Monday, September 16, 2019

លោក ថោង ខុន អំពាវនាវដល់គ្រប់វត្តទាំងអស់ត្រូវរក្សាភាពស្អាត អនាម័យចំណីអាហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត ប្រ​ជាពុទ្ធបរិស័ទនៅទូទាំងប្រទេសត្រូវគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាភាពស្អាត អនាម័យ និងសុវត្ថិភាពចំណីអាហារ ចង្ហាន់ជាដើមឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌតាំ​ងពីថ្ងៃកាន់បិណ្ឌទី១ទៅ។ លោកបានថ្លែងដូចនេះក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញរាប់បាត្រដា​ក់បិណ្ឌក្នុងពិធីកាន់បិណ្ឌទី១ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តស្វាយជីអោក ស្ថិតនៅភូមិស្វាយជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំមូលដ្ឋានក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក។
លោករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់វត្តអារាម ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័​ទ សូមគិតគូរលើការថែរក្សាភាពស្អាត អនាម័យ សុវត្ថិភាពចំណីអាហារជាដើមដើម្បីញ៉ាំងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះឲ្យប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ។ លោករដ្ឋមន្ត្រី ក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយភាពសប្បាយរីករាយ និងមានការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្ន។ ខណៈរដូវវស្សាកំពុងឈានចូលមកដល់នោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត ឲ្យប្រជាកសិករបង្កបង្កើនស្រូវ ផលដំណាំឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ការហូបចុក និងជំរុញការនាំចេញឱ្យកាន់​តែច្រើន។

លោក ថោង ខុន ក៏បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋានត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសត្រូវត្រៀមកម្លាំងជួយសង្គ្រោះប្រជាព​លរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិដោយប្រការណាមួយ ក៏ដូចជាបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នាឱកាសនោះ លោករដ្ឋមន្ត្រី បានចូលរួមឧបត្តម្ភថវិកាចំនួន ៥ពាន់ដុល្លារ កសាងសមិទ្ធផលក្នុងវត្តស្វាយជីអោកព្រមទាំងប្រគេនបច្ច័យមួយចំ​នួនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តផងដែរ៕



No comments:

Post a Comment