Thursday, September 12, 2019

លោក គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែបានប្រទានជូនដល់​ប្រជា​រាស្រ្ត​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ចំនួន ៨៥៧​គ្រួសារ

ក្រចេះ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហា​ក្សត្រ នៃព្រះ​រាជាណា​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្ដម មុនីនាថ សីហនុព្រះវរាជមាតាជាតិខ្មែរ អមដំណើរដោយលោក គុយ សុផល ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ លោក លោកស្រី ជាតំណាងកាក​បាទក្រហមកម្ពុជា តំណាងក្រសួងស្ថាប័ននានា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះ​មហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន ៨៥៧​គ្រួសារនៅភូមិចំនួន៤ គឺភូមិម្រើម ភូមិតាងួន ភូមិជួរជ្រៃ និងភូមិខ្នងពស់ ក្នុង​​ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងឱកាសជួបសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះហឬទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជា​ទី​ក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូន កូនចៅ ចៅទូត នៅទូទាំងប្រទេស ពិសេសព្រះ​ហឬទ័យ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្ររបស់ព្រះ​អង្គ។
លោកក៏បានលើកឡើងផងដែរនូវការសាកសួរសុខទុក្ខ និងការផ្ដាំផ្ញើពីសំណាក់រាជរដ្ឋា​ភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់​បងប្អូនប្រជាពល​រដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលលោកបានដឹកនាំប្រទេសជាតិ នាំ​មក​នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីក​ចំរើន​លើគ្រប់វិស័យ ពិសេសបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបាន​ការកោតសសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន តែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការ​ជួយ​សង្គ្រោះប្រជាពល​រដ្ឋ ដែលរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់​និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៏ណាមួយឡើយ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែបានប្រទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ចំនួន ៨៥៧គ្រួសារ ដោយក្នុង ១គ្រួសារទទួល​បាន អង្ករ ៥០​គីឡូក្រាម ឃីត ១កញ្ចាប់ (មុង១ ភួយ១ សារុង១ និងក្រម៉ា​១) មី ១កេស ត្រី​ខ ១០កំប៉ុង កៅស៊ូតង់ ១ផ្ទាំង អាវ យឺតមានស្លាកព្រះ​រាជអំណោយព្រះករុណា ព្រះ​បាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជាណា​ចក្រកម្ពុជាចំនួន១ និងថវិការចំនួន ២០​ម៉ឺន​រៀល៕




No comments:

Post a Comment