Wednesday, July 10, 2019

លោក ម៉ឹង សំផន ប្រជុំក្រុមការងារឆ្លើយតបសង្គ្រោះបន្ទាន់ក្រសួងការពារជាតិ

ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៃគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំនារសៀលថ្ងៃទី៨ ខែកក្កដា ដើម្បីត្រួតពិនិត្យលើកម្លាំង និងមធ្យោបាយដើម្បីត្រៀមឆ្លើយតបជួយសង្គ្រោះ គ្រោះមហន្តរាយ ដែលកិច្ចប្រជុំបានធ្វើឡើងស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ។
ក្នុងនាមក្រសួងការពារជាតិ លោក ម៉ឹង សំផន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងឯកភាពកងពល និងស្ថាប័នជំនាញនៃ ខ.ភ.ម ដែលបានចូលរួម ជួយសង្គ្រោះគ្រោះមហន្តរាយនៃការបាក់រលំអគារនៅក្រុងព្រះសីហនុនាពេលថ្មីៗនេះ។ លោក បានបន្តថា ក្រសួងការពារជាតិបាន និងកំពុងធ្វើការកែទម្រង់កងទ័ពឲ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមបំរុងជារៀងរាល់ឆ្នាំនូវកម្លាំង សម្ភារៈឧបករណ៍ និងមធ្យោបាយ ដើម្បីឆ្លើយតបជួយសង្គ្រោះចំពោះគ្រោះមហន្តរាយ និងជម្ងឺឆ្លងផ្សេងៗ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
លោក ម៉ឹង សំផន បានបញ្ជាក់ថា នៅពេលគ្រោះមហន្តរាយកើតឡើង មានតែកម្លាំងកងទ័ពទេ ដែលជាអ្នកឈានមុខគេ និងជាស្នូលនៅក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងជនរងគ្រោះនោះ។ លោក បានមានប្រសាសន៍ដែរថា រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចមានការរីកចម្រើនជាទីមោទនៈ។
ក្នុងនោះបានដាក់ចេញ គោលនយោបាយ និងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង មានប្រទេសវៀតណាម ឡាវ និងប្រទេសថៃ ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកើតឡើងនៅតាមបណ្តោយព្រំដែន។
លោក ម៉ឹង សំផន បានគូសបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងការពារជាតិកម្ពុជា និងវៀតណាម នឹងធ្វើលំហាត់សមយុទ្ធរួមគ្នា លើការជួយសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តាយព្រំដែន នៃប្រទេសទាំងពីរ ហើយកម្មវិធីនេះអនុវត្តនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ភាគីវៀតណាម ក៏នឹងជួយសាងសង់មណ្ឌលសុខភាពមួយកន្លែងដល់កម្ពុជា សម្រាប់ជួយសង្គ្រោះសារធាតុគីមី ដែលនៅសេសសល់តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម នាសម័យសង្គ្រាម ៕





No comments:

Post a Comment