Wednesday, September 04, 2019

ប្រជាកសិករ ៥០គ្រួសារជួបនឹងគ្រោះរាំងស្ងួត មកទទួលស្រូវពូជសែនក្រអូប និងជី ជាដើមទុនសម្រាប់បង្កបង្កើនផលកសិកម្ម

សៀមរាប៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្រូវពូជសែនក្រអូប និងស្រូវខា១៥ របស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ រួមទាំងគ្រាប់ពូជ និងជីគីមីសញ្ញាក្បាលក្របី ត្រូវបានចែកជូនដល់ប្រជាកសិករចំនួន៥០គ្រួសារមកពី៦ភូមិ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយបានធ្វើការបង្ហាញនូវបច្ចេកទេសការព្រោះស្រូវ តាមឧបករណ៍របស់កសិកម្ម នៅវាលស្រែក្នុងភូមិតាជេត ឃុំសំរោងយា ដោយមានវត្តមានចូលរួមរបស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិ កម្មរុក្ខាប្រមាញ់និងនេសាទ និង លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក រួមទាំងអាជ្ញាធរឃុំ ភូមិ និងប្រជាកសិករផងដែរ ។
លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក បានឱ្យដឹងថា ដោយការទទួលនូវរបបទឹកភ្លៀងមានកម្រិតទាបជាងឆ្នាំមុន ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវ ដោយគ្រោះរាំងស្ងួតទូទាំងស្រុកពួកសរុបជាង ២ពាន់ហិកតា ក្នុងនោះនៅឃុំ សំរោងយា ក៏ទទួលរងគ្រោះ ១៦០ហិចតាផងដែរ ។
ឆ្លងតាមការណែនាំរបស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ ជាអ្នកឯកទេសបង្កាត់គ្រាប់ពូជ របស់ក្រសួងកសិកម្ម បានធ្វើការបង្ហាញអំពីបច្ចេកទេស លើការព្រោះគ្រាប់ស្រូវ តាមឧបករណ៍កសិកម្ម ដែលប្រើប្រាស់គ្រាប់ពូជតិច និង ទទួលផលខ្ពស់ ក្នុងនោះអ្នកឯកទេសក៏បានធ្វើការណែនាំដល់ប្រជាកសិករ សូមឲ្យចេះជ្រើសរើសគ្រាប់ពូជក្នុងការដាំដុះ រួមទាំងការប្រើប្រាស់ជីផងដែរ។
លោកបានឲ្យដឹងទៀតថា ការបង្ហាញបច្ចេក ទេសក្នុងការព្រោះស្រូវ ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រាប់ពូជច្រើន តែបានផលតិច ហើយការព្រោះស្រូវនាពេលនេះ នៅពេលធ្វើការ ប្រមូលផល យើងយកគ្រាប់ស្រូវនេះធ្វើជាស្រូវពូជបានបន្ត និង បានចែកពូជដល់បងប្អូនប្រជាកសិករឯទៀតយកទៅប្រើប្រាស់ផង ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបញ្ចាក់ថា ស្រូវពូជទាំងនេះ ជាប្រភេទពូជស្រូវសែនក្រអូប និងខា១៥ អាចដាំដុះបានដោយមិនប្រកាន់រដូវ មានអាយុកាលនៃការដាំដុះរហូតដល់បានទទួលផល ក្នុងអំឡុងពី ១១០ថ្ងៃ ទៅ ១១៥ថ្ងៃ ។ ពូជស្រូវទាំងនេះ ត្រូវបានចាត់ចែងផលិតដោយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ មានគុណភាពបន្សុទ្ធពូជមិនទាបជាង៩៥% ធានាការដំណុះគ្រាប់មិនទាបជាង៨០% នោះឡើយ ។
លោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូច រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគិតដល់ប្រជាកសិករនៅក្នុងស្រុកពួក ដែលទទួលរងគ្រោះភាពរាំងស្ងួតធ្ងន់ជាងបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ហើយក៏បានបញ្ចុះនូវមន្ត្រីបច្ចេក ទេសជំនាញស្រូវកសិកម្ម មកធ្វើការបង្ហាត់បង្ហាញ ដើមី្បធ្វើការស្ការនូវរាល់ផលប៉ះពាល់ខូចខាតកន្លងមក ព្រមទាំងនាំមកនូវស្រូវពូជ ជូនដល់បងប្អូនទៀតផង។
ក្រៅពីស្រូវពូជ មន្ទីរបានសហការជាមួយក្រុមហ៊ុន ផ្តល់នូវជីគីមី ដើមី្បជូនបងប្អូនប្រើប្រាស់ដាក់ស្រូវ ហើយ មន្ទីរកសិកម្មខេត្ត ក៏នឹងបន្តចែកជូននូវគ្រាប់ពូជ ដំណាំ បន្លែ ដែលជាដំណាំរួមផំ្សក្នុងការទ្រទ្រង់ជីវភាពតាមក្រុមគ្រួសារទៀតផង ។ លោកប្រធានមន្ទីរ ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងផ្តល់នូវបទពិសោធន៍ល្អៗ ជូនដល់បងប្អូនប្រជាកសិករ ដើមី្បទទួលបាននូវចំណេះដឹង បទពិសោធន៍ លើការងារបង្កបង្កើនផល និង ការប្រើប្រាស់ជី ព្រមទាំងថ្នាំសម្លាប់សត្វល្អិត ឬស្មៅ ឲ្យបានត្រឹមត្រូវទៅតាម ការណែនាំរបស់ក្រសួងកសិកម្មទៀតផង ។
គ្រាប់ស្រូវពូជ ដែលប្រជាកសិករទាំង ៥០គ្រួសារទទួលបាន ១គ្រួសារ ស្រូវពូជ ១០០គក្រ និង ជីគីមី ២៥គក្រផងដែរ ៕




No comments:

Post a Comment