Thursday, September 12, 2019

កម្ពុជាមានភាពលេចធ្លោក្នុងចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

បន្ទាប់ពីបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េរួចមក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិនៅ ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចសន្ទនា ការពារជាតិនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េជាបន្តទៀត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូលឆ្នាំ២០១៩នេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញផ្នែកសន្តិសុខមកពី៥៦ប្រទេស និង៦ អង្គការអន្តរជាតិ បានចូលរួមក្នុងវេទិការ។ កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមទិសស្លោក ការកសាងសន្តិភាពរួមគ្នា ភាពប្រឈម និងទស្សនវិស័យ។
នៅក្នុងពិធីបើកកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល លោក ចុង ឃីអ៊ុងឌូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងពីការកសាងសមត្ថភាពកងទ័ពឲ្យបានខ្លាំង ដើម្បីធ្វើជាខ្នងបង្អែក នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពក្នុងឧបទ្វីបកូរ៉េ។ ចំណែកឯនៅក្នុងសន្ទរកថារបស់ លោក លី ណាក់ យុន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំអោយឲ្យបន្តនូវការរៀបចំឡើងវិញ ចំពោះកិច្ចសន្ទនា វ៉ាស៊ីនតោន ព្យុងយ៉ាង ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដែលអាចផ្ដល់នូវការបង្កើតសន្តិភាពពេញលេញ នៅក្នុងឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល នាឱកាសនោះដែល លោក រ៉ាណាត់ ស៊ីង រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានចូលរួមបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង និងបានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងជើង បន្តគាំទ្រសន្តិភាព និងកាត់បន្ថយអាវុធនុយក្លេអ៊ែរ។
នៅក្នុងកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល ឆ្នាំ២០១៩ នោះ មានប្រធានបទសំខាន់សំខាន់ជាច្រើនដែលដែលបណ្តាលប្រទេស បានចូលរួមក្នុងកិច្ចសន្ទនានេះ បានលើកយកពិភាក្សា នៅក្នុងនោះរួមមាន៖ ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិភាពនៅអាស៊ីភាគ ឥសាន ការប្រឈម និងភារកិច្ច ប្រតិបត្តិការរក្សាសន្តិភាព អន្តរជាតិ និងជំនួយមនុស្សធម៌ យុទ្ធសាស្ត្រការពារជាតិ និងការគ្រប់គ្រងវិបត្តិក្នុងសន្តិសុខលំហអាកាស។
សូមបញ្ជាក់ថា កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលមានសារៈសំខាន់ណាស់សម្រាប់ សន្តិសុខក្នុងតំបន់។ កិច្ចសន្ទនាក្នុងឆ្នាំ ២០១៩ នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីថ្នាក់ដឹកនាំ នៃសាធារណរដ្ឋកូរ៉េ ដែលនៅក្នុងពិធីបើកកិច្ចសន្ទនា មានរដ្ឋមន្ត្រីការពារជាត និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ បានថ្លែងយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់ខ្លួនលើបញ្ហាសន្តិសុខក្នុងតំបន់។

ចំពោះអ្នកចូលរួមមានកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល មានថ្នាក់រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ថ្នាក់ដឹកនាំយោធា និងសន្តិសុខ នៃបណ្ដាប្រទេសសំខាន់ៗ ដែលមានការចាប់អារម្មណ៍លើបញ្ហាសន្តិសុខ ដែលកំពុងប្រឈមនាពេលនេះ។ បញ្ហាសំខាន់មួយទៀត គឺកម្ពុជាយើងបានចូលរួមយ៉ាងសកម្ម និង ដើរតួជាកណ្ដាលរបស់អាស៊ាន និងចូលរួមចំណែកគ្រប់សកម្មភាពរបស់អាស៊ាន ពិសេសភាពលេចធ្លោនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ៕


No comments:

Post a Comment