Monday, September 16, 2019

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចូលរួមពិធីកាន់បិណ្ឌទី១ បានចំនួន៣ វត្តស្ថិតនៅក្នុងស្រុកកោះធំ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១ នៅវត្តសំប៉ាន វត្តព្រែកតាដួង វត្តកំពង់សំបួរ ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ពិធីបែបព្រះពុទ្ធសាសនានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយមានការប្រារព្វពិធីផ្សេងៗ រួមមានដូចជា៖ នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា បោះបាយបិណ្ឌ ប្រគេនយាគូព្រះសង្ឃ រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់។
នៅក្នុងពិធីកាន់បិណ្ឌទី០១ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគេននៅនូវបច្ច័យជួនវត្តសំប៉ានទឹកប្រាក់ចំនួន ២៥០ដុល្លារសហរដ្ឋអាមេរិក វត្តព្រែកតាដួងទឹកប្រាក់ចំនួន២១០ ដុល្លារសហរដ្ឋអាមេរិក និងវត្តកំពង់សំបួរទឹកប្រាក់ចំនួន២៤៦ ដុល្លារសហរដ្ឋអាមេរិក និងប្រគេនគ្រឿងឧបភោគបរិភោគជូនដល់វត្តទាំង៣ដូចៗគ្នា។

ក្នុងពិធីកាន់បិណ្ឌទី០១ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជូនពរលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕




No comments:

Post a Comment