Thursday, March 16, 2023

វិភាគអន្តរជាតិ៖ ចិន និង «អនាគតគោលនយោបាយការបរទេស» របស់កម្ពុជា


(សិង្ហបុរី)៖ ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានប្រទេសទាំង២ហៅថាជា «មិត្តដែកថែប»។ ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា និងចាប់តាំងពីឆ្នាំ២០១២មក ចិនបានវ៉ាដាច់ជប៉ុន ក្លាយជាអ្នកផ្ដល់ជំនួយ និងកម្ចីអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់កម្ពុជា។ ដោយសារតែទំនាក់ទំនងមិត្តដែកថែបនេះឯង នៅពេលដែលកម្ពុជាទទួលយកញញួរជាប្រធានអាស៊ានកាលពីចុងឆ្នាំ២០២១ វាបានធ្វើឱ្យមនុស្សមួយចំនួនគិតថាកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងទទួលបរាជ័យ។


ប៉ុន្តែ ផ្ទុយពីការគិតបែបនេះ កម្ពុជាបានធ្វើឱ្យគេភ្ញាក់ផ្អើល តាមរយៈការបង្ហាញការអនុវត្តគោល «នយោបាយបរទេសប្រកបដោយឯករាជ្យភាព» អំឡុងកាន់តំណែងជាប្រធានអាស៊ានពេញមួយ ឆ្នាំ២០២២ មិនចំណុះឱ្យបរទេស រាប់ទាំងចិនផងដែរ។ កម្ពុជាបានចាប់ផ្ដើមតំណែងជាប្រធានអាស៊ាន ជាមួយការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំរបបសឹក លោក មីន អោងឡាំង។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងធ្វើឡើងដោយមេដឹកនាំអាស៊ាន ចាប់តាំងពីផ្ទុះរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។

ជាការពិតណាស់ ដំណើរទស្សនកិច្ចនេះមិនអាចជំរុញឱ្យលោក មីន អោងឡាំង អនុវត្តតាមផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាននោះទេ ហើយនេះក៏ប្រហែលជារឿងដែលគេដឹងជាមុនផងដែរ ពីព្រោះថាវិបត្តិនៅមីយ៉ាន់ម៉ាមានភាពស្មុគស្មាញខ្លាំងដែលសូម្បីតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏មិនអាចដោះស្រាយបានផង ដោយសារតែវាមានជាប់ពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍ របស់ពួកមហាអំណាច។ តួយ៉ាង រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលធ្លាប់បានបំពេញទស្សនកិច្ច ២លើកទៅកាន់មីយ៉ាន់ម៉ា ក្នុងនាមជាបេសកជនពិសេសអាស៊ានធ្លាប់បានលើកឡើង ដែរថាក្នុងរយៈពេលខ្លី គេមិនអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមរយៈកិច្ចប្រជុំមួយលើក ឬ ២លើកនោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២ ប្រមុខការទូត កម្ពុជារូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគ្រាន់តែជាបេសកជនម្នាក់ប៉ុណ្ណោះ។ ខ្ញុំមិនមែនជា Superman​ ទេ ហើយខ្ញុំគិតថាបើទោះជា Superman ក៏មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ភ្លាមៗបាន​នោះដែរ»។

តែទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលគេមិនអាចប្រកែកបាន នោះគឺដំណើរទស្សនកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បាននាំឱ្យមានការដោះលែងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស អ្នកកាសែតជប៉ុន និងពលរដ្ឋអូស្ត្រាលីម្នាក់ ឈ្មោះ Sean Turnell ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាង ៦៥០ថ្ងៃនៅមីយ៉ាន់ម៉ា។ សូម្បីតែនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese ក៏បានអរគុណ និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផងដែរ។ នៅបន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០២២ កម្ពុជាបានផ្លាស់ប្ដូរវិធី ដោះស្រាយបញ្ហា និងយុទ្ធសាស្ត្រការទូតរបស់ខ្លួន ដើម្បីការពារ ក៏ដូចជារក្សាតុល្យភាពផលប្រយោជន៍ជាតិ ភាពជាមេដឹកនាំនៅក្នុងតំបន់ និងឥទ្ធិពលចិន តាមរយៈការចូលរួមជាមួយសមភាគីអាស៊ាន និងបន្តមិនអញ្ជើញរដ្ឋបាលរបបសឹកចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។

