Thursday, September 12, 2019

ទស្សនៈ៖ ហូបម្ហូបថ្លៃៗ តែតម្លៃខ្លួនវិញគឺ ហ្សឺរ៉ូ!


អ្នកនយោបាយខ្លះធ្វើនយោបាយយូរៗទៅ ក៏អស់តម្លៃខ្លួនរលីង ដោយសារតែទង្វើរបោកប្រាស់ ភូតភរអ្នកគាំទ្រនិងប្រជាពលរដ្ឋដដែលៗពេក ធ្វើឱ្យគេលែងទុកចិត្ត និងអស់ជំនឿ។ នេះក៏ដោយសារតែសកម្មភាពរបស់អ្នកនយោបាយខ្លះ គឺប្រៀបបាននឹងសត្វកញ្ជ្រោងដែលពាក់ស្បែកចៀមបន្លំខ្លួនដូច្នេះដែរ ខំប្រឹងសម្តែងធ្វើល្អ មួយម៉ាត់ណាក៏ដើម្បីជាតិ និងប្រជាជនដែរ ប៉ុន្តែធាតុពិត គឺដើម្បីបម្រើមហិច្ឆតាដណ្តើមអំណាច និងគំនុំសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។ ករណីនេះប្រៀបបាននឹងសត្វកញ្ជ្រោង ដែលពាក់ស្បែកចៀមដូច្នេះដែរ មិនយូរមិនឆាប់ កន្ទុយកញ្ជ្រោងក៏លេចចេញមក ហើយដល់ពេលនោះប្រាកដណាស់ ស្បែកចៀមគឺលែងមានន័យទៀតហើយ សម្រាប់សត្វកញ្ជ្រោង។
ជាក់ស្តែង មានឧទាហរណ៍ស្រាប់ គឺជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដែលបានអួតក្តែងៗកាលពីពេលថ្មីៗនេះថា ខ្លួនជាមេដឹកនាំចលនាប្រឆាំងដំបូងគេនៅកម្ពុជានោះ បានប្រែប្រួលស្ទើរតែមិនគួរឱ្យជឿ។ គេសង្កេតឃើញថា ក្រោយពេលប្រឡូកចូលឆាកនយោបាយ ទណ្ឌិតរូបនេះ ធ្លាប់តែមានអ្នកគាំទ្រ និងអ្នកហែរហមច្រើននៅក្នុងពេលព្រឹត្តិការណ៍នីមួយៗ ដែលខ្លួនដឹកនាំ ប៉ុន្តែឥឡូវនេះវិញ គឺធ្លាក់ដុនដាបខ្លាំងណាស់ ឬអាចនិយាយបានម៉្យាងទៀតថា ជាអ្នកនយោបាយប្រៀបដូចជាចង្កៀងជិតអស់ប្រេង ដែលហៀបនឹងរលត់ទៅហើយ។ ជីវិតនយោបាយដែលធ្លាប់តែមានដង្ហើមរស់បាន ដោយការប្រមូលលុយពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសយ៉ាងកាប់កប សម្រាប់ចាយវាយសប្បាយនោះ ប្រែជាខ្សោះខ្សោយ និងតិចទៅៗ។ កុំថាឡើយនិយាយដល់រឿងប្រមូលលុយ សូម្បីហៅគេទៅស្តាប់វេទិការបស់គាត់ នៅតាមបណ្តារដ្ឋនានានៅបរទេស ក៏លែងសូវមានអ្នកចូលរួមដែរ។ ចំនួនអ្នកចូលរួមកាន់តែតិចនេះ បង្ហាញថាប្រជាប្រិយភាព និងតម្លៃខ្លួនរបស់ទណ្ឌិតរូបនេះ គឺបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចសង្គ្រោះឡើងវិញបានឡើយ។ ប៉ុន្តែវាមិនចម្លែកទេ សម្រាប់អ្នកដែលស្គាល់ពីធាតុពិតរបស់ទណ្ឌិត សម រង្ស៊ី។ ព្រោះថា ការដែលចំនួនអ្នកគាំទ្រទណ្ឌិតរូបនេះ បានធ្លាក់ចុះជាលំដាប់នោះ ក៏ព្រោះតែជននេះធ្វើនយោបាយបោកប្រាស់ ភូតភរ និងសន្យាខ្យល់ ច្រើនលើកច្រើនសារពេក ដែលធ្វើឱ្យអ្នកដើរតាមអស់ជំនឿ និងចាកចេញជាបន្តបន្ទាប់។ ជាក់ស្តែងការជួបជុំ ដែលរៀបចំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នៅក្រុងបារីសប្រទេសបារាំងថ្មីៗនេះ គឺមានអ្នកចូលរួមតិចតួចមែនទែន បើទោះបីជាខំប្រមែបម្រូលមនុស្ស មកពីបណ្តារដ្ឋជាច្រើន នៃបណ្តាប្រទេសនានា ដែលនៅជាប់ប្រទេសបារាំងក្តី ប៉ុន្តែចំនួនអ្នកចូលរួមវិញ គឺស្តួចស្តើង និងស្ទើរតែមិនគួរឱ្យជឿ។
