

ដូច្នេះការព្យាយាមបង្កើតសង្គ្រាមសម្តីរបស់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំង កំពុងសាង​កំពែង​ចិត្តមេ​ត្តាដ៏ធំមួយសម្រាប់លោក ហ៊ុន ម៉ាណែត ចំពោះក្រុមជនក្បត់ជាតិទាំងនេះ។ តាមរយៈការវាយប្រហាររបស់ក្រុមប្រឆាំងទៅលោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យលោក​ចិត្ត​កាន់​តែដាច់ និងគ្មានចិត្តសណ្តោសណាមួយដល់មេឧទ្ទាមប្រកបដោយគ្រោះថ្នាក់សម្រាប់ជាតិ សម រង្ស៉ី ទៀតនោះឡើយ។

ជាសេចក្តីសន្និដ្ឋានរួមមក ការដឹកនាំចលនាវាយប្រហារលើលោក ហ៊ុន ម៉ាណែត ពីសំណាក់​ជនក្បត់ជាតិ សម រង្ស៉ី គឺជាការធ្វើអត្តឃាតនយោបាយរបស់ខ្លួនឱ្យ​សាប​សូន្យលុះអស់​សង្ខារ។ ការវាយប្រហារលើលោក ហ៊ុន​ ម៉ាណែត គឺជារបៀបធ្វើសកម្មភាពដ៏ឆោតល្ងង់បំផុតរបស់ជនក្បត់ជាតិ សម រង្ស៉ី៕

No comments:

Post a Comment