Wednesday, September 04, 2019

អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យបញ្ឈប់ការកាប់ទន្រ្ទានព្រៃឈើខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរ

ស្របពេលដែលអាជ្ញាធរជាតិអប្សរាមានគម្រោងដាំកូនឈើឡើងវិញដើម្បីបំពេញលើផ្ទៃដីដែលបាត់បង់ក្នុងឧទ្យានអង្គរ ក្នុងនោះមានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃឈើដើម្បីកាន់កាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីភាពផ្ទុយគ្នាដែលម្ខាងខំការពារនិងដាំឡើងវិញ តែម្ខាងទៀតបែរជាប្រឹងទន្រ្ទានព្រៃឈើ ពង្រីកផ្ទៃដីដែលខ្លួនកាន់កាប់ ដែលពីមុនដីនោះជាដីព្រៃទៅវិញ។ តំបន់ដែលមានសកម្មភាពខ្លាំងក្លាជាងគេ គឺស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប។
សកម្មភាពនេះធ្វើឡើងនៅពេលដែលពួកគេបានឮថា អាជ្ញាធរជាតិអប្សរានឹងជីកប្រឡាយធ្វើព្រំដីព្រៃដើម្បីការពារពីការកាប់ទន្រ្ទានព្រៃឈើខុសច្បាប់នេះនាពេលខាងមុខ។ អាជ្ញាធរជាតិអប្សរាយល់ថា សកម្មភាពនេះមិនមែនជាការចូលរួមក្នុងយុទ្ធនាការស្ដារព្រៃឈើឡើងវិញក្នុងឧទ្យានអង្គរនោះទេ តែជាការបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងគោលការណ៍ថែរក្សាគម្របព្រៃឈើក្នុងឧទ្យានជាតិដែលជាសម្បតិ្តបេតិកភណ្ឌជាតិមួយនេះ។
អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពទាំងនេះជាបន្តទៀត ព្រោះវាផ្ទុយនឹងគោលការណ៍ដែលចង់ឱ្យព្រៃឈើក្នុងតំបន់ឧទ្យានអង្គរមានភាពបៃតង និងទាក់ទាញដល់ភ្ញៀវទេសចរ ក៏ដូចជាការពារប្រាង្គប្រាសាទក្នុងឧទ្យានទាំងមូល៕





No comments:

Post a Comment