សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដួលរលំធនាគារនៅសហរដ្ឋអាមេរិក ធ្លាប់បានកើតមានរួចទៅហើយ នៅលើកទី១ វិបត្តិអាស៊ី និងវិបត្តិហិរញ្ញវត្ថុអាស៊ី នៅឆ្នាំ១៩៩៧ ពេលនោះពិតជាប្របូកច្របល់នៃធនាគារ នៅតាមបណ្តាប្រទេសនានា រាប់ទាំងធនាគារនៅកម្ពុជាផងដែរ ប៉ុន្តែធនាគារនៅកម្ពុជា ពេលនោះមានខ្នាតតូច បើប្រៀបធៀបនឹងបណ្តាធនាគារនៅប្រទេសធំៗ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កាលនោះ មានពលរដ្ឋមួយចំនួនបានបង្ខំចិត្តទៅដកលុយពីធនាគារក្នុងរយៈពេល ៣អាទិត្យ ធ្វើឱ្យធនាគារមួយចំនួនត្រូវបានដួលរលំដោយសារអស់សាច់ប្រាក់ក្នុងធនាគារ ប៉ុន្តែបន្ទាប់ពី ៣អាទិត្យក្រោយមក បែរជាពលរដ្ឋកម្ពុជា នាំគ្នាយកលុយទៅតម្កល់ទុកនៅធនាគារវិញ ដែលធ្វើឱ្យធនាគារមួយចំនួន រាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស បានដំណើរជាធម្មតា។
សម្តេចតេជោ ថ្លែងរំលឹកថា នៅឆ្នាំ២០០៨ ជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសាកល ដែលផ្តើមចេញពីការដួលរលំនៃធនាគាររបស់អាមេរិក គឺមិនមានផលប៉ះពាល់ដល់កម្ពុជានោះទេ ពិតមែនពេលនោះ រាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់ហានិភ័យដោយតម្លើងអត្រាកាតព្វកិច្ចចាប់ពី៧% ទៅ១២% នេះជាការបម្រុងទុកទប់ទល់នឹងស្ថានភាពអាក្រក់។
ទន្ទឹមនោះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ឥឡូវនេះបន្ទាប់ពីបណ្តាធនាគារចេះគ្រប់គ្រងដោយខ្លួនឯងជាមួយនឹងហានិភ័យនានា ដូច្នេះរាជរដ្ឋាភិបាល បានទន្លាក់អត្រាទុនបម្រុងកាតព្វកិច្ចនៅត្រឹម ៧,៥%តែប៉ុណ្ណោះ។ សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានដាក់ប្រាក់នៅធនាគារសូមកុំស្លន់ស្លោរ ពីព្រោះការស្លន់ស្លោរនឹងធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ ដូចជាបាត់បង់អត្រាការ ដោយដកមុនពេលកំណត់៕
No comments:
Post a Comment