Wednesday, September 04, 2019

លោក ទៀ បាញ់ អញ្ជើញដាំកូនឈើចំនួន ១៧១៧៩ ដើមនៅខ្នងភ្នំគូលែន

កូនឈើ ចំនួន១៧១៧៩ដើម ត្រូវបានដាំនៅតំបន់ព្រៃរីករឹលលើភ្នំគូលែន ក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីស្ដារព្រៃឈើឡើងវិញ ក្រោមប្រធានបទបទ ” សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ ” ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដោយមានវត្តមានអមដំណើរនាឱកាសនោះលោក ទៀ សីហា អភិបាលនៃគណ:អភិ បាលខេត្តសៀមរាប រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងការពារជាតិ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការ, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត , សិស្សានុសិស្ស , យុវជនកាយរិទ្ធ , អង្គការជាដៃគូ និង ប្រជាពលរដ្ឋច្រើនកុះករបានចូលរួម។
ការដាំកូនឈើនេះ គឺរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្ថាប័នរដ្ឋពាក់ព័ន្ធ និងអង្គការជាដៃគូ។ ការដាំកូនឈើនេះឡើង ក្នុងគោលបំណងស្តារស្ថានភាពព្រៃឈើឡើងវិញ ដើម្បីធ្វើឲ្យប្រព័ន្ធអេកូឡូស៊ី និងគម្របព្រៃបៃតង ព្រមទាំងធ្វើយ៉ាងណាការពារឲ្យមាននូវប្រភពទឹកនៅលើខ្នងភ្នំគូលែននេះបានល្អប្រសើរ នៅតំបន់ភ្នំគូលែននេះ ដែលជាកន្លែងដ៏មានសារៈសំខាន់បំផុត ពីព្រោះមានរមណី យដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិប្រណីតៗ ទីសក្ការៈយ៉ាងច្រើន ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត និង ស្រាវជ្រាវពី សក្តានុពល ប្រពៃណីនៅតំបន់ភ្នំគូលែននេះ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសដាំកូនឈើនោះ លោក ទៀ បាញ់ ក៏បានបញ្ជាក់ថា ការដាំកូនឈើនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ។ គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកប ដោយប្រសិទ្ធភាព និងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និង ប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតងកាន់តែស្រស់ត្រកាលឡើង។ ម៉្យាងទៀតថ្ងៃនេះក៏មានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ និង ចូលរួមដាំដុះ ការពារថែរក្សាព្រៃឈើ ក្នុងការជួយជម្រុញផលប្រយោជន៍ដល់ប្រជារាស្ត្រយើង ក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។
លោក បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស សំខាន់ការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ឲ្យមាននិរន្ត ភាព ក្នុងការទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ការឈប់បបាញ់សត្វ ហើយរួមគ្នាការការពារព្រៃឈើ ក៏ដូចធនធានធម្មជាតិឲ្យបានកាន់តែសម្បូរបែប ការបង្កើនគម្របព្រៃតាមរយៈការដាំស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាត។
លោក ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ថា ប្រជា សហគមន៍ អាចដកហូតប្រើប្រាស់ផលអនុផលព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និង ផ្តល់សេវាទេសចរណ៍ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ និងការអភិវឌ្ឍសហគមន៍ឱ្យបានកាន់តែប្រសើរឡើង។
ក្នុងនោះ លោក ទៀ បាញ់ ក៏បានលើកនូវចំណុចសំខាន់ៗ មួយចំនួនដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីអភិរក្សបរិស្ថាន និង អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យផលនៅខ្នងភ្នំគូលែន ក្នុងជីវភាពប្រចាំថ្ងៃ និង ត្រូវគោរពឲ្យខាងតែបាននូវរាល់ចំណុច ដែលលោកបានលើកឡើង តែបើជនណាដែលប្រព្រឹត្តដូចក្នុងបំរាមដែលបានលើកនេះ ក៏ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិជាដើម៕





No comments:

Post a Comment