Monday, August 05, 2019

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងសង្កាត់អូរតាវ៉ៅ

ប៉ៃលិន៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោក ផាន់ ចាន់ធុល អភិបាលខេត្ត និងលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភជូន ប្រហុក សំលៀកបំពាក់ មុងជ្រលក់ថ្នាំ វ៉ែនតា និងកាត់សក់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ចំនួន៣៥០គ្រួសារ នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិភ្នំដំបង និងភូមិអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងពិធីនោះលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប
ថ្វីត្បិតតែអំណោយ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ តាមទិសស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំ ស្រឡាញ់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺដម្កាត់ផ្សេងៗ ដោយត្រូវរស់នៅស្អាត ហូបស្អាត និងមានអនាម័យល្អ ជាពិសេសត្រូវប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម ជម្ងឺគ្រុនចាញ់ គឺត្រូវសម្រាន្តក្នុងមុងជ្រលក់ថ្នាំជានិច្ច ហើយករណីមានជម្ងឺ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបំផុត។
លោក អ៉ី ឈាន បានលើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យ។
លើសពីនោះលោក អ៉ី ឈាន ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស ជាពិសេសចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕



No comments:

Post a Comment