នយោបាយការទូតឯករាជ្យរបស់កម្ពុជា បានលេចចេញជារូបរាងកាន់តែច្បាស់ នៅពេលត្រូវដោះស្រាយជាមួយសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ជារឿងដ៏ភ្ញាក់ផ្អើល កម្ពុជាបានប្រកាន់ជំហរ មិនផ្លាស់ប្ដូរ ក្នុងការថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយថែមទាំងបានបោះឆ្នោតគាំទ្រលើដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន នៅខែមីនា និងខែតុលា ឆ្នាំ២០២២ទៀតផង។ នៅពេលនោះ មនុស្សខ្លះប្រហែលជាអាចគិតថាកម្ពុជាអាចនឹងដើរតាមចិនដែលជាមិត្តដែកថែប ដោយបដិសេធថ្កោលទោសទង្វើរបស់រុស្ស៉ី ឬក៏អាចប្រកាន់ យកជំហរអព្យាក្រឹត ក៏ព្រោះតែមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ មិនគួរណាឡើយ កម្ពុជាប្រកាន់ជំហរចូលរួមជាមួយលោកខាងលិចសោះ។ មិនត្រឹមតែគាំទ្រខាងការទូតប៉ុណ្ណោះទេ កម្ពុជាបានផ្ដល់ ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសដោះគ្រាប់មីន ដល់អ្នកជំនាញអ៊ុយក្រែន។ លើសពីនេះទៅទៀត កម្ពុជាបានជួយសម្រួលឱ្យអ៊ុយក្រែនបានចូលរួមក្នុង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិអាស៊ាន (TAC)។

ទោះជា TAC មើលទៅគ្រាន់តែជានិមិត្តរូបក៏ដោយ ក៏ប៉ុន្តែការចូលរួមរបស់អ៊ុយក្រែន ក្នុងសន្ធិសញ្ញានេះគឺជាសារមួយយ៉ាងរឹងមាំផ្ញើទៅកាន់ទីក្រុងមូស្គូថា អាស៊ានគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃ រដ្ឋជាសមាជិក UN​ ទាំងអស់ ហើយដែលនេះជាគោលការណ៍ស្នូលរបស់ TAC។ ដោយធ្វើដូច្នេះ កម្ពុជាអាចផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ និងបណ្ដាប្រទេសដទៃពីការទទួលស្គាល់អធិបតេយ្យ និងបូរណភាពទឹកកម្ពុជា ជាពិសេសក្នុងករណីមានវិវាទព្រំដែនជាមួយប្រទេសក្បែរខាង។ នៅក្នុងអាណត្តិជាប្រធានអាស៊ាន នយោបាយការទូតឯករាជ្យរបស់កម្ពុជាបានបង្ហាញថា «ទោះជាមិត្តក៏ដោយ ក៏ ផលប្រយោជន៍ត្រូវបែងចែងគ្នាឱ្យច្បាស់» ហើយក៏មិនអាចយកទំនាក់ទំនង មកបង្គាប់ឱ្យកម្ពុជាត្រូវធ្វើបែបនេះ ឬត្រូវធ្វើបែបនោះឡើយ។ នេះជាទិសដៅវិជ្ជមានមួយសម្រាប់គោលនយោបាយការបរទេស កម្ពុជា និងជាជោគជ័យដ៏មានសក្ដានុពលសម្រាប់កម្ពុជា។ បើតាមការស្ទង់មតិមួយក្នុងឆ្នាំ២០២៣នេះ ធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ប្រជាជនកម្ពុជា ដែលត្រូវបានសម្ភាសន៍ មានច្រើនជាង ៩០ភាគរយឯណោះ បានបង្ហាញការគាំទ្រដល់ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាចំពោះសង្រ្គាមនៅអ៊ុយក្រែន។ នេះគឺជាអត្រាខ្ពស់បំផុតមួយនៅក្នុងចំណោម ប្រទេសជាសមាជិកអាស៊ានទាំងអស់ និងជាពិសេសខ្ពស់ជាងឥណ្ឌូណេស៉ីដែលបច្ចុប្បន្នជាប្រធានអាស៊ានជាប្រធាន G20 កាលពីឆ្នាំ២០២២ ទៅទៀត។ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ ថែមទាំងបានដឹកនាំយុទ្ធនាការការទូតដោយផ្ទាល់បំពេញទស្សនកិច្ចដោយផ្ទាល់ នៅរុស្ស៉ី និងអ៊ុយក្រែន ដើម្បីសាកល្បងសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ប៉ុន្តែទទួលបានអត្រាគាំទ្រត្រឹមតែ ៥១.២ភាគរយប៉ុណ្ណោះ។ ចំណែកឯ សិង្ហបុរីដែលជាសមាជិកអាស៊ានតែមួយគត់បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ី ទទួលបានការគាំទ្រពីប្រជាជន ៦៨.៣ភាគរយ ខណៈថៃដែលបោះឆ្នោតអនុបវាទ ដំណោះស្រាយថ្កោលទោសការកាត់យកទឹកដីអ៊ុយក្រែនដោយរុស្ស៉ី ទទួលបានការគាំទ្រ ២៦.៤ភាគរយ។

