Thursday, September 12, 2019

កម្ពុជា-ឡាវ កំណត់ខណ្ឌសីមាបានចំនួន៨៦ភាគរយ នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ

កម្ពុជា-ឡាវ បានកំណត់ខណ្ឌសីមា ចំនួន៨៦ភាគរយហើយ នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមចេញសេចក្តីថ្លែងការណ៍រួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សេចក្តីថ្លែងការណ៍រួមខាងលើនេះ បានបង្ហាញបន្ទាប់ពីជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានបញ្ចប់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរ បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាង ឲ្យបានឆាប់បំផុតនូវ សន្ធិសញ្ញាស្តីពី ការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរ បានកំណត់ខណ្ឌសីមា រួចរាល់ហើយ ចំនួន៨៦% នៃខ្សែព្រំដែនរវាង ប្រទេសទាំងពីរ»។

សេចក្ដីថ្លែងការណ៍រួម បានបន្ថែមទៀតថា ចំពោះកំណាត់ព្រំដែន ដែលនៅសេសសល់មិនទាន់ខណ្ឌសីមា ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា នឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហា ដោយសន្តិវិធីឱ្យបានឆាប់បំផុត។
សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ថា ភាគីទាំងពីរ ក៏បានឯកភាពប្រគល់ភារកិច្ច ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ឲ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែម នៅលើកំណាត់ព្រំដែន ចំនួន៨៦ភាគរយ និងផលិតផែនទីព្រំដែន ដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរ បានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញាដូចពោលខាងលើ៕





No comments:

Post a Comment