ការធ្លាក់ចុះយ៉ាងគំហុកនូវប្រជាប្រិយភាពរបស់ទណ្ឌិតក្បត់ជាតិនេះដែរ គឺបានធ្វើឱ្យសំដីរបស់ទណ្ឌិតរូបនេះ កាន់តែសាបទៅៗ លែងមានគេស្តាប់ និងជឿ ទោះបីជាសាមីខ្លួនព្យាយាមអួតបំប៉ោងយ៉ាងណា ក៏មិនអាចស្តារប្រជាប្រិយភាព និងតម្លៃខ្លួនមកវិញបានដែរ។ អ្វីដែលរឹតតែគួរឱ្យអាម៉ាស់ និងអស់សំណើចបំផុតនោះ គឺទណ្ឌិតរត់ចោលស្រុក បានចោទប្រកាន់បុរសខ្លាំង ហ៊ុន សែន ថា បានរៀបចំល្បិចក្នុងការបំផ្ទុះសង្គ្រាមជាមួយប្រទេសឡាវ ដើម្បីបង្វែរការចាប់អារម្មណ៍ ពីវត្តមានរបស់ខ្លួន ដែលត្រៀមនឹងវិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។ ទណ្ឌិតអស់ផ្លូវដើររូបនេះ គិតថា ឡាវនឹងបើកឱ្យខ្លួនបានចូលមកទឹកដីកម្ពុជាវិញ ជាថ្នូរនឹងជម្លោះព្រំដែនជាមួយកម្ពុជា។ ការលើកឡើងបែបនេះ តើទណ្ឌិតក្បត់ជាតិ មានប្រើខួរក្បាលដើម្បីពិចារណាឬអត់? ឬគ្រាន់តែថាតាមអ្នកវិភាគ ហៃអើលើកជើងខ្លួន? អ្វីដែលគាត់លើកមកនេះ ធ្វើឱ្យគេឆ្ងល់ថា តើតម្លៃខ្លួនរបស់ទណ្ឌិត សម រង្ស៊ី វាសាកសមទេ ដែលឱ្យប្រទេសជិតខាងរបស់កម្ពុជាមួយ ហ៊ានដោះដូរជា​មួយ​នឹងភាពល្អក់កករ ផ្នែកទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ និងជាពិសេសគឺផលប៉ះពាល់នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ? តើទណ្ឌិតក្បត់ជាតិ រាល់ថ្ងៃហ្នឹងមានតំលៃ ឱ្យប្រទេសឡាវ ថៃ ឬ វៀតណាម មកថ្លឹងជាមួយតំលៃនៃទំហំពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេសនឹងប្រទេសដែរឬទេ? តើប្រទេសជិតខាងកម្ពុជា សុខចិត្តឱ្យទណ្ឌិតក្បត់ជាតិម្នាក់ ប្រើទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានក្នុងការត្រឡប់ចូលមកកម្ពុជាវិញហ្នឹង វាចំណេញអ្វីដល់គេ? ប្រទេសជិតខាងកម្ពុជា ដែលមានឡាវ ថៃ វៀតណាម គឺសុទ្ធតែជាសមាជិកអាស៊ាន ដូចកម្ពុជាដែរ ដូច្នេះតើគេសុខចិត្តយករឿង សម រង្ស៊ី មួយហ្នឹងធ្វើឱ្យប៉ះពាល់ និងបែកបាក់គោលការណ៍ កុងសង់ស៊ីសនៃអាស៊ាន និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដូចគ្នា ដែរឬទេ? ប្រាកដណាស់គឺវាមិនអាចទៅរួចទេ។
