Monday, August 05, 2019

សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៧ នាំយកអំណោយជាថវិកា និង សម្ភារៈសិក្សាចែកសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន៣នៅស្រុកជលគិរី

កំពង់ឆ្នាំង៖ សមាជិកព្រឹទ្ធសភាពមណ្ឌលភូមិភាគ៧ ដឹកនាំដោយលោក សាយ បូរិន និង លោក អ៊ឹង លាងហួរ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ បាននាំយកអំណោយ ជាសម្ភារៈសិក្សានិងថវិកា របស់លោក លីម សុខា និងលោកស្រី កែវ សុអ៊ីម និង លោក នួន សុខ យកទៅចែកជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស នៅសាលាបឋមសិកស្សាព្រៃគ្រីជើង ព្រៃគ្រីត្បូង និង សាលបឋមសិក្សាកោះធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក លីម សុខា នាយកក្រុមហ៊ុសុខាមង្គល ជាសប្បុរសជនបានមានប្រសាសន៍ថា ការចែកជូននូវសម្ភារៈសិក្សា និងថវិកា ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនាពេលនេះ គឺកិច្ចការមនុស្សធម៌មួយដែលតែងតែបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និង អាណាព្យាបាលសិស្សដែលខ្វះខាតនូវសំភារៈសិក្សាសម្រាប់មកសាលារៀន ក៏ដូចជាការលើកទឹកចិត្តអោយសិស្សានុសិស្សបន្ត ខិតខំប្រឹងប្រែង រៀនសូត្រ សម្រាប់ខ្លួនឯងនិងសង្គមជាតិ និង សម្រេចអោយបាននូវគោលដៅនៃការសិក្សារបស់ខ្លួននាពេលខាងមុខ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សាយ បូរិន និងលោក អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភាពមណ្ឌលភូមិភាគ៧ បានមានប្រសាសន៍កោតសរសើរដល់លោកគ្រូអ្នកគ្រូ ដែលតែងតែបង្រៀន និង លើកទឹកចិត្តដល់សិស្សានុសិស្សខិតខំរៀនសូត្រ យកចិត្តទុកដាក់ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ ជាពិសេសចំពោះការបណ្ដុះបណ្ដាលទៅលើសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនេះ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ។
លោកបានបញ្ជាក់ទៀតថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាសកម្មភាពនៃការចូលរួមនៅក្នុងកិច្ចការសង្គមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចែករំលែកនូវធនធានដែលមានអោយបានដល់អ្នកដែលជួបការលំបាក ខ្វះខាត ដែលបង្ហាញអោយឃើញពីការជួយគ្នាទៅវិញទៅមក សាមគ្គីគ្នា នៅក្នុងសង្គមកម្ពុជា ដែលកំពុងស្ថិតនៅក្រោមដំបូលនៃសន្តិភាព ។
លោកបានអំពាវនាវអោយក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ អោយក្លាយខ្លួនជា សិស្សល្អ កូនល្អ ជាធនធានល្អមួយក្នុងសង្គម ហើយចៀសវាងអំពើអប្យាយមុខនានានៅក្នុងសង្គម។
អំណោយដែលត្រូវចែកជូនាពេលនេះដល់សិស្សានុសិស្សនាពេលនេះ ក្នុងម្នាក់ទទួលបាន កាតាបមួយ សៀវភៅ៥ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម ថវិការ៥០០០រៀល ។ ចំណែក លោកគ្រូ អ្នកគ្រូ ដែលចូលរួម ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រម៉ា,សារុង១ សម្ភារៈសិក្សាទាំងនេះ ជាអំណោយរបស់ក្រុមហ៊ុន សុខាមង្គល និង លោក នួន សុខ និងលោក សាយ បូរិន និង លោក អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភាពមណ្ឌលភូមិភាគ៧ ៕







No comments:

Post a Comment