Thursday, September 12, 2019

កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពមនុស្សចាស់ដល់ប្រជាពលរដ្ឋនៅភូមិព្រៃគគីរ

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ គម្រោងអប់រំសុខភាពមនុស្សចាស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពមនុស្សចាស់ដល់ប្រជាពលរដ្ឋចំនួន ៣០នាក់ (ស្ត្រី ១៦នាក់) នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំកម្ពុជា លោក ថា សុភាតារា ប្រធានមណ្ឌលសុខភាពព្រៃគគីរ។ គម្រោងនេះធ្វើឡើងក្រោមប្រធានបទ «ការប៉ាន់ប្រម៉ាណអំពីសុខភាពប្រជាជន ការពិនិត្យសម្ពាធឈាម ការវាស់ (IBM) ការធ្វើតេស្ដឈាមមើលជាតិស្ករ ការបង្ការ​ជំងឺមិនឆ្លង ការហាត់ប្រាណ ការធ្វើសមាធិ និងការកំណត់រកអ្នកត្រូវបញ្ជូនទៅទទួល​សេវ៉ា​នៅមណ្ឌលសុខភាព»។
គោលបំណងក្នុងគម្រោងនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺមិនឆ្លងរួមមាន ជម្ងឺមហារីក ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ឈឺសន្លាក់ដៃជើង និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

ក្នុងរយៈពេលផ្សព្វផ្សាយ ពិនិត្យ និងអប់រំសុខភាពមនុស្សចាស់នេះ បានរកឃើញថាប្រជា​ពលរដ្ឋភាគច្រើនមានជម្ងឺលើសសម្ពាធឈាម ប៉ុន្តែខាងមណ្ឌលសុខភាពបានធ្វើការបញ្ជូនពួកគាត់ទៅទទួលថ្នាំនៅមណ្ឌលសុខភាព៕


No comments:

Post a Comment