Thursday, September 12, 2019

លោកទៀ សីហា ជំរុញឲ្យមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធលូបង្ហូរទឹកភ្លៀង

សៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូអន្តរមន្ទីរ ចុះពិនិត្យផ្លូវប្រឡាយទឹកកខ្វក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងការពង្រីក និង បើកសម្រួលផ្លូវមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ បានលើកជាសំណូមពរនាពេលកន្លងមក ដោយផ្លូវមួយចំនួនបានបង្កឲ្យមានភាពតូចចង្អៀត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងផ្លូវមួយចំនួនទទួលរងការខូចខាត ដែលត្រូវរៀបចំធ្វើការជួសជុល ស្ថាបនា ឡើងវិញ ដោយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ក្រោមគម្រោងថវិការបស់សាលាខេត្ត ស្ថិតក្នុងភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
ខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍន៍ខេត្ត ឲ្យកាន់ តែមានសោភ័ណ្ឌភាពស្រស់ត្រកាលឡើងថែមទៀត ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរ និង គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ដែលបានចូលមកកាន់ខេត្តសៀមរាប ។ ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និង បម្រើសេវាកម្មទេសចរណ៍ អាជ្ញាធរខេត្តក៏បានលើកនូវគម្រោង ក្នុងការជួសជុលផ្លូវក្នុងក្រុងសៀមរាប ។
ក្នុងការចុះពិនិត្យផ្លូវនាឱកាសនោះ លោក ទៀ សីហា ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរសាធារណការ និង អាជ្ញាធរ ក្រុង សង្កាត់ គឺ ត្រូវសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យដោយផ្លូវទាំងនេះ ឲ្យពួកគាត់មានការចូលរួម សហការជាមួយក្រុមវិស្វកម្មសាធារណការ ក្នុងការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងឲ្យបានរួចរាល់ មុនការរៀបចំធ្វើការជួសជុល ស្ថាបនាផ្លូវទាំងនេះ ក្នុងការបញ្ជៀសនូវការទឹកដក់នៅលើទ្រូងផ្លូវ ដែលធ្វើឲ្យផ្លូវឆាប់ខូចខាត ព្រមទាំងសុំកុំឲ្យបងប្អូនយកដី ចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវថ្មើរជើង និង អ្នកជិះកង់ម៉ូតូ ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្នុងក្រុងទៀតផង។
ក្នុងការពិនិត្យនោះ លោកក៏បានដាក់ផែនការឲ្យអាជ្ញាធរក្រុង សង្កាត់ ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានសាងសង់លំនៅដ្ឋាន សណ្ឋាគារ រំលោភលើដីផ្លូវ និង នៅលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញ ដោយខេត្តមានគម្រោងធ្វើការរៀបចំផ្លូវមួយចំនួន សំខាន់ស្ថិតក្នុងតំបន់ផ្សាររាត្រី ដោយយកទ្រូងខ្នងលើប្រឡាយធ្វើជាផ្លូវ ក្នុងការបញ្ជៀសភាពកកស្ទះចរាចរណ៍ តែសម្រាប់យានយន្តតូចៗ តែប៉ណ្ណោះ ។
ក្នុងនោះដែរ ដោយលោក បានទទួលសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមតាមផ្លូវ ពីកេរ្ត៍សគោល ភ្ជាប់មកផ្លូវសម្តេចសង្ឃ ទេព វង្ស សុំឲ្យអាជ្ញាធរខេត្ត បើកផ្លូវលក្ខណៈកដបនេះ ដែលមានប្រវែងប្រមាណ ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ដែលបានជាប់គាំងជាច្រើនអាណត្តិមកហើយនោះ ។ លោក ទៀ សីហា ក៏បានជម្រាបបងប្អូនផងដែរថា ករណីផ្លូវនេះ គឺជាជម្ងឺរ៉ាំរ៉ៃយូមកហើយ តែអាជ្ញាធរខេត្តក៏មិនប្រងើយកន្តើយផងដែរ ចំពោះលំនៅដ្ឋានទាំងពីរសង្ខាងផ្លូវនេះ ខេត្តនឹងធ្វើការអនុវត្តទៅតាមច្បាប់ភូមិបាលដែលបានកំណត់ ចំពោះពួកគាត់ផងដែរ ។
ឱកាសនោះដែរលោក និង ប្រតិភូក៏បានបន្ត ចុះពិនិត្យបណ្តាផ្លូវខ្នែង និង ផ្លូវបំបែកចេញពីផ្លូវសម្តេចសង្ឃ ទេព វង្ស ដែល តភ្ជាប់ទៅផ្លូវប្រឡាយទឹកស្អុយ ផ្នែកខាងលិច ដែលមានលក្ខណៈតូចចង្អៀត ហើយផ្លូវបទបែនជាច្រើនកន្លែង ព្រមទាំងតែងបានបង្កឲ្យ មានការគ្រោះថ្នាក់ទៀតផង ។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកប្រធានមន្ទីរសាធារណការខេត្ត និង អាជ្ញាធរក្រុង សង្កាត់ ត្រូវធ្វើកិច្ចសហការគ្នា ធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវមួយនេះ ដើមី្បធ្វើការបើកពង្រីកទ្រូងផ្លូវ ទៅតាមការកំណត់របស់ច្បាប់ភូមិបាលដែលមានស្រាប់ ។ ម៉្យាងទៀតអាជ្ញាធរក្រុង និង ចៅសង្កាត់ ក៏ត្រូវធ្វើការសម្របសម្រួលជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងការបើកពង្រីកផ្លូវមួយខ្សែនេះ ។

នៅក្នុងនោះផងដែរលោកក៏សុំឲ្យមន្ទីរជំនាញ ក៏ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធលូបង្ហូរទឹកភ្លៀង នៅតាមដងផ្លូវដែលក្រុមវិស្វកម្មមន្ទីរសាធារណការ បានកំពុងធ្វើការជួសជុល។ លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សំខាន់បងប្អូនដែលមានលំនៅដ្ឋានតាមដងផ្លូវ និង ប្រឡាយទឹកទាំងនេះ សូមចូលរួមជា មួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមមន្ត្រីជំនាញ ក្នុងការថែរក្សាចំពោះ អនាម័យ បរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈ សុំកុំយកសម្រាមចាក់ចូលក្នុងលូ ឬ ប្រឡាយ ដែលធ្វើឲ្យស្ទះនូវចរន្តទឹកហូរ កកស្ទះក្នុងលូ ប្រឡាយទឹក និង ធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុង ទៀតផង៕



No comments:

Post a Comment