Monday, September 16, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសធ្វើបុណ្យទានតូចធំទៅតាមប្រពៃណីជាតិ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃបុណ្យកាន់បិណ្ឌថ្ងៃទី៣ តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសក្នុងការប្រារព្ធពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៣នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរនៅក្នុងប្រទេសជាតិបានប្រកបដោយក្តីសប្បាយសោមន្យរីករាយជួបជុំជាមួយញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕






No comments:

Post a Comment