មួយវិញទៀត គឺចាប់ពីថ្ងៃទី១២-១៣ខែកញ្ញានេះ នាយករដ្ឋមន្ត្រីឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ តាមការគ្រោងទុក នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនក្នុងដំណើរទស្សនកិច្ចនេះ។ តាមព័ត៌មានច្បាស់ការដែលទទួលបាន ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ នឹងត្រូវចុះហត្ថលេខាផងដែរ គឺការលក់ថាមពលអគ្គិសនីពីប្រទេសឡាវមកឱ្យកម្ពុជាដែលមានទំហំ 2400 មេហ្គាវ៉ាត់។ ហើយដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏ច្រើននេះ ប្រទេសឡាវបានដំឡើងរោងចក្រផលិតថាមពលអគ្គិសនីបន្ថែមចំនួន២ទៀត ដែលមានតំលៃជាង ៤.៩ពាន់លានដុល្លារ ក្នុងកុងត្រារយៈពេលជាង៣០ឆ្នាំ។ ចុះងាកមកតម្លៃខ្លួនរបស់ទណ្ឌិត សម រង្ស៊ី វិញ មានតម្លៃស្នើហ្នឹងទំហំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរឬទេ? នៅលើពិភពលោកនេះ ប្រទេសណាក៏ដូចប្រទេសណាដែរ មេដឹកនាំគេនិយាយគ្នាតែអំពីផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម តែប៉ុណ្ណោះ។ គេមិនដែលខ្យល់ខ្វាយពីទណ្ឌិតម្នាក់ ឬបក្ខពួកមួយតំបរស្វានោះទេ។ ប្រទេសជិតខាងកម្ពុជា គេមិនភ្លើទៅដោះដូរផលប្រយោជន៍របស់ជាតិ និងប្រជាជនគេ ដើម្បីជួយការពារទណ្ឌិតដែលក្បត់ជាតិឡើយ។ បើនិយាយឱ្យចំទៅ ទណ្ឌិត សម រង្ស៊ី អត់មានផលចំណេញ ឬប្រយោជន៍អ្វី សម្រាប់គេធ្វើការដោះដូរ ឬជ្រោមជ្រែងនោះទេ។
ដូច្នេះហើយខ្ញុំយល់ថា ទណ្ឌិតរត់ចោលស្រុក គួរតែរៀនវិភាគពីបញ្ហាសេដ្ឋកិច្ច​ពាណិជ្ជកម្មផង ព្រោះលោកខ្លួនឯងធ្លាប់អួតថា ខ្លួនជាអ្នកជំនាញរៀនចប់ផ្នែកសេដ្ឋកិច្ចនៅបរទេស​ គួរតែយល់ហើយថា តម្លៃខ្លួនត្រឹមទណ្ឌិតក្បត់ជាតិម្នាក់ គឺវាមិនសាកសមនឹងការដោះដូរជាមួយទំហំពាណិជ្ជកម្ម ចំណងការទូត និងផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសមួយឡើយ។ ទណ្ឌិតក្បត់ជាតិប្រហែលជាយល់ច្រឡំថា ការដែលខ្លួនហូបម្ហូបថ្លៃៗ អាចធ្វើឱ្យតម្លៃខ្លួនរបស់គាត់នឹងខ្ពស់ដូចមុខម្ហូបដែរ។ ប៉ុន្តែទោះបីជាខំហូបម្ហូបថ្លៃៗប៉ុណ្ណា ក៏តម្លៃខ្លួនរបស់​​ទណ្ឌិតក្បត់ជាតិ លែងមានហាងឆេងទៀតដែរ។ ហើយក៏សុំកុំយកគំនិតរាក់កំផែលបែបនេះ មកពិពណ៌​នា​អួតគេទៀត នាំតែខ្មាស់គេទេ។ ឈប់បានឈប់ទៅ ការយកគំនិតកំប៉ិកកំប៉ុក មកវិភាគបែបគួរឱ្យអស់សំណើចបែបនេះ។ វាមិនអាចទៅរួចទេ! ប្រៀបដូចជាព្រះអាទិត្យដែលគ្មានថ្ងៃនឹងរះ ពីទិសខាងលិចដូច្នេះដែរ៕
ដោយ៖ ស ជាតិ



No comments:

Post a Comment