ចំណាត់ការរបស់កម្ពុជាចំពោះសង្រ្គាមនៅអ៊ុយក្រែន វាមិនមែនជាការសម្រេចចិត្តដោយតក់ក្រហល់នោះទេ ប៉ុន្តែវាត្រូវបានធ្វើឡើងប្រកបដោយការគណនាខាងយុទ្ធសាស្រ្តដោយប្រុងប្រយ័ត្ន ក្នុងការអនុវត្ត ការទូតឯករាជ្យ និងការពារប្រយោជន៍ជាតិ ហើយនយោបាយការទូតបែបនេះអាចនឹងត្រូវបន្សល់ទុកទៅអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។ ទោះបីជាកម្ពុជាត្រូវការប្រយោជន៍សេដ្ឋកិច្ចពីចិន តែក៏មិនចាំបាច់អី ត្រូវធ្វើឱ្យខ្លួនឯងពឹងផ្អែកទាំងស្រុងទៅលើចិន ឬត្រូវធ្វើតាមបង្គាប់របស់ចិននោះដែរ។ ក្រៅតែពីចិន កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃផងដែរ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្នាំ២០២២ជាមួយកូរ៉េខាងត្បូង ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលបានចូលជាធរមានក៏ត្រូវបានគេរំពឹងដែរថានឹងជួយបង្កើនការវិនិយោគបរទេសដោយផ្ទាល់ ទៅកាន់កម្ពុជា។

នៅក្នុងបរិបទភូមិសាស្ត្រនយោបាយសព្វថ្ងៃ ដើម្បីអនាគតសេដ្ឋកិច្ច និងសន្តិសុខ ប្រទេសណាក៏ដោយក៏មិនអាចពង្រឹងទំនាក់ទំនង ឬផ្ដេកផ្ដួលលើទំនាក់ទំនងជាមួយមហាអំណាចតែមួយគត់ឡើយ ម្លោះហើយ អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជាគួរតែបន្ត «ធ្វើពិពិធកម្មនយោបាយការបរទេស» របស់ខ្លួន និងបង្ហាញថា «កម្ពុជានឹងមិនយកពងមាន់របស់ខ្លួនទាំងអស់ទៅដាក់ក្នុងកន្ត្រករបស់ចិននោះទេ»៕ (Fresh News)

No comments:

Post a Comment